ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ម្រេច​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​​ (GI) និង​ម្រេច​មិនមែន GI ​សរុប ១៤ ៥៦១,៦២ ​តោន​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ កើន​ជិត ៤ ដង (៣៩៨,៦៧ ភាគរយ​) បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ទិន្នន័យ​បង្ហាញថា កម្ពុជា​បាន​នាំចេញ​ម្រេច​ទៅ​គោលដៅ​ចំនួន​ ១៦ ​ប្រទេស ទាំង​ទ្វីប​អាស៊ី និង​អឺរ៉ុប​ក្នុង​នោះ​ប្រទេស​វៀតណាម​ជា​ទីផ្សារ​ម្រេច​ឈានមុខ​គេ ១៤ ២៩២,៤៩ តោន និង​តាម​ពីក្រោយ​ដោយ​ទីផ្សារ​របស់​ប្រទេស​អាល្លឺម៉ង់​ ១៦០,៥៧ តោន​។

ក្រៅពីនេះ​រួមមាន ប្រទេស​បែលហ្ស៊ិក មាន ១០,៦៣ ​តោន កាណាដា ០,៥២ ​តោន ឆែក ៦,១០ ​តោន បារាំង ១៩,១ ​តោន ឥណ្ឌា ៤២ ​តោន ជប៉ុន ២,៥៨ តោន កូរ៉េ ១,៥៥ ​តោន ប៉ូឡូញ ៧,៩ ​តោន រុស្ស៊ី ០,១៣ ​តោន ស៊ុយអែត ១,២៩ ​តោន ស្វ៊ីស ០,៤៨ ​តោន កោះ​តៃវ៉ាន់ ១៥ តោន អង់គ្លេស ១,២៤ ​តោន អារ៉ាប់ ០,០១ និង​អាមេរិក ១,៧៥ ​តោន​។

លោក ម៉ាក នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៨ ខែកក្កដា​ថា ទាំង​តម្រូវការ និង​តម្លៃ​ម្រេច​ចាប់ផ្តើម​មាន​ភាពល្អប្រសើរ​នៅ​ដើម​ឆ្នាំនេះ​ដោយហេតុថា​ទិន្នផល​ម្រេច​នៅក្នុង​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ផលិត និង​នាំចេញ​ម្រេច​ធំ​មួយ​នៅក្នុង​តំបន់​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

លោក​ប្រាប់ទៀតថា​៖ «​តម្លៃ​ម្រេច​អាច​នឹង​មាន​ភាពល្អ​ប្រសើរ ដោយសារ​ទិន្នផល​ម្រេច​របស់​វៀតណាម​ធ្លាក់ចុះ​ដែល​វៀតណាម​នឹងធ្វើ​ការបញ្ជាទិញ​ពី​កម្ពុជា​ដើម្បី​បំពេញ​ស្តុក​របស់ខ្លួន អ៊ីចឹង​តម្លៃ​ម្រេច​នឹង​ល្អ​ពី​ឆ្នាំនេះ​តទៅ ហើយ​ខ្ញុំ​សង្ឃឹមថា​កសិករ​ក៏​នឹង​ចាប់ផ្តើម​ថែទាំ​ម្រេច​ឡើងវិញ​»​។

លោក​បានឱ្យ​ដឹងថា បច្ចុប្បន្ន ម្រេច​មិនមែន GI មានតម្លៃ​កើនឡើង​បន្តិច​ក្នុង​រង្វង់ ១៤ ០០០ រៀល​ ក្នុង​ ១ ​គីឡូក្រាម​ (​ឆ្នាំមុន ១០ ០០០ រៀល​)​។

លោក​បន្ថែមថា​៖ «​សមាជិក​របស់​សហព័ន្ធ​នៅតែ​បន្ត​បញ្ជា​ទិញ​ម្រេច​ពី​កសិករ​តាម​ផែនការ​របស់គាត់ ប៉ុន្តែ​ពួកគាត់​មាន​ឧបសគ្គ​ដោយ​តម្លៃ​ដឹកជញ្ជូន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ពិសេស​ការដឹកជញ្ជូន​តាម​សមុទ្រ​ឡើងថ្លៃ​ ៣ ​ដង​នាពេលនេះ​»​។

ចំណែក​តម្លៃ​ម្រេច​កំពត GI មិនមាន​ការប្រែប្រួល​នោះទេ​គឺ​ម្រេចខ្មៅ​ថ្លៃ​ ១៥ ​ដុល្លារ ម្រេច​ក្រហម​ថ្លៃ ២៥ ​ដុល្លារ និង​ម្រេចស​មានតម្លៃ ២៨ ​ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម​។ នេះ​បើតាម​លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត GI​។

លោក ងួន ឡាយ បាន​បន្តថា បរិមាណ​ម្រេច​កំពត ៧០ តោន​ត្រូវបាន​ទិញ​ដោយ​ក្រុមហ៊ុន​នាំចេញ​កាលពី​ឆ្នាំ​ ២០២០​។ សព្វថ្ងៃ​ម្រេច​កំពត​ត្រូវបាន​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​ជាង ៥០ ភាគច្រើន​ស្ថិតនៅ​ទ្វីបអឺរ៉ុប​។

កម្ពុជា​បាន​នាំចេញ​កសិផល​ចំនួន​ជិត ៤,៥ ​លាន​តោន​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ កើនឡើង​ជិត ៨៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ និង​ទទួលបាន​ចំណូល​ជាង​ ២,៥៧ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ផលិតផល​កសិផល​សំខាន់ៗ​ដែល​កម្ពុជា​នាំចេញ​មានដូចជា អង្ករ ស្រូវ ចេក​ស្រស់ ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត សណ្តែកសៀង សណ្តែកបាយ ប្រេងដូង ថ្នាំជក់ ម្ទេស និង​បន្លែ​ចម្រុះ ជាដើម​៕ LA