
សូមរីករាយជាមួយនឹងភាពអស្ចារ្យនៃពេលវេលាដ៏រុងរឿងរបស់ប្រទេសកម្ពុជាជាមួយនឹងការស្នាក់នៅក្នុងអតីតព្រះរាជដំណាក់សម្រាកលំហែរបស់ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នៅឯសណ្ឋាគារ អាម៉ាន់សារា។ ភ្ញៀវអាចភ្លក្សរសជាតិម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ នៅបន្ទប់ Dining Room ដែលជាអតីតរោងភាពយន្តរបស់ព្រះមហាក្សត្រ។
ភ្ញៀវអាចហែលទឹកលេងនៅក្នុងអាងហែលទឹកឯកជនរបស់ខ្លួន និងទទួលនូវភាពស្រស់ស្រាយនៃការសម្រួលសសៃនៅបន្ទប់ស្ប៉ារបស់អាម៉ាន់សារា និងរីករាយជាមួយទេសភាពដ៏ស្រស់ត្រកាលនៃតំបន់អង្គរដ៏ស្ងប់ស្ងាត់ ដែលគេអាចគយគន់ព្រៃព្រឹក្សាដុះព័ទ្ធជុំវិញប្រាងប្រាសាទដ៏អស្ទារ្យ។
មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែលជារាទីក្រុងវប្បធម៌របស់ប្រទេសកម្ពុជា សណ្ឋាគារ អាម៉ាន់សារា ស្ថិតនៅចំងាយត្រឹមតែ ១០ នាទីប៉ុណ្ណោះពីច្រកចូលប្រាសាទអង្គរវត្ត។ ធ្លាប់ជាអតីតព្រះរាជដំណាក់ស្នាក់លំហែរបស់ សម្តេចព្រះ នរោត្តមសីហនុ បច្ចុប្បន្នសណ្ឋាគារដ៏ប្រណីតនេះមានបន្ទប់សម្រាកលំហែចំនួន ២៤ បន្ទប់ប្រកបដោយភាពស្ងប់ស្ងាត់ ជាមួយនឹងបរិយាកាសដ៏មានផាសុកភាព។ មានចម្ងាយត្រឹមតែ ១៥ នាទីពីអាកាសយានដ្ឋានខេត្តសៀមរាប សណ្ឋាគារ អាម៉ាន់សារា ផ្តល់នូវភាពងាយស្រួលក្នុងការដើរទស្សនាប្រាង្គប្រាសាទអង្គរវត្ត ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

អាម៉ាន់សារា រួមបញ្ចូលពាក្យសំស្ក្រឹត «សន្តិភាព» ជាមួយពាក្យ «អប្សរា» ដែលមានចារនៅក្នុងសាស្ត្រាហិណ្ឌូបុរាណ។ ធ្លាប់ត្រូវបានគេស្គាល់ឈ្មោះជា Villa Apsara និងធ្លាប់ជាកន្លែងសម្រាកលំហែរបស់ព្រះមហាក្សត្រសណ្ឋាគារ អាម៉ាន់សារា ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៦២ ដោយស្ថាបត្យករបារាំង លោក Laurent Mondet។
លក្ខណៈពិសេសនៃសណ្ឋាគារនៅទស្សវត្ស ៦០ មួយនេះ មានផ្ទះឈើសម្រាកលំហែចំនួន ១២ ព័ទ្ធជុំវិញដោយអាងហែលទឹករាងកោងដ៏ស្រស់ស្អាត និងមានម្លប់ដ៏ត្រជាក់។ Aman បានទិញយកអចលនទ្រព្យនេះ នៅក្នុងឆ្នាំ ២០០២ ហើយបានជួសជុលឡើងវិញយ៉ាងយកចិត្តទុកដាក់បំផុត។ សណ្ឋាគារ អាម៉ាន់សារា បានបើកដំណើរការនៅខែធ្នូ ឆ្នាំ ២០០២។
សព្វថ្ងៃ អាម៉ាន់សារា មានបន្ទប់គេងចំនួន ២៤ ដែលមានទីធ្លាលក្ខណៈឯកជន និងមានអាងហែលទឹកឯកជនចំនួន ១២។ អាងហែលទឹកឯកជននោះ គឺមានទំហំ ៦x៥ ម៉ែត្រ។ មានការរចនាស្រដៀងគ្នាដោយបន្ទប់នីមួយៗ មានទំហំធំទូលាយ ជាមួយនឹងកម្រាលឈើរាបស្មើរដ៏ភ្លឺរលោង។

បន្ទប់គេង និងកន្លែងអង្គុយលេងគឺមានទំហំធំ (king-size bed) និងមានតុអង្គុយសរសេរដ៏ធំ ១ រួមនឹងសាឡុងមួយឈុត។ ហើយក៏មានកន្លែងសម្រាប់ផ្លាស់សម្លៀកបំពាក់ និងកន្លែងបរិភោគអាហារផងដែរ។ ដើរតែពីរបីជំហានគឺបន្ទប់ទឹកដែលមានទ្វារកញ្ចក់រហូតដល់ពិដាន។ បន្ទប់ទឹកមានទូកញ្ចក់ភ្លោះដ៏ស្រស់ស្អាត មានអាងងូតទឹកដ៏ធំទូលាយហើយកន្លែងងូតទឹក និងបង្គន់គឺនៅដាច់ពីគ្នា។
ដើរតែបន្តិចពីបន្ទប់ស្នាក់នៅដ៏ប្រណីត គឺទៅដល់អាងហែលទឹកធំ ដែលមានប្រវែង ១៧ ម៉ែត្រ និងនៅជិតកន្លែងបរិភោគអាហាររាងជារង្វង់។ ភោជនីដ្ឋាននេះមានបម្រើជូននូវមុខម្ហូបបែបខ្មែរ និងម្ហូបបែបលោកខាងលិចលើសពីនេះទៀត ក៏មានកន្លែងញុំាស្រាផងដែរ។
ភ្ញៀវអាចកម្មង់នំខេកដែលដាក់តាំងបង្ហាញ និងអាចជ្រើសរើសញ៉ាំអាហារនៅជុំវិញអាងហែលទឹក ឬក្នុងបន្ទប់គេងក៏បាន។ សម្រាប់ជាន់លើដំបូល ភ្ញៀវអាចទៅកម្សាន្តនៅពេលព្រឹកព្រលឹម ឬពេលល្ងាច ឬអាចបរិភោគអាហារពេលល្ងាចជាលក្ខណៈឯកជន។ វាក៏ជាកន្លែងដ៏ស្ងប់ស្ងាត់សម្រាប់ហាត់យូហ្គា ឬអង្គុយសមាធិ ជាពិសេសនៅពេលថ្ងៃរះ។
ហើយអ្វីដែលមិនអាចមើលរំលងទៀតនោះ គឺកន្លែងស្ប៉ាដ៏មានផាសុកភាព ភ្ញៀវអាចគយគន់ ទេសភាពព្រៃព្រឹក្សាតាំងពីសម័យបុរាណដ៏ស្រស់ស្អាត។ មានបន្ទប់ស្ប៉ាចំនួន ៤ ដែលបន្ទប់នីមួយៗមានកន្លែងសម្រាក ភ្ជាប់ និងបន្ទប់ស្ទីមលក្ខណៈឯកជន។

ចំពោះការស្ប៉ាគឺមានសេវាកម្មជាច្រើន ក្នុងនោះមានដូចជាម៉ាស្សា និងស្ប៉ាដើម្បីថែរក្សាសម្រស់ដោយប្រើបច្ចេកទេសរបស់ខ្មែរ និងប្រើផលិតផលស្ប៉ាធម្មជាតិផ្ទាល់ខ្លួន។ បន្ទប់ស្ប៉ា និងបន្ទប់សម្រាកភ្ញៀវអាចក្រឡេកមើលសម្រោលរូបចំលាក់លើជញ្ជាំងថ្មភក់ប្រវែង ៤៣ ម៉ែត្រដែលឆ្លុះទៅនឹងស្រះទឹក។
បរិក្ខារផ្សេងៗទៀត រួមមានអាងហែលទឹកប្រវែង ២៥ ម៉ែត្រ ស្ថិតនៅខាងក្រោយជញ្ជាំង ៦ ម៉ែត្រមានកន្លែងហាត់ប្រាណ មានបណ្ណាល័យ និងវិចិត្រសាលដ៏ស្រស់ស្អាតដែលបង្ហាញអំពីស្នាដៃ សិប្បកម្ម និងសិល្បៈក្នុងស្រុកដែលភ្ញៀវអាចទិញបាន។
មានផ្តល់ជូនដំណើរកម្សាន្តតាមប្រាង្គប្រាសាទ និងដំណើរកម្សាន្តតាមតម្រូវការជាច្រើនទៀត ដែលជាផ្នែកមួយនៃបទពិសោធន៍របស់ភ្ញៀវស្នាក់នៅសណ្ឋាគារ អាម៉ាន់សារា។ ការដើរកម្សាន្តដែលផ្តោតលើប្រាង្គប្រាសាទដែលស្ថិតនៅជុំវិញប្រាសាទអង្គរវត្តត្រូវបានធ្វើឡើងនៅពេលព្រឹក និងពេលរសៀលដោយប្រើរម៉កផ្ទាល់របស់អាម៉ាន់សារា ដោយយានជំនិៈនីមួយៗមានអ្នកបើកបរ និងមគ្គុទេសក៍ផ្ទាល់ខ្លួន។

សណ្ឋាគារអាម៉ាន់សារា រង់ចាំស្វាគមន៍ទាំងភ្ញៀវខ្មែរ និងបរទេសគ្រប់ពេលវេលា។ សូមរីករាយជាមួយនឹងការស្នាក់នៅរយៈពេល ២ យប់ដែលភ្ញៀវអាចចូលស្នាក់ និងចេញ តាមពេលវេលាដែលអាចបត់បែនបាន។ ហើយក៏មានសេវាកម្មថែទាំរថយន្ត និងបទពិសោធន៍គ្រួសារសម្រាប់ការស្នាក់នៅរយៈពេល ៣ យប់ ក្នុងនោះមានអាហារពេលល្ងាច សាច់អាំង និងការជិះកង់ទៅទស្សនាប្រាង្គប្រាសាទ។
សម្រាប់ការកក់ និងសាកសួរព័ត៌មានសូមចូលទៅកាន់គេហទំព័រ amansara.com ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ +៨៥៥ ៦៣ ៧៦០ ៣៣៣ ឬអ៊ីមែល amansara@aman.com៕

