ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ប្តូរ​ទីតាំង​សម្រាប់​ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​ ២០២២ (ATF 2022) ដែល​គ្រោង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​ ១៦-២២ ខែមករា ឆ្នាំ ២០២២ ទៅ​ធ្វើ​នៅ​ទីក្រុង​ព្រះសីហនុ​វិញ​។ នេះ​បើ​យោងតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។

លិខិត​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ​ប្រចាំការ​កាលពី​ថ្ងៃទី​ ៨ ខែកក្កដា ឱ្យ​ដឹងថា យោងតាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី​ ២២ ខែមិថុនា ឆ្នាំ​ ២០២១ រាជរដ្ឋាភិបាល​កម្ពុជា​យល់ព្រម​ឱ្យ​ក្រសួង​ទេសចរណ៍​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២២ តាម​ការកំណត់ ដោយ​ប្តូរ​ទីតាំង​ទៅ​ក្រុងព្រះសីហនុ​។

បើតាម​លិខិត​ខាងលើ​ក្នុង​កម្មវិធី​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២២ នឹងមាន​កម្មវិធី​សំខាន់ៗ​មួយចំនួន​ដូចជា កិច្ចប្រជុំ​ថ្នាក់​ស្ថាប័ន​ទេសចរណ៍​អាស៊ាន​ (NTO) កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ដោយផ្ទាល់ និង​ការតាំងពិព័រណ៍​ទេសចរណ៍​ (Travex) ខ្នាតតូច​ល្មម​ដែល​អាច​គ្រប់គ្រង​បាន​។

វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​ ២០២២ (ATF2022) រំពឹង​នឹងមាន​អ្នកចូលរួម​ជាង ២ ០០០ ​នាក់​មកពី​ជាង ២៥ ​ប្រទេស ព្រមទាំង​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ទេសចរណ៍ ថ្នាក់ដឹកនាំ​ផ្នែក​ទេសចរណ៍ វិនិយោគិន​ជាតិ និង​អន្តរជាតិ​។

កាលពីពេល​កន្លងទៅ វេទិកា​នេះ​គ្រោង​នឹង​រៀបចំ​ពីថ្ងៃ​ទី​ ១៧ ដល់​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ​ ២០២១ ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​ ដោយសារ​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​។

បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ​ ១៩៨១ វេទិកា​ទេសចរណ៍​អាស៊ាន (AFT) គឺជា​ព្រឹត្តិការណ៍​ដ៏ធំ ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ប្តូរ​វេន​គ្នា​រៀបចំ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍ និង​ធ្វើឱ្យ​តំបន់​អាស៊ាន​ក្លាយជា​គោលដៅ​ទេសចរណ៍​តែមួយ​ប្រកបដោយ​ភាពទាក់ទាញ​៕