ភ្នំពេញៈ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ «​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ដែល​គេ​រំពឹងថា​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការបង្កើន​សក្តានុពល​ប្រទេស​កម្ពុជា​ក្នុង​ការស្រូប​ទាញ​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុម័ត​ជា​ផ្លូវការ​ហើយ​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដឹកនាំ​ក្នុង​កិច្ចប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី​តាមរយៈ​ប្រព័ន្ធ​អនឡាញ (Zoom) នា​ព្រឹក​ថ្ងៃ​សុក្រ ទី​ ៩ ខែកក្កដា ឆ្នាំ​ ២០២១ នេះ​បាន​លើកឡើង​ថា សំណើ​ច្បាប់​នេះ គឺជា​មូលដ្ឋាន​គតិយុត្តិ​សម្រាប់​ទាក់ទាញ និង​ផ្តល់​វិសាលភាព​ដល់​វិនិយោគិន​ងាយស្រួល​ក្នុង​កិច្ច​វិនិយោគ​មក​កម្ពុជា​។ លោក​បន្តថា កម្ពុជា​យល់ឃើញ​ថា អ្នកវិនិយោគ​ត្រូវការ​សន្តិភាព ស្ថិរភាព ដែលជា​អាទិភាព​នៃ​ការសម្រេចចិត្ត​យក​កម្ពុជា​ជា​ទិសដៅ​វិនិយោគ ទោះជា​ស្ថានភាព​អន្តរជាតិ​ប្រឈម​ក្នុង​វិស័យ​នយោបាយ និង​ពាណិជ្ជកម្ម​យ៉ាងណាក៏ដោយ​»​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន បានឱ្យ​ដឹងថា សេចក្តី​ព្រាងច្បាប់​ស្តីពី​វិនិយោគ​នេះ គឺជា​សេចក្តី​ព្រាងច្បាប់​ថ្មី ដែល​ត្រូវបាន​ផ្តួចផ្តើម និង​ចង្អុលបង្ហាញ​ដោយ​ឯកសារ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥-២០២៥​។ សេចក្តី​ព្រាងច្បាប់​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្កើត​នូវ​ក្របខ័ណ្ឌ​គតិយុត្ត​ដែល​បើកចំហ​មាន​តម្លាភាព អាច​ប៉ាន់ប្រមាណ​ទុកជា​មុន​បាន ប្រកប​ដោយ​ភាពអំណោយផល​សម្រាប់​ការវិនិយោគ ដើម្បី​ទាក់ទាញ និង​លើកកម្ពស់​ការវិនិយោគ​ដោយ​បុគ្គល​សញ្ជាតិ​ខ្មែរ ឬ​បរទេស ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព និង​ប្រសិទ្ធផល សំដៅ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​នៅ​កម្ពុជា​។

លោក​ឱ្យដឹង​ទៀត​ថា ខ្លឹមសារ​សំខាន់ៗ​នៅក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ មានដូចជា ការបង្កើត​របប​លើកទឹកចិត្ត​វិនិយោគ ការធ្វើ​ទំនើបកម្ម ការបង្កើន​ផលិតភាព​នៃ​ឧស្សាហកម្ម​ក្នុងស្រុក ការពង្រឹង​ការតភ្ជាប់​ទៅក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​សកលលោក ការផ្ទេរ​បច្ចេកវិទ្យា ការបង្កើន​ភាពប្រកួត​ប្រជែង​របស់​កម្ពុជា ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និង​ការផ្តល់​ការការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​ដល់​វិនិយោគិន​នៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ​សេចក្តី​ព្រាង​ច្បាប់​នេះ ក៏មាន​ចែង​ពី​ការដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ ការធ្វើ​ប្រតិភូកម្ម​ទៅ​រដ្ឋបាល​រាជធានី ខេត្ត ការបំព្រួញ​ពេលវេលា​ក្នុង​ការចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី ការកាត់បន្ថយ​បន្ទុក​ដល់​វិនិយោគិន​ចំពោះ​កាតព្វកិច្ច​នៃ​អនុលោមភាព​ច្បាប់ (​ការចុះ​អធិការកិច្ច​របស់​ក្រសួង​ស្ថាប័ន​) ការបង្កើត​របប​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ (​ការលើក​ទឹកចិត្ត​មូលដ្ឋាន​, ការលើកទឹកចិត្ត​បន្ថែម និង​ការលើកទឹកចិត្ត​ពិសេស​)​។ សេចក្តី​ព្រាងច្បាប់​នេះ​បាន​ដាក់​បញ្ចូល​នូវ​កាតព្វកិច្ច​ជា​អន្តរជាតិ​មួយ​ចំនួន​របស់​កម្ពុជា ដើម្បី​បង្ហាញ​ដល់​វិនិយោគិន​ទាំងអស់​នូវ​ការប្តេជ្ញា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ការពារ​វិនិយោគ និង​ផ្តល់​ការធានា​ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ​នូវ​ប្រព្រឹត្តកម្ម​ដែល​មិន​រើសអើង ព្រមទាំង​ផ្តល់​សេវា​ថែទាំ​វិនិយោគ ជាដើម​។

នៅក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ដែល​កំពុង​ញាំញី​ពិភពលោក រួមទាំង​កម្ពុជា​ផង សេចក្តី​ព្រាងច្បាប់ ស្តីពី​វិនិយោគ​នេះ ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ធ្វើឱ្យ​កម្ពុជា​កាន់តែ​មាន​ភាពទាក់ទាញ​ចំពោះ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ការវិនិយោគ​ក្នុង​ស្រុក​។

បើ​យោងតាម លោក ស៊ីផាន ការងារ​សិក្សា​ស្រាវជ្រាវ និង​តាក់តែង​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​ធ្វើឡើង​យ៉ាង​ហ្មត់ចត់​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ (​ក. អ. ក)​។ នៅក្នុង​កិច្ចដំណើរការ​នៃ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​នេះ ក. អ. ក ក៏បាន​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​ផ្នែក​ឯកជន និង​អង្គ​ពាក់ព័ន្ធ​ផ្សេងទៀត​ជាច្រើនលើក​ច្រើនសា ដើម្បី​ធ្វើការ​ប្រមូល​ធាតុ​ចូល​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិស័យ​ឯកជន​រំពឹងថា ច្បាប់​វិនិយោគ​នេះ​នឹង​ឆាប់​ចូល​ជា​ធរមាន ព្រោះ​ច្បាប់​នេះ​នឹង​មាន​ភាពបត់បែន​ស្រប​នឹង​បរិបទ​ថ្មី​នៃ​ការវិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា និង​ការធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​។ ម្យ៉ាងទៀត​វា​ក៏​ត្រូវបាន​រៀបចំ​ឡើង​ក្នុងអំឡុង​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុងស្ថិត​ក្នុង​ភាពមិន​ច្បាស់លាស់​ដែល​បណ្តាល​មកពី​វិបត្តិ​សុខភាព​សកល​ជំងឺ​កូវីដ​ ១៩ ផងដែរ​។

យោងតាម​លោក លឹម ហេង កន្លងមក​វិស័យ​ឯកជន​ក៏​ធ្លាប់​បាន​ចូលរួម​ផ្តល់​ធាតុ​ចូល​នៅក្នុង​សេចក្តី​ព្រាងច្បាប់​នេះដែរ​។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ ១៧ ២១៥,៣៧ លាន​ដុល្លារ កើន ១៦,៧២ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន ១៤ ៧៤៨,៧៤ លាន​ដុល្លារ​៕