ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​នឹង​សហការ​ជាមួយ​ធនាគារ​វីង​ (​ខេមបូឌា​) ​ដើម្បី​ធ្វើការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាមបែប​ឌីជីថល​ជាមួយ​ថ្នាល​ទីផ្សារ​អេឡិចត្រូនិក Cambodiatrade.com របស់​ក្រសួង ដើម្បី​បង្កើន​ភាពងាយស្រួល និង​កាត់បន្ថយ​ពេលវេលា​ជូន​អតិថិជន និង​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ប្រទេស​កម្ពុជា​។

ផែនការ​នៃ​កិច្ចសហការ​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​ ៧ ខែ កក្កដា ឆ្នាំ​ ២០២១ ក្នុងជំនួប​រវាង​លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​លោក Manu Rajan នាយក​ប្រតិបត្តិ​នៃ​ធនាគារ​វីង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ (Zoom) ​ដើម្បី​ពិភាក្សា​គ្នា​ស្វែងរក​លទ្ធភាព​រៀបចំ​កិច្ចសហប្រតិបត្តិការ​ពី​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាមបែប​ឌីជីថល​របស់​ធនាគារ​វីង​។

លោកស្រី តឹករ៉េត កំរង បាន​ថ្លែងអំណរគុណ​ដល់​ធនាគារ​វីង ដែល​មាន​បំណង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​តាមរយៈ​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាម​បែប​ឌីជីថល​របស់​ធនាគារ​វីង និង​ថ្នាល​អេឡិចត្រូនិក​របស់​ក្រសួង​ពាណិជ្ជកម្ម Cambodiatrade.com​។

លោកស្រី​ថ្លែងថា​៖ «​ក្រសួង​ពាណិជ្ជកម្ម​រីករាយ​ក្នុង​ការធ្វើ​សហប្រតិបត្តិការ​ជាមួយ​ធនាគារ​វីង និង​ស្នើឱ្យ​ក្រុមការងារ​បច្ចេកទេស​ទាំង​ពីរ​សហការ​គ្នា​ឱ្យបាន​ល្អ​ ដើម្បី​ធានា​ឱ្យបាន​នូវ​ការតភា្ជប់​ប្រព័ន្ធ​ទូទាត់​តាម​បែប​ឌីជីថល​របស់​ធនាគារ​វីង និង​ថ្នាល​អេឡិចត្រូនិក CambodiaTrade ឱ្យ​ទទួលបាន​ជោគជ័យ​។

បើ​យោងតាម​ក្រសួង​ពាណិជ្ជកម្ម បច្ចុប្បន្ន​ផ្សារ​ខេមបូឌា ត្រេដ (CambodiaTrade) ត្រូវបាន​បើក​សម្រាប់​ការចុះឈ្មោះ​ជាបឋម​ជូន​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ដែលមាន​បំណង​ចង់​ដាក់លក់​ផលិតផល​នៅលើ​ថ្នាល​បច្ចេកវិទ្យា​នេះ​ទៅកាន់​អតិថិជន​ក្នុងស្រុក និង​ក្រៅប្រទេស​។

ក្រសួង​ពាណិជ្ជកម្ម​បាន​ដាក់ឱ្យ​ដំណើរការ Cambodia Trade កាលពី​ពាក់កណ្តាល​ខែមិថុនា កន្លងមក​ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ក្នុង​ការលក់​ផលិតផល​តាម​ប្រព័ន្ធ​អនឡាញ​ដល់​អតិថិជន​សក្តានុពល​ទាំង​ក្នុងស្រុក និង​ទីផ្សារ​ក្រៅ​ស្រុក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​។

ដើម្បី​មាន​សិទ្ធិ​ប្រើប្រាស់​ផ្សារ​នេះ​សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវតែ​បំពេញ​តាម​លក្ខន្តិកៈ​តម្រូវ គឺជា​ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ឬ​មាន​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​មាន​វិញ្ញាបនបត្រ​ពន្ធ​ប៉ាតង់ (Patent Certificate) និង​លេខ​អត្តសញ្ញាណ​សារពើពន្ធ​ (VAT Certificate) ​មាន​សុពលភាព និង​លក់​ផលិតផល​ដែល​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​។

អ្នកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការដាក់​ឱ្យ​ដំណើរការ​នេះ​ជា​ការគិតគូរ​ដ៏ល្អ​របស់​ក្រសួង​ក្នុង​ការលើក​ទឹកចិត្ត​ដល់​អ្នក​ផលិត​ក្នុង​ស្រុក​ឱ្យ​លក់​ផលិត​នៅលើ​ប្រព័ន្ធ​អនឡាញ​បាន​។

អ្នកស្រី​បាន​និយាយថា​៖ «​ខ្ញុំ​សង្ឃឹមថា វា​នឹង​ជួយ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ជំរុញ​ចែកចាយ​ផលិតផល​ខ្មែរ​ឱ្យ​បាន​កាន់តែ​ធំទូលាយ​នៅលើ​ទីផ្សារ ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​»៕ LA