ភ្នំពេញៈ ABA ដែលជា​ធនាគារ​ពាណិជ្ជ​ឈានមុខ​នៅ​កម្ពុជា​បានប្រកាស​ពី​ការពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការទទួល​យក​ពាណិជ្ជករ​ជាមួយ​ក្រុមហ៊ុន UnionPay ដែលជា​បណ្តាញ​ទូទាត់​សកល​ផ្តល់​សេវា​កាត​ទូទាត់​ធំជាងគេ​លើ​ពិភពលោក​។

ABA បានដាក់​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​ទូទាត់​ចរន្ត​ជិត Contactless POS ជាង ១ ០០០ ​ម៉ាស៊ីន នៅតាម​ពាណិជ្ជករ UnionPay នៅតាម​ហាង​អាហារ និង​ភេសជ្ជៈ ទីកន្លែង​កម្សាន្ត និង​ហាង​ទំនិញ​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ABA គឺជា​ធនាគារ​ចេញ​កាត​ច្រើន​បំផុត​មួយ​នៅ​កម្ពុជា ហើយ​បាននិងកំពុង​ចេញ​កាត UnionPay ចាប់​តាំងពី​ឆ្នាំ​ ២០១៥​។ ABA ក៏​កំពុង​ទទួលយក​ពាណិជ្ជករ​សម្រាប់​ក្រុមហ៊ុន UnionPay ចាប់តាំងពី​ឆ្នាំ​ ២០១៦ និង​ជា​ធនាគារ​ដែល​ទទួល​យក​ពាណិជ្ជករ UnionPay ដ៏ច្រើន​បំផុត​មួយ​នៅ​ប្រទេស​កម្ពុជា​។

លោកស្រី លាង ចិន្តា អ្នកគ្រប់គ្រង​ប្រចាំ​កម្ពុជា​របស់​ក្រុមហ៊ុន UnionPay International នៅ​តំបន់​អាស៊ីអាគ្នេយ៍ សង្កេតឃើញ​ថា ប្រជាជន​ខ្មែរ​បាន​ចាប់យក​ផលិតផល​ទូទាត់​នវានុវត្តន៍​ដូចជា ការទូទាត់​ចរន្ត​ជិត​ (Contactless) ការទូទាត់​អនឡាញ និង​ការទូទាត់​តាម​កូដ QR ២-៣ ​ឆ្នាំ​ហើយ​។ UnionPay ខិតខំ​ផ្តល់នូវ​ផលិតផល និង​សេវា​ទូទាត់​ដែល​ឆ្លើយតប​នឹង​ការផ្លាស់ប្តូរ​តម្រូវការ​សេវា​ទូទាត់​របស់​អតិថិជន និង​អាជីវកម្ម​។

លោកស្រី​និយាយថា​៖ «​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​អាច​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ដែលមាន​ចិត្ត​ដូចគ្នា និង​ជា​ធនាគារ​ឈានមុខ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឌីជីថល ដូចជា​ធនាគារ ABA ដើម្បី​ពន្លឿន​ការផ្លាស់ប្តូរ​របស់​ប្រទេស​កម្ពុជា​ទៅរក​សង្គម​ឌីជីថល​មួយ​»​។

លោក Sanzhar Abdullayev នាយក​គ្រប់គ្រង​កាត និង​សេវា​ទូទាត់​អេឡិចត្រូនិក​របស់ ABA និយាយថា៖ «​គំនិត​ផ្តួចផ្តើម​ក្នុង​ការដាក់​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​ទូទាត់​ចរន្ត​ជិត និង​កូដ QR របស់ UnionPay នៅតាម​ពាណិជ្ជករ​នានា​ប្រាកដ​ជាមាន​ផល​វិជ្ជមាន​ដល់​ការរស់នៅ​របស់​អតិថិជន​កម្ពុជា​។

លោក​បន្ថែមថា​៖ «​យើង​ជឿថា គំនិត​ផ្តួចផ្តើម​នេះ​នឹង​បង្កើន​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដ៏ទំនើប និង​លើក​ទឹកចិត្ត​ឱ្យ​ប្រើប្រាស់​សេវា​ទូទាត់​អេឡិចត្រូនិក​កាន់តែច្រើន ជាពិសេស​អំឡុងពេល​ការរីករាលដាល​កូវីដ​ ១៩»​។

ធនាគារ ABA បាននិង​កំពុង​ដាក់ឱ្យ​ប្រើប្រាស់​កូដ QR របស់ UnionPay សម្រាប់​ការទូទាត់​នៅតាម​ពាណិជ្ជករ​ជាង​ ១ ០០០ ​ទីតាំង នៅ​ហាង​ជួញដូរ​រាយ ហាង​អាហារ និង​ភេសជ្ជៈ ទីកន្លែង​កម្សាន្ត និង​ទីតាំង​ផ្សេងៗ​ជាច្រើន​ទៀត​នៅ​ប្រទេស​កម្ពុជា​។ ម្យ៉ាងវិញទៀត ABA ចាប់ផ្តើម​សេវា​ទទួលយក​ពាណិជ្ជករ​សម្រាប់​ក្រុមហ៊ុន UnionPay International នៅលើ​ប្រព័ន្ធ​ទូទាត់​អនឡាញ PayWay របស់ខ្លួន​នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០១៩៕