ភ្នំពេញៈ «កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន និង​ច្បាប់​ស្តី​ពី​ការ​ប្រកួត​ប្រជែង» ដែល​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​សមត្ថភាព​ផលិត និង​នាំ​ចេញ​ផលិតផល​កម្ពុជា​ទៅ​ផ្សារ​អន្តរជាតិ ពិសេស​ប្រទេស​ចិន ត្រូវ​រំពឹង​ថា​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២២ បន្ទាប់ពី​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភាជាតិ​កម្ពុជា ប្រកាស​គាំទ្រ​ទាំង​ស្រុង។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ដឹក​នាំ​គណៈប្រតិភូ​អន្តរ​ក្រសួង​ចូលរួម​កិច្ច​ប្រជុំ​ការពារ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​«ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-ចិន និង​ច្បាប់​ស្តីពី​ការ​ប្រកួត​ប្រជែង» ជាមួយ​លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា កាលពីថ្ងៃទី៨ ខែកក្កដា បាន​លើក​ឡើង​ថា ការ​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន និងច្បាប់ស្តីពី​ការ​ប្រកួត​ប្រជែង​នេះ ពិត​ជា​នឹង​ចូល​រួម​អនុវត្ត​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នីតិកាលទី​៦ នៃ​រដ្ឋសភា ស្រប​តាម​ចំណុច​ទី​៤ ស្តីពី​ការ​ពង្រឹង​សមត្ថភាព​កម្ពុជា ដើម្បី​បន្ត​សមាហរណកម្ម​ខ្លួន​ចូល​ក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភព​លោក។

លោក​បន្ត​ថា៖ «ជា​ពិសេស នៅ​ក្នុង​កាលៈទេសៈ​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ​១៩ ច្បាប់ទាំង ២ នេះនឹង​ជួយ​ដល់​យុទ្ធសាស្រ្ត​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ចកម្ពុជា ដែល​បាន​រង​ការ​ញាំញី​យ៉ាង​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូវីដ​១៩ ព្រម​ទាំង​ជួយ​ឱ្យ​មាន​ភាព​សាំ​នៃ​សង្គម-សេដ្ឋកិច្ច​ក្នុង​ប្រក្រតីភាព​ថ្មី​នៃ​សង្គម​កម្ពុជា តាម​រយៈ​កំណើន​នៃ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន និង​លំហូរ​វិនិយោគ​ចូល​មក​កម្ពុជា ដែល​នឹង​ជួយ​បង្កើត​ការងារ និង​ចំណូល​ជូន​ប្រជាពលរដ្ឋយើង»។

លោកស្រី និន សាផុន ប្រធាន​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា បាន​សម្តែង​ការ​គាំទ្រ​ទាំង​ស្រុង​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ទាំង ២ នេះ និង​បានកោត​សរសើរ​ចំពោះ​ក្រុម​ការងារ​ចរចា​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចប់​ការ​ចរចា​ប្រកប​ដោយ​ជោគ​ជ័យ និង​រំពឹង​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន និង​ច្បាប់​ស្តី​ពី​ការ​ប្រកួត​ប្រជែង នឹង​អាច​ចូល​ជា​ធរមាន​បាន​នៅថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ធ្លាប់​អះអាង​ថា ទំនិញ​កម្ពុជា​ជាង ៣០០ មុខ​អាច​នាំ​ទៅ​ចិន ដោយ​មិន​គិត​ពន្ធ​នៅ​ពេល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មនេះចូល​ជា​ធរមាន។ ក្នុង​ចំណោម​មុខ​ទំនិញ​ជាង ៣០០ នេះ គឺ​ផលិតផល​កសិកម្ម ៩៥ ភាគរយ​ត្រូវ​រួច​ពន្ធ​សម្រាប់​ការ​នាំ​ចេញ។

កម្ពុជា និង​ចិន គ្រោង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​បាន​ដល់ ១០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៣ ខាង​មុខ​នេះ។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ឆ្នាំ ២០២០ មាន​តម្លៃសរុប ៨ ១១៨,០៧ លាន​ដុល្លារ ធ្លាក់​ចុះ ៥,២ ភាគរយ​ធៀបឆ្នាំ ២០១៩។ ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ចិន​មាន​តម្លៃ ១ ០៨៦,២៦ លាន​ដុល្លារ កើនឡើង ៨,១១ ភាគរយ និងការ​នាំ​ចូល​មានតម្លៃ ៧ ០៣១,៨១ លានដុល្លារធ្លាក់ចុះ ៦,៩៧ ភាគរយ៕

វីដេអូ៖