ភ្នំពេញៈ អង្គការសម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) សង្ឃឹមថា ភាព​ជា​ដៃគូ​ជាមួយ​គម្រោង​សហគ្រិន​នារី​សកម្ម WE Act អង្គការសង្គម​ស៊ីវិល វិស័យឯកជន និងរដ្ឋាភិបាល នឹង​ជួយ​លើក​ទឹក​ចិត្ត​សហគ្រិន​ស្រ្តី​វ័យ​ក្មេង និង​យុវជន ឱ្យ​ពួកគេ​ទទួល​បាន​នូវ​បរិយាកាស​អាជីវកម្ម​កាន់​តែ​ប្រសើរ ពិសេស​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ANSA កាល​ពី​ថ្ងៃទី​៩ ខែ​កក្កដា ឱ្យ​ដឹង​ថា ក្នុង​អំឡុង​ខែ​មីនា ឆ្នាំ ២០២១ ដល់​ខែ​មីនា ឆ្នាំ ២០២២ អង្គការសម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ដែល​ផ្តល់​មូលនិធិ​ដោយ​ទី​ភ្នាក់ងារ​ជំនួយ​សហរដ្ឋ​អាមេរិក USAID តាម​រយៈ​គម្រោង​សហគ្រិន​នារី​សកម្ម WE Act របស់​អង្គការ​ផេក​កម្ពុជា បាន​និង​កំពុង​អនុវត្ត​គម្រោង «សំឡេង​សហគ្រិន​ស្រ្តី​វ័យ​ក្មេង និង​យុវជន ដើម្បី​បរិយាកាស​អាជីវកម្មកាន់​តែ​ប្រសើរ»។

គម្រោងនេះ មាន​គោល​បំណង​សំខាន់ៗ​ដូចជា ការ​បង្កើន​សមត្ថភាព​យុវជន និង​សហគ្រិន​ស្រ្តី​វ័យ​ក្មេង​ឱ្យ​ទទួល​បាន​នូវព័ត៌មាន​ចាំ​បាច់​ក៏​ដូចជា​ចំណេះ​ដឹង​ទាក់ទង​នឹង​អភិបាលកិច្ច និង​សហគ្រិន​ភាព​ប្រកប​ដោយ​បរិយាកាស​ការ​ពន្លឿន និង​ភាព​ធន់ ព្រម​ទាំង​ភាព​ជា​អ្នក​ដឹក​នាំ​ក្នុងនាម​ជា​ពលរដ្ឋ​ដែល​ស៊ី​សង្វាក់​ទៅ​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល និង​បទ​ប្បញ្ញតិ្ត​ស្តីពី​ការ​ឆ្លើយតប​ជំងឺ​កូវីដ១៩, ការ​ពង្រឹង​យន្តការចូល​រួម​បែប​ស្ថាបនា​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​អត្ថន័យ​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សហគ្រិន​ស្រ្តី​វ័យក្មេង និង​យុវជន បានរួម​ចំណែក​ស្វែង​រក​ការ​គាំទ្រ​ជុំវិញ​បញ្ហា​ចម្បងៗ​ទាក់​ទង​ទៅ​នឹង​សហគ្រិនភាព ឬ​អភិបាល​កិច្ច​អាជីវកម្ម, និង​ការ​បង្កើត​ឱ្យ​មាន​យន្តការ​ដោះស្រាយ​រួម​ទាំង​ផ្នែក​អភិបាល​កិច្ច និង​ការ​រួម​ចំណែក​ពី​តួអង្គ​ពាក់ព័ន្ធ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​គោល​នយោបាយ និង​អាជីវកម្ម​ដើម្បី​គាំពារ​ស្រ្តី និង​យុវជន​ព្រម​ទាំង​បង្ក​បរិយាកាស​សម្រាប់​ការ​អភិវឌ្ឍ​អាជីវកម្ម​នៅ​កម្ពុជា។

គម្រោង «សំឡេង​សហគ្រិន​ស្រ្តី​វ័យ​ក្មេង និង​យុវជន ដើម្បី​បរិយាកាស​អាជីវកម្ម​កាន់​តែ​ប្រសើរ» អនុវត្ត​ក្នុង​ស្ថានភាព​ដ៏​លំបាក​ដែល​កម្ពុជា ជាពិសេស រាជធានី​ភ្នំពេញ ប្រឈម​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩។ ការ​ដាក់​បញ្ចូល​រវាង​ទិដ្ឋភាព​អភិបាល ការ​អភិវឌ្ឍ​ផ្នត់​គំនិត ផែនការ​អាជីវកម្ម ការ​ចែក​រំលែក​បទ​ពិសោធន៍ និង​គំនិត​ច្នៃ​ប្រឌិត ត្រូវ​បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​សំខាន់​ក្នុង​ការ​រៀនសូត្រ​សម្រាប់​ក្រុម​គោលដៅ ១១៥ នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ៕