ភ្នំពេញៈ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​» ​ដែល​ភាគី​ទាំង ២ បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​កាលពីដើម​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២០ ត្រូវបាន​រំពឹងថា នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី​ ១ ខែ មករា ឆ្នាំ​ ២០២២ បន្ទាប់ពី​សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវបាន​គណៈកម្មការ​ជំនាញ​នៃ​សភាជាតិ​កម្ពុជា ប្រកាស​គាំទ្រ​មុន​នឹង​ដាក់​ឆ្លង​រដ្ឋសភាជាតិ​ពិនិត្យ និង​អនុម័ត​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​ចូលរួម​កិច្ចប្រជុំ​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី «​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន និង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​» ជាមួយ​លោកស្រី និន សាផុន ប្រធាន​គណៈកម្មការ​ទី​ ៩ នៃ​រដ្ឋសភា​កាលពី​ថ្ងៃទី​ ៨ ខែកក្កដា បាន​លើកឡើង​ថា ការសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន គឺ​ពិតជា​នឹងចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៦ ​នៃ​រដ្ឋសភា ស្របតាម​ចំណុច​ទី​ ៤ ស្តីពី​ការពង្រឹង​សមត្ថភាព​កម្ពុជា ដើម្បី​បន្ត​សមាហរណកម្ម​ខ្លួន​ចូលក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក​។

លោក​បាន​ថ្លែងថា​៖ «​នៅក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​ជំងឺឆ្លង​កូវីដ ១៩ ច្បាប់​ទាំង ២ នេះ​នឹង​ជួយ​ដល់​យុទ្ធសាស្ត្រ​ស្តារឡើង​វិញ​នូវ​សេដ្ឋកិច្ចកម្ពុជា​ដែល​បាន​រង​ការញាំញី​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​ជួយ​ឱ្យមាន​ភាពស៊ាំ​នៃ​សង្គម​សេដ្ឋកិច្ច​ក្នុង​ប្រក្រតីភាព​ថ្មី​នៃ​សង្គម​កម្ពុជា តាមរយៈ​កំណើន​នៃ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ចិន និង​លំហូរ​វិនិយោគ​ចូលមក​កម្ពុជា ដែល​នឹង​ជួយ​បង្កើត​ការងារ និង​ចំណូល​ជូន​ប្រជាពលរដ្ឋ​យើង​»​។

ភាគច្រើន​នៃ​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន គឺជា​ផលិតផល​កសិកម្ម ចំណែក​ផលិតផល​​នាំចូល​មានដូចជា គ្រឿងចក្រ​គ្រឿងសំណង់ និង​ឧបករណ៍​អេឡិចត្រូនិក ជាដើម​។

លោកស្រី និន សាផុន ប្រធាន​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា​បាន​សម្តែង​ការគាំទ្រ​ទាំងស្រុង​ចំពោះ​សេចក្តី​ព្រាងច្បាប់​ទាំង ២ នេះ និង​បាន​កោតសរសើរ​ចំពោះ​ក្រុមការងារ​ចរចា​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បញ្ចប់​ការចរចា​ប្រកប​ដោយ​ជោគជ័យ និង​រំពឹងថា សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន និង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​នឹង​អាច​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី​ ០១ ខែ មករា ឆ្នាំ​ ២០២២​។

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ធ្លាប់​អះអាងថា ទំនិញ​កម្ពុជា​ជាង ៣០០ មុខ​អាច​នាំទៅ​ចិន ដោយ​មិន​គិត​ពន្ធ​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ចូល​ជា​ធរមាន​។ ក្នុងចំណោម​មុខទំនិញ​ជាង ៣០០ នេះ គឺ​ផលិតផល​កសិកម្ម ៩៥ ភាគរយ​ត្រូវ​រួច​ពន្ធ​សម្រាប់​ការនាំចេញ​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ដើម​ខែកក្កដា​នេះ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា នៅពេល​ប្រទេស​ទាំង ២ ​ផ្តល់​សច្ចាប័ន កម្ពុជា​រំពឹង​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដូចជា ការទទួល​បាន​ទីផ្សារ​កាន់តែ​ទូលាយ ដោយសារ​មាន​កម្មវិធី​បញ្ចុះ​ពន្ធ​ដែល​ក្នុង​ភាគី​កម្ពុជា​ទទួលបាន​ភាពអនុគ្រោះ​ច្រើនជាង​អ្វីដែល​កម្ពុជា​ផ្ដល់​ឱ្យ​ភាគី​ចិន​, លំហូរ​ទំនិញ​ពី​កម្ពុជា​នឹងមាន​ភាពងាយស្រួល​ជាង​មុន និង​ឱកាស​ទាក់ទាញ​វិនិយោគ​ពី​ក្រៅប្រទេស​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។

លោក​អះអាង​ថា​៖ «​កិច្ចព្រមព្រៀង​នេះ​នឹង​រួមចំណែក​ច្រើន​ក្នុង​ការជំរុញ​ផលិតកម្ម​ក្នុង​ស្រុក​ជាពិសេស​វិស័យ​កសិកម្ម​មួយចំនួន​ដូចជា​ចេក ស្វាយ ដំឡូង មៀន ស្វាយចន្ទី​ជាដើម​»​។

កម្ពុជា និង​ចិន​គ្រោង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន​ដល់ ១០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៣ ខាងមុខនេះ​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន ឆ្នាំ​ ២០២០ មានតម្លៃ​សរុប ៨ ១១៨,០៧ លាន​ដុល្លារ ធ្លាក់ចុះ ៥,២ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩​។ ការនាំ​ចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​មានតម្លៃ ១ ០៨៦,២៦ ​លាន​ដុល្លារ កើនឡើង ៨,១១ ​ភាគរយ និង​ការនាំចូល​មានតម្លៃ ៧ ០៣១,៨១ ​លាន​ដុល្លារ ធ្លាក់ចុះ ៦,៩៧ ​ភាគរយ​៕ LA