ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​បាន​អំពាវនាវ​ដល់​ធុរជន សហគ្រិន វិនិយោគិន និង​អ្នកផ្ដល់​សេវា​ទាំងអស់​ឱ្យ​ចូលរួម​ក្នុង​ការរៀបចំ​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី​ ១៨ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ១០-១៣ ខែកញ្ញា ឆ្នាំ​ ២០២១ នៅក្នុង​ទីក្រុង​ណាននីង ខេត្ត​ក្វាងស៊ី ប្រទេស​ចិន​។

ក្រុមហ៊ុន​ទាំងឡាយ​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​នឹង​មាន​ឱកាស​ចាប់យក​ឱកាស​ធុរកិច្ច​ណាមួយ​ពី Alibaba ដែលជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដ៏ធំ​របស់​ប្រទេស​ចិន​។

យោងតាម​សេចក្ដី​ប្រកាស​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​សុក្រ ក្រសួង​កំពុង​ស្ថិតក្នុង​កិច្ចសហការ​ជាមួយ​នឹង​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រៀបចំ​ពិព័រណ៍​ចិន-អាស៊ាន ឆ្នាំ​ ២០២១ ដើម្បី​រៀបចំ​ពិព័រណ៍​ចិន-អាស៊ាន ​លើក​ទី​ ១៨ ខណៈ​កន្លងមក​មាន​ធុរជន សហគ្រិន វិនិយោគិន និង​អ្នកផ្ដល់​សេវា​ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​មួយចំនួន​បាន​ទទួល​ជោគជ័យ​ជា​បន្ត​ បន្ទាប់ពី​ការចូលរួម​ក្នុង​ពិព័រណ៍​ចិន-អាស៊ាន​នេះ​។ នេះ​គឺជា​ឱកាស​សម្រាប់​ពួកគេ​ក្នុង​ការចូលរួម​ពិព័រណ៍​នេះ​នៅពេល​ខាងមុខ​។

ទោះយ៉ាងណា​លិខិត​របស់​ក្រសួង​បាន​បញ្ជាក់ថា​៖ «​ដោយសារ​ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​មិនទាន់​អាច​ព្យាករ​បាន ការរៀបចំ​ពិព័រណ៍​ចិន-អាស៊ាន​ឆ្នាំ​ ២០២១ នេះ​ក្រសួង​ផ្ដល់​អាទិភាព​ខ្ពស់​ចំពោះ​ក្រុមហ៊ុន ឬ​សហគ្រាស​កម្ពុជា​ដែលមាន​សាខា ឬ​តំណាង​ចែកចាយ​ផលិតផល​នៅក្នុង​ប្រទេស​ចិន​ស្រាប់ និង​ជំរុញ​លើក​ទឹកចិត្តការ​ចូលរួម​ពី​ចម្ងាយ​តាមរយៈ​ការបញ្ជូន​ផលិតផល និង​សេវា​ទៅ​ចូលរួម​ដាក់តាំង​បង្ហាញ និង​តាំងពិព័រណ៍ សម្រាប់​ការផ្សព្វផ្សាយ​ទីផ្សារ និង​បណ្ដាញ​ធុរកិច្ច​ដែល​កំពុង​កើនឡើង​ជាមួយ​ក្រុមហ៊ុន​ចិន​ជាច្រើន​»​។

ក្រសួង​បាន​ចង្អុលបង្ហាញ​ថា ដោយសារ​ចំនួន​ស្ដង់​មានកំណត់ ក្រុមហ៊ុន​តាំងពិព័រណ៍​ដែល​ចាប់អារម្មណ៍​ត្រូវ​ចុះឈ្មោះ និង​ផ្ញើ​ពាក្យសុំ​ទៅ​នាយកដ្ឋាន​កិច្ចការ​តាំងពិព័រណ៍ ដោយ​មិន​គិត​សេវា​មិនឱ្យ​ហួស​ពីថ្ងៃ​ទី ​២៥ ខែកក្កដា ឆ្នាំ​ ២០២១ ជា​កំហិត​។

ទន្ទឹមនឹងនេះ ក្នុង​អំឡុងពេល​នៃ​ការរៀបចំ​ពិព័រណ៍​ខាងលើ លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រៀបចំ​ពិព័រណ៍​ចិន-អាស៊ាន​សហការ​ជាមួយ​ក្រុមហ៊ុន Alibaba នឹង​រៀបចំ​ពិធីបុណ្យ​ទិញ​ទំនិញ​ប្រណីត​ពី​ប្រទេស​អាស៊ាន តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ផ្សព្វផ្សាយ​ទំនិញ​ពី​បណ្ដា​ប្រទេស​អាស៊ាន​ទៅ​ទីផ្សារ​ប្រទេស​ចិន​។ ការចូលរួម​លក់ទំនិញ​ប្រណីត​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ធ្វើ​ឡើង​តាម​ការស្ម័គ្រចិត្ត​។

ក្រសួង​បញ្ជាក់ថា​៖ «​អ្នកចូលរួម​ត្រូវមាន​កាតព្វកិច្ច​បង់​កម្រៃ​សេវា​ផ្សាយ​លក់​ផ្ទាល់​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Alibaba ចំនួន​ចាប់ពី​​ ៥០ ០០០ យន់​ទៅ ១៥០ ០០០ ​យន់​ (​រូបិយប័ណ្ណ​ប្រទេស​ចិន​) ក្នុង ១ ​មុខទំនិញ និង​ត្រូវ​បង់​កម្រៃជើងសា​ទៅឱ្យ​ក្រុមហ៊ុន Alibaba ចំនួន​ចាប់ពី ១៥ ​ភាគរយ​ទៅ​ ២០ ​ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​ដែល​លក់​បាន​សរុប​»៕LA