ភ្នំពេញៈ គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ «​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ដើម្បី​ជំនួស​ច្បាប់​ចាស់​ដែល​កំពុង​អនុវត្ត​ជិត ២ ​ទសវត្សរ៍​កន្លងមក​ជាមួយ​នឹង​សុទិដ្ឋិនិយម​ថា ច្បាប់​ថ្មី​នេះ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​បង្កើន​នូវ​កាលានុវត្តភាព​ថ្មីៗ​ដើម្បី​ស្រូប​ទាញ​វិនិយោគិន​ក្នុង​ និង​ក្រៅប្រទេស​ឱ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។

ការអនុម័ត​នេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី តាមរយៈ​ប្រព័ន្ធ​អនឡាញ​ (Zoom) ​កាលពី​ថ្ងៃ​សុក្រ ទី​ ៩ ខែកក្កដា ឆ្នាំ​ ២០២១ ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​សំណើ​ច្បាប់​នេះ​គឺជា​មូលដ្ឋាន​គតិយុត្ត​សម្រាប់​ទាក់ទាញ និង​ផ្តល់​វិសាលភាព​ដល់​វិនិយោគិន​ងាយស្រួល​ក្នុង​កិច្ច​វិនិយោគ​មកកាន់​កម្ពុជា​។ កម្ពុជា​យល់ឃើញថា អ្នក​វិនិយោគ​ត្រូវការ​សន្តិភាព ស្ថិរភាព ដែលជា​អាទិភាព​នៃ​ការសម្រេចចិត្ត​យក​កម្ពុជា​ជា​ទិសដៅ​វិនិយោគ ទោះបីជា​ស្ថានភាព​អន្តរជាតិ​ប្រឈម​ក្នុង​វិស័យ​នយោបាយ និង​ពាណិជ្ជកម្ម​យ៉ាងណា​ក៏ដោយ​»​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​លទ្ធផល​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​តាក់តែង​ថ្មី​នេះ គឺ​ដើម្បី​ជំនួស​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចូល​ជា​ធរមាន​តាំងពី​ឆ្នាំ​ ១៩៩៤ និង​ឆ្នាំ​ ២០០៣​។

សេចក្តី​ព្រាងច្បាប់​ស្តីពី​វិនិយោគ​ថ្មី ដែលមាន ១២ ​ជំពូក និង ៤២ ​មាត្រា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​ភាពទាក់ទាញ និង​ប្រសើរ​ជាង​មុន​នៃ​ការវិនិយោគ​នៅ​កម្ពុជា ដោយ​ឈរលើ​មូលដ្ឋាន​ឯករាជ្យ​ម្ចាស់ការ ស្ថានភាព​ជាក់ស្តែង​របស់​វិនិយោគិន និង​សេដ្ឋកិច្ច​ដែល​នឹង​បង្កើត​ក្របខ័ណ្ឌ​គតិយុត្ត​ដែលមាន​ភាពបើកចំហ មាន​តម្លាភាព​អាច​ប៉ាន់ប្រមាណ​ទុកជាមុន​ក៏ដូចជា ពង្រឹង​ភាពទាក់ទាញ និង​សមត្ថភាព​បំពេញបន្ថែម ជាពិសេស​បាន​គិតគូរ​ពី​ការផ្តល់​ការលើក​ទឹកចិត្ត​ដល់​វិស័យ​អាទិភាព​កម្រិត​បច្ចេកវិទ្យា និង​បច្ចេកទេស ការបង្កើត​ការងារ ការបណ្តុះបណ្តាល​ជំនាញការ​សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ និង​នវានុវត្តន៍ និង​សហគ្រាស​ធុន​តូច និង​មធ្យម​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដឹងថា សេចក្តី​ព្រាង​ច្បាប់​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្កើត​នូវ​ក្របខ័ណ្ឌ​គតិយុត្ត​ដែល​បើកចំហ មាន​តម្លាភាព​អាច​ប៉ាន់ប្រមាណ​ទុកជាមុន ប្រកប​ដោយ​ភាពអំណោយផល​ល្អ​សម្រាប់​ការវិនិយោគ ដើម្បី​​ទាក់ទាញ និង​លើកកម្ពស់​ការវិនិយោគ​ដោយ​បុគ្គល​សញ្ជាតិ​ខ្មែរ ឬ​បរទេស ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល សំដៅ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​នៅ​កម្ពុជា​។

លោក​បន្ថែមថា ខ្លឹម​សារៈសំខាន់ៗ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ មានដូចជា ការបង្កើត​របប​លើកទឹកចិត្ត​វិនិយោគ ការធ្វើ​ទំនើបកម្ម ការបង្កើន​ផលិតភាព​នៃ​ឧស្សាហកម្ម​ក្នុង​ស្រុក ការពង្រឹង​ការតភ្ជាប់​ទៅ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​សកលលោក ការផ្ទេរ​បច្ចេកវិទ្យា ការបង្កើន​ភាពប្រកួតប្រជែង ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និង​ការផ្តល់​ការការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្រប​ច្បាប់​ដល់​វិនិយោគិន​នៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ​សេចក្តី​ព្រាង​ច្បាប់​ក៏មាន​ចែង​អំពី​ការដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ ការធ្វើប្រតិភូកម្ម​ទៅ​រដ្ឋបាល​រាជធានី-ខេត្ត ការបំព្រួញ​ពេលវេលា​ក្នុង​ការចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី ការកាត់បន្ថយ​បន្ទុក​ដល់​វិនិយោគិន​ចំពោះ​កាតព្វកិច្ច​នៃ​អនុលោម​ភាពច្បាប់ (​ការចុះ​អធិការកិច្ច​របស់​ក្រសួង​ស្ថាប័ន​) ការបង្កើត​របប​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ (​ការលើក​ទឹកចិត្ត​មូលដ្ឋាន​, ការលើកទឹកចិត្ត​បន្ថែម និង​លើកទឹកចិត្ត​ពិសេស​)​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ធ្លាប់​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា វិស័យ​ឯកជន​រំពឹងថា ច្បាប់​នេះ​នឹង​ឆាប់​ចូល​ជា​ធរមាន ព្រោះ​ច្បាប់​នេះ​នឹងមាន​ភាពបត់បែន​ស្រប​នឹង​បរិបទ​ថ្មី​នៃ​ការវិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា និង​ការធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​។ ម្យ៉ាងទៀត​វា​ក៏​ត្រូវបាន​រៀបចំ​ឡើង​នៅក្នុង​អំឡុង​ពេលដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុងស្ថិត​ក្នុង​ភាពមិន​ច្បាស់លាស់​ដែល​បណ្តាលមកពី​វិបត្តិ​កូវីដ​ ១៩​។

យោងតាម​លោក លឹម ហេង កន្លងមក​វិស័យ​ឯកជន​ក៏​ធ្លាប់បាន​ផ្តល់​ធាតុចូល​ក្នុង​សេចក្តី​ព្រាងច្បាប់​នេះដែរ​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានអនុម័ត​គម្រោង​ចំនួន​ ៧០ ក្រោម​ទុនវិនិយោគ​សរុប ២ ៤២៨ ​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​ការគណនា​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចំពោះតែ​គម្រោង​ត្រូវបាន CDC បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ចាប់ពី​ខែមករា​ដល់​ដំណាច់​ខែ​មិថុនា ឆ្នាំនេះ​។

ក្នុង​ចំណោម​នេះ CDC បានអនុម័ត​គម្រោង​វិនិយោគ​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​ចំនួន ២៩ ជាមួយនឹង​ទុនវិនិយោគ​សរុប ១៩៤,៧១ ​លាន​ដុល្លារ​។

កាលពី​ឆ្នាំ​ ២០១៩ ការអនុម័ត​ការវិនិយោគ​បាន​កត់ត្រា​ចំនួន ៩,៤០ ​ពាន់​លាន​ដុល្លារ ក្នុងនោះ​ប្រទេស​ចិន ​វិនិយោគ ២,៧៥ ​ពាន់​លាន​ដុល្លារ​ បន្ទាប់មក​ទីក្រុង​ហុងកុង ៩១២,៥៥ ​លាន​ដុល្លារ និង​ជប៉ុន ២៩៨,៨៤ ​លាន​ដុល្លារ​។ នេះ​បើតាម CDC៕ LA