ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កំពុង​រៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង និង​ការប្រើប្រាស់​ឈ្មោះ​ដែនជាតិ​នៅក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​។

កាលពី​ថ្ងៃទី​ ៩ ខែកក្កដា ក្រសួង​ទាំង​ ២ ​បាន​ចាប់ផ្តើម​កិច្ចពិភាក្សា​គ្នា​លើ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ តាម​ប្រព័ន្ធ​អនឡាញ​ដោយ​មាន​ការចូលរួម​ពី​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោក ជា មានិត រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

លោក សុខ សុភ័ក្ត្រ បាន​និយាយថា​៖ «​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​កំណត់​អំពី​គោលការណ៍ វិធាន យន្តការ​នៃ​ការគ្រប់គ្រង និង​ការប្រើប្រាស់​ឈ្មោះ​ដែន​ជាតិ ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ តម្លៃ និង​អត្ថិភាព​នៃ​ដែន​ជាតិ​នៅក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត ព្រមទាំង​ជំរុញ​ការប្រើប្រាស់​ឈ្មោះ​ដែន​ជាតិ​ប្រកបដោយ​សមភាព​»​។

ជាមួយ​គ្នានេះ​កាលពី​ថ្ងៃទី​ ៨ កក្កដា ឆ្នាំ​ ២០២១ កម្ពុជា និង​កូរ៉េ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​កិច្ចសហប្រតិបតិ្តការ​រដ្ឋាភិបាល​ឌីជីថល​តាម​ប្រព័ន្ធ​អនឡាញ​។

MoU នេះ​ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​រៀបចំ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង និង​ការប្រើប្រាស់​ឈ្មោះ​ដែន​ជាតិ​នៅក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លោក JeonHae-cheol រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​សន្តិសុខ​កូរ៉េ បាន​ចុះ MoU តាម​ប្រព័ន្ធ​អនឡាញ ដោយមាន​ការចូលរួម​របស់​លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​។

លោក ជា វ៉ាន់ដេត និយាយថា តាមរយៈ MoU នេះ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​រដ្ឋាភិបាល​ឌីជីថល​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​កម្ពុជា ដើម្បី​រៀបចំ​ជា​ប្រព័ន្ធគ្រប់គ្រង​លើ​វិស័យ​រដ្ឋបាល​ឌីជីថល​ឱ្យមាន​ប្រសិទ្ធភាព ព្រមទាំង​ចែករំលែក​បទពិសោធ និង​ការផ្ទេរ​បច្ចេកវិទ្យា​រវាង​គ្នា​នឹង​គ្នា​។

លោក​រដ្ឋមន្ត្រី​លើកឡើងថា​៖ «​ភាគី​ទាំង​ ២ ​បានបញ្ជាក់​ពី​ជំនឿ​យ៉ាង​មុតមាំ​ថា មជ្ឈមណ្ឌល​នេះ​នឹង​បម្រើ​ជា​ថ្នាល​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ការកំណត់​ទិសដៅ​កាន់តែ​ច្បាស់​សម្រាប់​បរិវត្តកម្ម​ឌីជីថល​ និង​សម្រេច​នូវ​គោលដៅ​ក្នុង​ការផ្តល់សេវា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​»​។

យោង​ទិន្នន័យ​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (Kita) ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​មាន​ចំនួន ៨៨៤,៨៨ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០ ធ្លាក់ចុះ ១៧,៧៧ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ១ ០៣២ លាន​ដុល្លារ​។

ទិន្នន័យ​នេះ​បង្ហាញថា កម្ពុជា​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​កូរ៉េ​ក្នុង​តម្លៃ​ជាង ៣១៧ ​លាន​ដុល្លារ ធ្លាក់ចុះ ៥,៤ ​ភាគរយ ខណៈ​កម្ពុជា​នាំចូល​វិញ​មាន​ជាង ៥៦៧ ​លាន​ដុល្លារ ធ្លាក់ ១៨,៦ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០១៩៕ LA