ភ្នំពេញៈ កម្ពុជា និង​សាធារណរដ្ឋ​ហេឡិននិក ​(​ក្រិក​) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ដើម្បី​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​សំដៅ​បង្កើត​ក្របខ័ណ្ឌ​នៃ​ការពិភាក្សា​លើ​បញ្ហា​អាទិភាព​រួមមាន នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​សង្គម​វប្បធម៌​។

លោក អ៊ុក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ និង​លោក Nikolaos Kaimenakis ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ក្រិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃទី​ ៨ ខែកក្កដា ឆ្នាំនេះ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

ក្នុង​ឱកាស​នោះ លោក អ៊ុក សោភ័ណ បាន​លើកឡើង​ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ក្រិក​ដោយ​បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា MoU នេះ​នឹង​ផ្ដល់​ឱកាស​ដល់​ប្រទេស​ទាំង​ ២ ​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព​។

លោក​ថ្លែងថា​៖ «​អនុស្សរណៈ​នេះ​ក៏​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​លើ​វិស័យ​អាទិភាព​សំខាន់ៗ​នាពេល​អនាគត​»​។

លោក Nikolaos Kaimerakis ឱ្យដឹងថា ប្រទេស​ក្រិក និង​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​គ្នា​ជាយូរ​មកហើយ គ្រាន់តែ​ប្រទេស​ទាំង​ ២ ​មិន​បាន​ទាញយក​ប្រយោជន៍​ណាមួយ​ពី​ទំនាក់ទំនង​នេះ​។

លោក​និយាយថា​៖ «​ពិធី​ចុះហត្ថលេខា​នៅថ្ងៃនេះ គឺជា​ការចាប់ផ្តើម​ក្នុង​ការឈាន​ទៅ​រក​ការអង្គុយ​ជុំគ្នា​ដើម្បី​ជជែក​ពី​វិស័យ​សក្តានុពល​នានា​ដែល​ប្រទេស​ទាំង​ ២ ត្រូវ​សហការ​គ្នា និង​ពិនិត្យមើល​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​ប្រទេស​ទាំង​ ២ ​អាច​ដោះស្រាយ​ជាមួយគ្នា​។ យើង​ចង់ឃើញ​ប្រទេស​ទាំង​ ២ ​អាច​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​»​។

ក្រិក គឺជា​ប្រទេស​ស្ថិតនៅ​អឺរ៉ុប​ភាគអាគ្នេយ៍​ចុង​ភាគខាងត្បូង​នៃ​ឧបទ្វីប​បាល់​កង់ ត្រង់ចំណុច​ប្រសព្វ​នៃ​សមុទ្រ​ ៣ ​គឺ សមុទ្រ Aegean, lonian និង Cretan ដែលជា​ភូមិសាស្ត្រ​មួយ​ប្រកប​ដោយ​សក្តានុពល ព្រោះ​ជា​ច្រក​ឆ្លងកាត់​រវាង​ទ្វីបអឺរ៉ុប អាស៊ី និង​អាហ្វ្រិក​។ ក្រិក​ក៏​ជា​សមាជិក​មួយ​នៃ​សហភាព​អឺរ៉ុប​ផងដែរ​។

កម្ពុជា និង​ប្រទេស​ក្រិក​បាន​បង្កើត​ទំនាក់ទំនង​ការទូត​កាលពី​ថ្ងៃទី​ ៨ ខែ មេសា ឆ្នាំ​ ១៩៩៦៕ LA