ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​លើកលែង​ការបង់​កម្រៃ​អាជ្ញាប័ណ្ណ​ជើងសាគយ​ឆ្នាំ​ ២០២១ និង​ឆ្នាំ​ ២០២២ ដល់​វិស័យ​ដឹកជញ្ជូន និង​ភ័ស្តុភារកម្ម​កម្ពុជា ដែល​កំពុងតែ​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ​ ១៩​។

សេចក្តី​សម្រេច​នេះ​ធ្វើឡើង​ដោយយោង​តាម​សេចក្តី​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អំពី​វិធានការ​បន្ថែម ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​ទៅលើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ក្នុង​បរិការណ៍​នៃ​វិបត្តិ និង​ការស្តារ និង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅក្នុង​អំឡុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ជុំ​ទី​៩​។

លិខិត​ចុះហត្ថលេខា​ដោយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​កាលពី​ថ្ងៃទី​ ៩ ខែកក្កដា បង្ហាញ​ថា​ស្ថិតក្នុង​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ នៅតែ​បន្ត​វិវឌ្ឍ​ខ្លួន​គួរឱ្យ​បារម្ភ និង​ដើម្បី​បន្ត​ជួយ​វិស័យ​ដឹកជញ្ជូន និង​ភ័ស្តុភា​រកម្ម រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​លើកលែង​ការបង់​កម្រៃ​អាជ្ញាប័ណ្ណ​ជើងសា​គយ​ឆ្នាំ​ ២០២១ និង​ឆ្នាំ​ ២០២២​។

លិខិត​បញ្ជាក់ថា​៖ «​ចំពោះ​ជើងសា​គយ​ដែល​បាន​បង់ក​ម្រៃ​អាជ្ញាប័ណ្ណ​ជើងសា​គយ​ឆ្នាំ​ ២០២១ ​រួចហើយ ពុំ​តម្រូវ​ឱ្យ​បង់​កម្រៃ​អាជ្ញាប័ណ្ណ​ជើងសាគយ​ឆ្នាំ​ ២០២៣ ទៀត​ទេ​»​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា (CLA) បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​សេចក្តី​សម្រេច​នេះ​ដោយ​ជឿថា នឹង​ជួយ​សម្រាល​បន្ទុក​បាន​មួយផ្នែក​ដល់​អ្នក​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ភ័ស្តុភារកម្ម​។

លោក ចន្ធី បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​ការបន្ត​រីករាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​អាជីវកម្ម​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ភ័ស្តុភារកម្ម​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដែល​ក្នុងចំណោម​សមាជិក​សមាគម​ចំនួន ១២០ ​ក្រុមហ៊ុន គឺមាន​ប្រហែល ១០ ​ភាគរយ​ប៉ុណ្ណោះ ដែល​ទទួលបាន​ចំណូល​ខ្លះមក​ផ្គត់ផ្គង់​ឱ្យ​ដំណើរ​ប្រតិបត្តិការ​អាជីវកម្ម​។

ដោយឡែក ៦០ ភាគរយ​ដែល​កំពុង​រង​ផលប៉ះពាល់​ពី​វិបត្តិ​នេះ គឺ​ពុំមាន​ប្រាក់ចំណេញ​ទេ ពោលគឺ​ពួកគេ​គ្រាន់តែ​អាច​នៅ​រក្សា​និរន្តរភាព​អាជីវកម្ម​តែប៉ុណ្ណោះ ចំណែក ៣០ ​ភាគរយ​ទៀត​កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ដែល​អាច​ត្រូវ​ផ្អាក​បណ្តោះអាសន្ន បើ​ការរីករាលដាល​កូវីដ​ ១៩ ​បន្ត​ពន្យារពេល​យូរ​ទៀត​។

លោក​បន្ថែមថា​៖ «​ការលើកលែង​កម្រៃ​អាជ្ញាប័ណ្ណ​ជើងសា​គយ​នេះ គឺជា​ការត្រិះរិះ​ដ៏ត្រឹមត្រូវ​របស់​ក្រសួង​សេដ្ឋកិច្ច ក៏ដូចជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។ ក្នុងនាម​សមាគម​ខ្ញុំ​សូម​ថ្លែងអំណរគុណ​រដ្ឋាភិបាល​ដែល​តែងតែ​គិតគូរ​ដល់​អ្នក​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ភ័ស្តុភារកម្ម​ក្នុង​ស្ថានភាព​ដ៏លំបាក​នេះ​»​។

បើតាម​លោក ចន្ធី គិត​មកដល់ពេលនេះ ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះបញ្ជី​អាជ្ញាប័ណ្ណ​ជើងសាគយ​បាន​ចំនួន​ប្រមាណ ៥០០ ​អាជ្ញាប័ណ្ណ​។

លោក គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ត្រីមាស​ទី១ ឆ្នាំ​ ២០២១ កាលពី​ខែមេសា​ថា ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​ ២០២១ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​គឺ​នឹង​បន្ត​អនុវត្ត​នូវ​គោលនយោបាយ និង​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការទ្រទ្រង់ និង​ស្ដារ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ ដោយសារ​ជំងឺ​កូវីដ ១៩ និង​ការបង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ និង​ពង្រឹង​អនុលោមភាព​។

លោក​បន្តថា​៖ «​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ក៏​នឹង​បន្ត​លើកកម្ពស់​កិច្ចសម្រួល​ពាណិជ្ជកម្ម និង​កែលម្អ​បរិយាកាស​វិនិយោគ​តាមរយៈ​ការធ្វើ​សាមញ្ញកម្ម​នីតិវិធី​គយ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ការងារ​គយ និង​ការចូលរួម​សកម្មភាព​សង្គម​នានា​»​។

ការប្រមូល​ចំណូល​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២១ សម្រេចបាន ៦១៤,៨ ​លាន​ដុល្លារ​ធ្លាក់ចុះ ១៥,២ ​ភាគរយ​បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

លទ្ធផល​ការប្រមូល​ចំណូល​ក្នុង​ត្រីមាស​ទី​១ នេះ គឺ​សម្រេចបាន ២៦ ​ភាគរយ នៃ​ផែនការ​ឆ្នាំ​ដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១៕ LA