ព្រះសីហនុៈ ទោះបី​ស្ថានភាព​នៃ​​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​មិនទាន់មាន​ភាពធូរស្រាល​ចាប់​តាំងពី​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ​រហូតមក​ដល់ពេលនេះ ក៏​បរិមាណ​នៃ​ការនាំ​ចូល និង​នាំចេញ​ទំនិញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ SSEZ (Industril Park of SihanoukVille Special Economic Zone) ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ នៅ​រក្សាបាន​កំណើន​ជិត ៥០ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

ទិន្នន័យ​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​របស់ SSEZ ឱ្យដឹងថា គិត​ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២១ សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ទទួល​បាន​បរិមាណ​នាំចូល និង​នាំចេញ​សរុប ៩៩៤ ​លាន​ដុល្លារ កើនឡើង ៤៩,៩២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ៦៦៣ ​លាន​ដុល្លារ​។

ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ លោក Chen Jiangang កាលពីពេល​កន្លងមក​បាន​និយាយថា ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​បានធ្វើឱ្យ SSEZ ទទួលបាន​កំណើន​ការចូល​វិនិយោគ​ជា​បន្តបន្ទាប់​។ ជាមួយ​គ្នា​នេះ SSEZ កំពុង​ខិតខំ​ទាក់ទាញ​វិនិយោគ​ពី​ក្រៅប្រទេស​ឱ្យបាន​កាន់តែច្រើន​ទៀត​ចូលទៅ​បណ្តាក់ទុន​នៅ​ទីនោះ​។

លោក​ប្រាប់ទៀតថា ជាមួយ​នឹង​ភាពវិជ្ជមាន​ជា​បន្តបន្ទាប់​នេះ SSEZ ក៏មាន​គម្រោង​ក្នុង​ការចុះបញ្ជី​នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា​ផងដែរ​។

លោក​អះអាង​ថា​៖ «​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​កំពុង​រៀបចំ​ឯកសារ​ចុះបញ្ជី​ផ្សារភាគហ៊ុន​កម្ពុជា​ក្នុង​បំណង​បង្កើន​ភាពទាក់ទាញ​ការវិនិយោគ​បន្ថែម ជាពិសេស​ពី​តំបន់​អឺរ៉ុប និង​អាមេរិក​»​។

គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​ ២០២០ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន​ក្រុមហ៊ុន​វិនិយោគ​សរុប ១៦៥ ដោយ​បង្កើត​ការងារ​បាន ៣០ ០០០ ​កន្លែង​។ នេះ​បើតាម​លោក Chen​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ១២ ខែ​កក្កដា​ថា ទោះបី​ស្ថានភាព​កម្ពុជា​ក៏ដូចជា​ពិភពលោក​កំពុង​ជួបប្រទះ​នូវ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ក៏​ការនាំចេញ​របស់​កម្ពុជា​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ មិនបាន​ថមថយ​នោះទេ ពិសេស​ផលិតផល​កសិកម្ម គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​កង់​ជាដើម​។

ជាមួយ​គ្នា​នេះ​កម្ពុជា​ក៏​បាននិង​កំពុង​ធ្វើ​ពិពិធកម្ម​ទំនិញ​នាំចេញ​របស់ខ្លួន​ឱ្យ​កាន់តែ​មាន​ភាពសម្បូរបែប​ទៅ​ទីផ្សារ​អន្តរជាតិ​។ លោក​បន្ថែមទៀតថា ការសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​ប្រទេស​ចិន ក៏​ជា​ចំណែក​ដែល​នឹង​ជួយ​លើកកម្ពស់​សមត្ថភាព​នាំចេញ​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​នេះ​ជា​វឌ្ឍនភាព​មួយ​ដែល​បង្ហាញ​ពី​ភាពរឹងមាំ​របស់​កម្ពុជា ដោយ​មិន​តែ​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះទេ​»​។

លោក​បន្ថែមទៀត​ថា នៅពេល​មាន​កំណើន​នៃ​ការនាំចេញ ការនាំចូល​ផលិតផល​វត្ថុធាតុដើម​សម្រាប់​កែច្នៃ​ក៏​នឹង​កើនឡើង​ព្រម​គ្នា​។

បន្ថែម​ពីលើ​នេះ លោក​អះអាង​ថា ការអនុម័ត​លើ​ច្បាប់​វិនិយោគ​កម្ពុជា​របស់​គណៈរដ្ឋមន្ត្រី​កាលពី​សប្តាហ៍​មុន​ក៏​នឹង​ក្លាយជា​កម្លាំង​ចលករ​ថ្មី​មួយទៀត ដែល​នឹង​ធ្វើឱ្យ​ចំនួន​ការចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​នៅពេល​ខាងមុខ​។

ទិន្នន័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្ហាញ​ថា ក្នុង​រយៈពេល​ ៥ ​ខែ​ដំបូង​ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​ទំនិញ (​ដក​មាស​ចេញ​) ក្នុងតម្លៃ ៥ ៩៥០ ​លាន​ដុល្លារ​(​ស្មើ ២០,៧ ​ភាគរយ​នៃ ផសស​) កើន ១៤,១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដែល​រួមចំណែក​ភាគច្រើន​ដោយ​កំណើន​នៃ​ការនាំចេញ​កង់ និង​ទំនិញ​ផ្សេងទៀត ក្រៅពី​ផលិតផល​វាយនភណ្ឌ​។

រីឯ​ការនាំចូល​ទំនិញ​ (​ដក​មាស​ចេញ​) ​មាន​តម្លៃ ៨ ៦៦៤ ​លាន​ដុល្លារ (​ស្មើ ៣០,២ ​ភាគរយ​នៃ​ផសស​) កើនឡើង ១៧ ​ភាគរយ ដោយសារ​កំណើន​នៃ​ការនាំចូល​ក្រណាត់ គ្រឿងសំណង់ ប្រេងឥន្ធនៈ និង​ទំនិញ​ផ្សេងៗ​៕ LA