
រូបប្រាសាទអង្គរវត្ត ដែលមាននៅលើសម្បកការុងអង្ករនៅឥណ្ឌាកន្លងមក។ សហការី
ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា បន្ទាប់ពីមានការតវ៉ារបស់កម្ពុជា ក្រុមហ៊ុនឥណ្ឌា Voyage India ដែលបានប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសម្បកវេចខ្ចប់ផលិតផលអង្កររួចចរាចរណ៍នៅលើទីផ្សារអនឡាញបានបញ្ឈប់សកម្មភាពវិញហើយ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីល្ងាចថ្ងៃទី ១២ ខែកក្កដា បានចាត់ទុកការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសម្បកវេចខ្ចប់ជាទង្វើប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មថែមទៀតផង។
ក្រសួងបានបន្ថែមថា៖ «ក្រុមហ៊ុនឥណ្ឌានេះបានបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសម្បកវេចខ្ចប់របស់ខ្លួន តាមការតវ៉ារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាហើយ»។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា នៅខែកុម្ភៈ ឆ្នាំ ២០២១ ខ្លួន និងក្រសួងពាណិជ្ជកម្មកម្ពុជារួមគ្នាពិនិត្យឃើញថា មានផលិតផលអង្ករបរទេសប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុងចរាចរលក់តាមប្រព័ន្ធអនឡាញប្រើរូបប្រាសាទអង្គរវត្ត ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។
ក្រសួងការបរទេសលើកឡើងថា៖ «ការខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ក្រសួងទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតផលអង្ករនេះជាក្រុមហ៊ុនឥណ្ឌាឈ្មោះ Voyage India មានទីតាំងនៅរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា»។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់ថា ក្រសួងពាណិជ្ជកម្មតែងតែធ្វើកិច្ចអន្តរាគមន៍ភ្លាមៗចំពោះករណីក្លែងបន្លំម៉ាកសញ្ញា។
លោកថ្លែងថា៖ «យើងសូមជម្រាបថា យើងបានចាត់វិធានការអន្តរាគមន៍ភ្លាមៗ ក្រសួងមិនមែនទើបជួបករណីនេះមួយនោះទេ គឺមានច្រើនករណី ជាក់ស្តែងថ្មីៗនេះក៏មានក្រុមហ៊ុននៅជប៉ុនផលិតទ្រនាប់ជើងដាក់រូបទង់ជាតិខ្មែរ និងរូបប្រាសាទអង្គរវត្តខ្មែរ ដែលករណីនេះក៏យើងបានអន្តរាគមន៍ហើយដែរ អ៊ីចឹងឱ្យតែមានបញ្ហាពាក់ព័ន្ធនឹងម៉ាកសញ្ញាពាណិជ្ជកម្ម គឺក្រសួងពាណិជ្ជកម្មតែងធ្វើលិខិតអន្តរាគមន៍ភ្លាមៗមិនដែលទុកយូរទេ»។
ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាដែលជាស្ថាប័នប្រមូលផ្តុំអ្នកប្រកបធុរកិច្ចក្នុងវិស័យស្រូវអង្ករនៅកម្ពុជាបានគាំទ្រឱ្យមានចំណាត់ការចំពោះក្រុមហ៊ុនដែលយករូបអង្គរវត្តកម្ពុជាដាក់លើសម្បកវេចខ្ចប់អង្ករដែលចរាចរលក់នៅលើទីផ្សារអន្តរជាតិនេះ។
លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបាននិយាយថា នេះថាជាការការពារផលប្រយោជន៍រួមរបស់កម្ពុជា។
លោកថ្លែងថា៖ «ជាធម្មតាប្រទេសណាក៏មានការការពារកម្មសិទ្ធិបញ្ញាក្នុងករណីដែលមានចេតនាប្រើប្រាស់នូវអ្វី ម៉ាកយីហោល្បីដែលពិភពលោកទទួលស្គាល់ដោយយកទៅធ្វើជារបស់ខ្លួនឯង ដើម្បីជាផលប្រយោជន៍ធ្វើជំនួញគឺមិនត្រឹមត្រូវទេ។ ការប្រតិកម្មរបស់កម្ពុជានេះគឺជារឿងត្រឹមត្រូវ ដើម្បីរក្សាអត្តសញ្ញាណរបស់ជាតិកុំឱ្យធ្វើការក្លែងបន្លំបាន ពិសេសការប្រើរូបប្រាសាទអង្គរវត្តកាន់តែត្រូវបានការការពារ»។
កាលពីថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានផ្ញើលិខិតមួយចុះហត្ថលេខាដោយលោក ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ ដើម្បីជម្រាបជូនឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌាស្តីពី «ផលិតផលអង្ករបរទេសប្រើប្រាស់រូបប្រាសាទអង្គរវត្តលើសម្បកវេចខ្ចប់»។
ជាមួយគ្នានេះ ស្ថានទូតកម្ពុជានៅទីក្រុងញូវដែលីកាលពីថ្ងៃទី ១១ ខែឧសភា ក៏បានធ្វើលិខិតមួយទៅក្រសួង External Affairs នៃរដ្ឋាភិបាលឥណ្ឌាថា ថ្មីៗនេះកម្ពុជាបានរកឃើញស្លាកសញ្ញានៃកញ្ចប់អង្ករក្រោមឈ្មោះពាណិជ្ជកម្មថា «Angkor Wat Thai Hom Mali Jasmine Rice» ដែលបានចុះបញ្ជីនៅប្រទេសឥណ្ឌាដោយក្រុមហ៊ុននាំចូល Voyage India។
ការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តដែលគ្មានការអនុញ្ញាតនេះនឹងនាំឱ្យមានការភាន់ច្រឡំអំពីប្រភពដើមនៃផលិតផលនិងរំលោភមាត្រា ៦ និង ១០ នៃអនុសញ្ញាទីក្រុងប៉ារីសស្តីពីការការពារទ្រព្យសម្បត្តិឧស្សាហកម្ម។
ភ្នំពេញ ប៉ុស្តិ៍ បានព្យាយាមទាក់តាមរយៈអាសយដ្ឋានអេឡិចត្រូនិកទៅក្រុមហ៊ុន Voyage India ប៉ុន្តែគ្មានការឆ្លើយតបនោះទេ៕ LA
វីដេអូ៖