ភ្នំពេញៈ រដ្ឋាភិបាល​បានសម្រេច​ប្តូរ​ទីតាំង​សម្រាប់​ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២២ (ATF 2022) ដែល​គ្រោង​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​ ១៦-២២ ខែមករា ឆ្នាំ ២០២២ ទៅធ្វើ​នៅ​ក្រុងព្រះសីហនុ​វិញ​។ នេះ​បើ​យោងតាម​លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។

លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ីងថូរ៉ាក់ស៊ី រដ្ឋលេខាធិការ​ប្រចាំការ​កាលពី​ថ្ងៃ​ទី​ ៨ ខែកក្កដា ឱ្យដឹងថា យោងតាម​សំណើ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃទី​ ២២ ខែមិថុនា ឆ្នាំ​ ២០២១ រដ្ឋាភិបាល​កម្ពុជា​យល់​ព្រមឱ្យ​ក្រសួង​ទេសចរណ៍​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២២ តាម​ការកំណត់ ដោយ​ប្តូរ​ទីតាំង​ទៅ​ក្រុងព្រះសីហនុ​។

បើតាម​លិខិត​ខាងលើ​ក្នុង​កម្មវិធី​នេះ​នឹងមាន​កម្មវិធី​សំខាន់​មួយចំនួន​ដូចជា កិច្ចប្រជុំ​ថ្នាក់​ស្ថាប័ន​ទេសចរណ៍​អាស៊ាន​ (NTO) កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ដោយផ្ទាល់ និង​ការតាំងពិព័រណ៍​ទេសចរណ៍​ (Travex) ​ខ្នាតតូច​ដែល​អាច​គ្រប់គ្រង​បាន​។

វេទិកា​ទេសចរណ៍​អាស៊ាន ២០២២ រំពឹង​នឹងមាន​អ្នកចូលរួម​ជាង ២ ០០០ ​នាក់ ​មកពី​ជាង ២៥ ​ប្រទេស ព្រមទាំង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​ថ្នាក់ដឹកនាំ​ផ្នែក​ទេសចរណ៍ វិនិយោគិន​ជាតិ និង​អន្តរជាតិ​។

លោក តាំង សុចិត្រគ្រឹះស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រសួង​ទេសចរណ៍ ក៏ដូចជា​មន្ទីរទេសចរណ៍​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុង​ការរៀបចំ​វេទិកា​ទេសចរណ៍​នេះ​។

លោក​ប្រាប់ថា​៖ «​អាជ្ញាធរ​បាននិង​កំពុង​បន្ត​រៀប​ហេដ្ឋារចនាសម្ព័ន្ធ និង​សណ្តាប់ធ្នាប់​មួយចំនួន ត្រៀម​រៀបចំ​កិច្ច​វេទិកា​នេះ​។ យើង​នឹងមាន​កិច្ចប្រជុំ​ជាមួយ​ក្រសួង​ទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​នាពេលខាងមុខ​»​។

លោក សុចិត្រគ្រឹះស្នា បាន​បន្ថែមថា កម្ពុជា គឺជា​ម្ចាស់ផ្ទះ ATF 2022 នេះ​នៅ​ខេត្ត​ព្រះសីហនុ​ដែលជា​តំបន់​មាន​សក្តានុពល​ទេសចរណ៍ និង​សេដ្ឋកិច្ច ហើយ​ជា​ទីតាំង​ស័ក្តិសម​សម្រាប់​ការរៀបចំ​វេទិកា​ខ្នាត​អន្តរជាតិ​បែបនេះ​។

លោក​អះអាង​ថា​៖ «​យើង​អាច​រៀបចំ​នៅ​ក្រុងព្រះសីហនុ​បាន ព្រោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ សន្តិសុខ​ល្អ និង មាន​ស្តង់ដា​សណ្ឋាគារ​ល្អ​»​។ លោក​បន្ថែមថា​៖ «​កិច្ចប្រជុំ​អន្តរជាតិ​ដូចនេះ​នឹង​ឆ្លុះបញ្ចាំង​អំពី​ចំណុច​វិជ្ជមាន​ពាក់ព័ន្ធ​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់ និង​ភាពរីកចម្រើន​នៃ​ការអភិវឌ្ឍ​ក្នុង​ខេត្ត​។ យើង​ក៏​អាច​ផ្សព្វផ្សាយ​បន្ថែម​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច និង​ទេសចរណ៍​កម្ពុជា​ឱ្យ​អន្តរជាតិ​បានដឹង​កាន់តែច្បាស់​»​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់ថា នេះ​ជា​ឱកាស​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ លោកស្រី​ប្រាប់ថា​៖ «​យើង​នឹង​យក​វេទិកា​នេះ​ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ យើង​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​មកពី​គ្រប់ទិសទី​លើ​ពិភពលោក​»​។

កាលពីពេល​កន្លងទៅ វេទិកា​នេះ​គ្រោង​នឹង​រៀបចំ​ពីថ្ងៃ​ទី​ ១៧ ដល់​ថ្ងៃទី​ ២៣ ខែ មករា ឆ្នាំ​ ២០២១ ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​វា​ត្រូវបាន​ពន្យារពេល​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ​ ១៩៨១ វេទិកា​ទេសចរណ៍​អាស៊ាន (AFT) គឺជា​ព្រឹត្តិការណ៍​ដ៏ធំ​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ប្តូរ​វេន​គ្នា​រៀបចំ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍ និង​ធ្វើឱ្យ​តំបន់​អាស៊ាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​តែមួយ​ប្រកប​ដោយ​ភាពទាក់ទាញ​៕ LA