ធនាគារ​ភីភីស៊ីប៊ែង បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​គ្រប់គ្រង​ប័ណ្ណ​ថ្មី​មួយ​សម្រាប់​អតិថិជន​សេវាធនាគារ​ចល័ត​របស់​ខ្លួន។ ការ​អភិវឌ្ឍ​ប្រព័ន្ធ​នេះ គឺ​សមស្រប​ទៅ​នឹង​ការ​ប្តេជ្ញា​របស់​ធនាគារ​ចំពោះ​បច្ចេកវិទ្យា​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​បង្កើត​ភាព​ងាយ​ស្រួល​ ដែល​មិន​ធ្លាប់​មាន​សម្រាប់​អតិថិជនរបស់​ខ្លួន។

មុខងារ​ថ្មី​ធំៗ​ចំនួន ៣ បាន​ដាក់​បញ្ចូល​ក្នុង​សេវា​ធនាគារ​ចល័ត​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​គ្រប់គ្រង​ប័ណ្ណ និង​គណនី​ដែល​បាន​ភ្ជាប់​របស់​ពួក​គេ​បាន​យ៉ាង​ពេញ​លេញ។ រាល់ប្រតិបត្តិការ​ប័ណ្ណ​ដែល​អតិថិជន​បាន​ធ្វើ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​តាមរយៈ​ម៉ាស៊ីន​ឆូត​កាត​ឥឡូវនេះ​អាច​គ្រប់គ្រង​បាន​ទាំង​ស្រុង​ពី​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ។

ម្ចាស់​ប័ណ្ណ​ឥណទាន​របស់​ធនាគារ​ភីភីស៊ីប៊ែង​អាច​មើល​សមតុល្យ​សាច់​ប្រាក់​ភ្លាមៗ​គ្រប់​ពេលវេលាតាមរយៈ​កម្មវិធី​ទូរស័ព្ទ​ក៏​ដូច​ជា​ធ្វើ​ការ​ដក​សាច់​ប្រាក់​ជា​មុន​ទៅ​ក្នុង​គណនី​ធនាគារ​របស់​ពួក​គេ ដើម្បីធ្វើ​ការ​បញ្ជា​ទិញ​ទំនិញ​ផ្សេងៗ។ ការ​ទូទាត់​វិក្កយបត្រ​អាច​ធ្វើ​បាន​តាមរយៈ​កម្មវិធី​ធនាគារ​ទូរស័ព្ទដោយ​ផ្ទាល់ ដែល​អាច​ជួយ​សម្រួល​ដល់​ការ​បើក​ដក​មុន​ដល់​កាត​ឥណទាន​ផង​ដែរ។

ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ក្លែងបន្លំ ធនាគារ​ភីភីស៊ីប៊ែង បាន​បញ្ឈប់​ការ​ចេញ​លេខ​សម្ងាត់​បណ្តោះអាសន្ន​សម្រាប់​ប័ណ្ណ​ដែល​ចេញ​ថ្មី។ អតិថិជន​អាច​បង្កើត​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​តាមរយៈសេវា​ធនាគារ​ចល័ត ឬ​នៅ​តាម​ទូរ​អេធីអឹម ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស គឺ​អតិថិជន​ក៏​អាច​បញ្ជាដំណើរការ​ប័ណ្ណ​ថ្មី​ដោយ​ខ្លួន​ឯង​បាន​ផង​ដែរ។

ប្រព័ន្ធ​គ្រប់គ្រង​ប័ណ្ណ​ថ្មី​នេះ ក៏​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត​ភីភីស៊ីប៊ែង អាច​បង្កក និង​ដំណើរការ​ប័ណ្ណ​ឡើង​វិញ​ដោយ​ខ្លួន​ឯង​សម្រាប់​ប័ណ្ណ​ឥណពន្ធ​ និង​ប័ណ្ណ​ឥណទាន។​ ​វា​មាន​សារៈប្រយោជន៍​បំផុត​នៅ​ពេល​អ្នក​ភ្លេច​ប័ណ្ណ​នៅ​ទីកន្លែង​ណា​មួយ ​ឬ​ក្នុង​ករណី​ប័ណ្ណ​ត្រូវ​បាន​បាត់​ ឬ​ការបង្កក​អាច​ធ្វើ​បាន​ភ្លាមៗ និង​ជា​រៀង​រហូត​ បន្ទាប់​មក​អតិថិជន​អាច​ប្រើ​កម្មវិធី​ធនាគារ​ចល័ត​ភីភីស៊ីប៊ែង ​ដើម្បី​ស្នើសុំ​ចេញ​ប័ណ្ណ​សារ​ជា​ថ្មី​ឡើង​វិញ ដោយ​គ្រាន់​តែ​បញ្ជាក់​មូលហេតុ​ប៉ុណ្ណោះ។

ការ​ធ្វើ​បច្ចុប្បន្ន​ភាព​មុខងារ​ទាំង​នេះ អាច​ធ្វើ​ទៅ​បាន​ដោយសារ ធនាគារ​ភីភីស៊ីប៊ែង​បាន​ជំនួស​ដោយប្រព័ន្ធ​ដំណែល​របស់​ខ្លួន​ដោយ​សហការ​ជាមួយ «ស្មាត​វីស្តា (Smart Vista)» របស់​ក្រុមហ៊ុន «បីភីស៊ី» ជា​ប្រព័ន្ធ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ និង​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ។ លក្ខណៈ​ពិសេស​ថ្មី​នេះ ត្រូវ​បាន​ស្វាគមន៍​ដោយ​អ្នក​ប្រើ​សេវា​ធនាគារ​ចល័ត​ដែល​ពេញ​និយម​នឹង​ប្រណិតភាព និង​ប្រព័ន្ធ​ដែល​មាន​សមត្ថភាព​ពិសេស។

សេវា​ធនាគារ​ចល័ត​ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០១៧។ នៅ​ឆ្នាំ ២០១៩ វា​បានទទួល​ពាន​រង្វាន់​ទទួល​ស្គាល់​លើ «ការ​ឌីហ្សាញ» នៃ​ភាព​ច្នៃ​ប្រឌិត​ថ្មី​របស់​ខ្លួន។

គំនិត​ផ្តួច​ផ្តើម​របស់​ធនាគារ​ភីភីស៊ីប៊ែង ក្នុង​ការ​ជំរុញ​ប្រតិបត្តិការ​គ្មាន​សាច់​ប្រាក់​រួម​មាន​ការ​អនុម័តលើ​សេវាកម្ម «ទូទាត់​ប្រាក់​បាគង» របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​មាន​គោល​បំណង​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​អន្តរ​ប្រតិបត្តិការ​សម្រាប់​អតិថិជន​រវាង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ផ្សេងៗ។ ធនាគារ​ភីភីស៊ីប៊ែង ទើប​តែ​ដាក់​ចេញ​នូវ​ដំណាក់កាល​ទី២ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​គឺ «ការ​ផ្ទេរ​ប្រាក់​ទៅ​ធនាគារក្នុង​ស្រុក​តាម​ប្រព័ន្ធ​បាគង» អតិថិជន​របស់​ធនាគារ​ភីភីស៊ីប៊ែង អាច​ផ្ទេរ​ប្រាក់​ដោយ​ផ្ទាល់​ទៅ​ធនាគារក្នុង​ស្រុក​ណា​មួយ​ដែល​ជា​សមាជិក​របស់​បាគង​ដោយ​មិន​គិត​ថ្លៃ​សេវា។

ដោយ​ដឹង​ថា ជម្រើស​នៃ​ការ​ផ្ទេរ​ប្រាក់​អាច​មាន​ភាព​ច្របូកច្របល់​ធនាគារ​ភីភីស៊ីប៊ែង បាន​ដាក់បញ្ចូល​ជម្រើស​នៃ​ការ​ផ្ទេរ​ប្រាក់​រហ័ស ទាំង​អស់​ទៅ​ក្នុង​ជម្រើស​តែ​មួយ​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុងការ​ជ្រើសរើស។ លែង​ជា​បញ្ហា​ទៀត​ហើយ អតិថិជន​គ្រាន់​តែ​ចុច​លើ​ឈ្មោះ​ធនាគារ​មួយ​ណា​ដែលពួក​គេ​ចង់​ផ្ទេរ​ប្រាក់​ទៅ នោះ​ប្រព័ន្ធ​កម្មវិធី​ទូរស័ព្ទ​របស់​យើង នឹង​ពិនិត្យ​ជម្រើស ដែល​ល្អ​បំផុត​ជាមួយ សេវា​ផ្ញើ​ទាប​បំផុត​ដោយ​ស្វ័យប្រវត្ត​ នេះ​ជា​បច្ចេកេវិទ្យា​ថ្មី​មួយ​ដើម្បី​ធានា​ផ្ដល់​ជូន​អតិថិជន​របស់​ពួកយើង​នូវ​សេវាកម្ម​ធនាគារ​ចល័ត ដែល​មាន​ភាព​ងាយ​ស្រួល។​​ ទាញ​យក​សម្រាប់​ទូរស័ព្ទ​ដៃ​ចល័តឥឡូវ​នេះ​ ដែល​អាច​ប្រើប្រាស់​បាន​សម្រាប់​ទាំង​លើ​កម្មវិធី Android និង iOS។

លើស​ពី​នេះ​ទៀត កម្មវិធី​ធនាគារ​ចល័ត​នា​ពេល​ឆាប់ៗ​នេះ នឹង​អាច​អនុញ្ញាត​ឱ្យ​អតិថិជន​របស់ធនាគារ​ភីភីស៊ីប៊ែង ផ្ទេរ​ប្រាក់​ទៅ​កាន់​អេអឹមខេ (AMK Wallet) ឬ​លេខ​ទូរស័ព្ទ​របស់​អ្នក​ណា​ម្នាក់ដែល​អនុញ្ញាត​ឱ្យ​ដក​ប្រាក់​ពី​ភ្នាក់ងារ​អេអឹមខេ​ណា​មួយ​ក្នុង​ចំណោម​ភ្នាក់ងារ​ចំនួន ៥ ៥០០ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

អំពី​ធនាគារ​ភីភីស៊ីប៊ែង

ធនាគារ​ ភីភីស៊ីប៊ែង​ គឺ​​ជា​ធនាគារ​របស់​ប្រទេស​កូរ៉េខាងត្បូង​មួយ​ ដែល​​​​បាន​ចាប់​ផ្ដើម​អាជីវកម្ម​នៅកម្ពុជា​នៅ​ខែ​កញ្ញា ឆ្នាំ​ ២០០៨​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​នៃ​ក្រុមហ៊ុន JB Financial Group និង​ក្រុមហ៊ុន Apro Financial Co។ ធនាគារ​ ភីភីស៊ីប៊ែង កំពុង​ធ្វើ​ប្រតិបត្ដិការ​នៅ​ទូទាំង​ប្រទេស​កម្ពុជា តាមរយៈ​សាខា​ចំនួន ១៦​​ សាខា​នៅ​រាជធានី​ភ្នំពេញ និង​សាខា​ចំនួន ៧ នៅ​តាម​បណ្ដា​ខេត្ត​សំខាន់ៗ​មួយ​ចំនួន និង​មាន​ទូរ ATM ចំនួន ៦៥។

ធនាគារ​ ភីភីស៊ីប៊ែង​ ​បាន​ផ្តល់​ជូន​ផលិតផល និង​សេវាកម្ម​ផ្នែក​ធនាគារ​សំបូរ​បែប​ដែល​រួម​មាន​ទាំង​សេវា​ធនាគារ​លក្ខណៈ​ប្រពៃណី​ និង​បែប​ឌីជីថល​ទំនើប ដោយ​រាប់​បញ្ចូល​ទាំង​សេវា​ប្រាក់​បញ្ញើ ឥណទាន ​សេវា smartBiz ដែល​ជា​សេវាកម្ម​ធនាគារសម្រាប់​ផ្នែក​អាជីវកម្ម​បែប​ឌីជីថល​ និង​សេវា Mobile Teller ដែល​ជា​សេវា​ប្រឹក្សា​យោបល់​អតិថិជន​ទាំង​នៅ​ក្នុង​ និង​ក្រៅ​សាខា។​ ក្នុង​ឆ្នាំ ២០២០ ធនាគារ​ ភីភីស៊ីប៊ែង​ បាន​ចុះ​បញ្ជី​មូលបត្រ​ក្រុមហ៊ុនក្នុង​ផ្សារ​មូលបត្រ​កម្ពុជា។

ធនាគារ​ ភីភីស៊ីប៊ែង​ ចូលរួម​គាំទ្រ​យ៉ាង​សកម្ម​ក្នុង​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន( CSR Initiative) ដោយ​ក្លាយ​ជា​ធនាគារ​ដំបូង​បង្អស់​ដែល​បាន​ផ្តួច​ផ្តើម​​គំនិត​ក្នុង​ការ​លើក​កម្ពស់​​​​​បុគ្គលិក​ដែល​មាន​ពិការភាព​លើ​សោតវិញ្ញាណ ​តាមរយៈ​កិច្ច​សហការ​ជាមួយ​​​ហាង​កាហ្វេ Socials Coffee ​ដែល​មាន​នៅ​សាខា​ធនាគារ​​របស់​ខ្លួន​។

បន្ថែម​ពី​នេះ​ទៅ​ទៀត​ កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់ធនាគារ​ក៏​បាន​គាំទ្រ​ដល់​អង្គការ​បោស​សម្អាត​មីន​នៅ​កម្ពុជា ដូចជា អង្គការ APOPO កណ្ដុរ​ហិត​មីន «HeroRATsដែលកំពុងធ្វើការបោសសម្អាតមីន ដើម្បីលុបបំបាត់មីននៅកម្ពុជា៕