
ប្រជាពលរដ្ឋកំពុងរាប់លុយនៅក្នុងគេហដ្ឋានមួយនាពេលកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) នឹងធ្វើការដកហូតក្រដាសប្រាក់រៀលដែលមានការខូចខាត ឬ បាត់បង់ទ្រង់ទ្រាយ ប៉ុន្តែនៅតែរក្សាការប្តូរថ្មីនូវក្រដាសប្រាក់រៀលចាស់ ទក់ រហែកដោយមិនគិតកម្រៃសេវា នៅគ្រប់បញ្ជរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងតែស្នាក់ការកណ្តាល) នៅរៀងរាល់ម៉ោងធ្វើការ។
សេចក្តីប្រកាសព័ត៌មានស្តីពីការលើកកម្ពស់គុណតម្លៃ ប្រាក់រៀលបានផ្សាយ កាលពីថ្ងៃទី ១៣ កក្កដា បានឱ្យដឹងថា ក្នុងករណីដែលក្រដាសប្រាក់រៀលមានការខូចខាត ឬ បាត់បង់ទ្រង់ទ្រាយ ដូចមានចែងក្នុងមាត្រា ៥១ មាត្រា ៥២ និងមាត្រា ៥៣ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា (១៩៩៦) ធនាគារជាតិនៃកម្ពុជា សូមរក្សាសិទ្ធិដកហូតដោយគ្មានសំណង។
សេចក្តីប្រកាសព័ត៌មាន បន្តថា មាត្រា ៥១ ចែងថា «ធនាគារកណ្តាលអាចបដិសេធមិនប្តូរក្រដាសប្រាក់និងកាស បើសិនជា រូបភាពវាលែងមានភាពច្បាស់លាស់ បាត់បង់រូបភាពដើមឬធ្លុះធ្លាយឬដែលបាត់បង់ទំហំ ៣០ភាគរយឬលើសពីនេះ។ រូបិយវត្ថុទាំងនេះត្រូវដកចេញពីចរាចរហើយបំផ្លាញចោល ដោយគ្មានសំណងចំពោះម្ចាស់ទេ លើកលែងតែករណីពិសេសដែលធនាគារកណ្តាលអាចយល់ព្រម សងមួយចំណែកឬទាំងអស់»។
មាត្រា ៥២ ចែងថា «ក្រដាសប្រាក់ក្លែងក្លាយដែលយកមកបង់ឬប្តូរត្រូវរឹបអូសដោយគ្មានសំណង ហើយត្រូវជូនព័ត៌មានទៅអាជ្ញាធរមានសមត្ថកិច្ច»។
មាត្រា ៥៣ ចែងថា «ម្ចាស់ប្រាក់មិនអាចទាមទារពីធនាគារកណ្តាលឱ្យសង ចំពោះក្រដាស ប្រាក់ឬកាសណាដែលខ្លួនធ្វើឱ្យបាត់បង់ឬធ្វើឱ្យអន្តរាយឡើយ។ ធនាគារកណ្តាលអាចដកហូតយក ដោយគ្មានថ្នូរនូវក្រដាសប្រាក់ដែលមានការខូចខាតរូបភាពក្រៅ ពិសេសចំពោះក្រដាសប្រាក់ណា ដែលមានសរសេរ លាបពណ៌ បោះពុម្ព បោះត្រាឬបិទវត្ថុស្អិតពីលើឬឆ្លុះធ្លាយឬបាត់រូបភាពដោយប្រការណាក៏ដោយ»។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា ប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ ឯករាជ្យភាពសេដ្ឋកិច្ច និង ពង្រឹងសាមគ្គីភាពសង្គម។ ធនាគារជាតិនៃកម្ពុជាសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាជនកម្ពុជា នឹងបន្តស្មារតីសហការលើកកម្ពស់ប្រាក់រៀលជាតិ និងរួមចំណែកយ៉ាងសកម្មក្នុងការប្រឆាំងនឹងទង្វើទាំងឡាយណា ដែលប៉ះពាល់ដល់គុណតម្លៃ ប្រាក់រៀល៕
វីដេអូ៖