នៅ​ចន្លោះ​អាយុ​ពី​ ២០ ទៅ​ ៣០ ​ឆ្នាំ យុវជន​មួយចំនួន​បាន​ជួបប្រទះ​នឹង​ផលវិបាក​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់ខ្លួន ដោយសារ​ការគ្រប់គ្រង​ខ្ទង់​ចំណូល​ និង​ចំណាយ​ពុំមាន​តុល្យភាព ចំណាយ​ភាគច្រើន​មិនមាន​គោលដៅ​ច្បាស់លាស់ ដែល​មិនបាន​ផ្តល់​ផល​ត្រឡប់មកវិញ​ជា​ដុំកំភួន​នោះទេ​។

ទន្ទឹមនឹងនេះ យើង​សង្កេតឃើញ​ថា​យុវវ័យ​មួយចំនួន​ក៏​បាននិង​កំពុង​ចាប់ផ្តើម​ជជែក​គ្នា​ពី​បញ្ហា​លុយកាក់ ការវិនិយោគ ការចាប់ផ្តើម​អាជីវកម្ម និង​ព្យាយាម​ចង់​សាកល្បង​ធ្វើ​អ្វី​ថ្មីៗ ដែល​អាច​បង្កើន​ប្រភព​ចំណូល​បាន​។ ឧទាហរណ៍ ខ្លះ​បាន​ចាប់ផ្តើម​អាជីវកម្ម​តាម​អនឡាញ ខណៈ​ខ្លះទៀត​ព្យាយាម​រក​ការងារ​ក្រៅ​ម៉ោង​បន្ថែម ដែល​សុទ្ធសឹង​ជា​សញ្ញាណ​ល្អ​នៃ​ការអភិវឌ្ឍ​ធនធាន​ហិរញ្ញវត្ថុ​របស់ខ្លួន​។ តើ​យុវជន​អាច​ធ្វើ​អ្វី​បាន​ទៀត ដើម្បី​រៀបចំ​គោលដៅ​ហិរញ្ញវត្ថុ​របស់ខ្លួន​ឱ្យបាន​កាន់តែ​ប្រសើរ​?

យុវជន​អាច​រៀបចំ​គោលដៅ​ហិរញ្ញវត្ថុ​របស់ខ្លួន​ឱ្យមាន​ភាពរឹងមាំ និង​ប្រកបដោយ​ចីរភាព​បាន ដោយ​ចាប់ផ្តើម​ពី​ការចាយវាយ​ថវិកា​ឱ្យមាន​ប្រសិទ្ធភាព​ជាង​មុន ដោយ​បែរ​ពី​ការចាយវាយ​ខ្ជះខ្ជាយ​ទៅលើ​សម្ភារ​ដែល​មិនចាំបាច់ មក​ការវិនិយោគ​ដែល​អាច​ផ្តល់​ចំណូល​បន្ថែម​វិញ​។ ក្នុងចំណោម​ឧបករណ៍​វិនិយោគ​ទាំងអស់ ភាគហ៊ុន​អាចជា​ជម្រើស​មួយ​ដែល​យុវជន​គួរ​ពិចារណា​សាកល្បង ដោយសារ​វា​ត្រូវការ​ដើមទុន និង​កម្លាំង​តិច​។ ខាងក្រោម​នេះ​ជាហេតុ​ផល​ទាំង ៥ ​យ៉ាង ថា​តើ​ហេតុអ្វី​យុវជន​គួរ​ងាក​មក​ចាប់​អារម្មណ៍​លើ​ការវិនិយោគ​ភាគហ៊ុន​?

ផ្តល់​ប្រភព​ចំណូល​អកម្ម​ប្រកប​ដោយ​ចីរភាព និង​ចំណេញ​ខ្ពស់

​​អត្ថប្រយោជន៍​លេចធ្លោ​ខ្លាំង​ជាងគេ​របស់​ការវិនិយោគ​លើ​ភាគហ៊ុន គឺ​ការបង្កើត​ប្រភព​ចំណូល​អកម្ម​ដល់​វិនិយោគិន​។ ចំណូល​អកម្ម សំដៅ​ដល់​ប្រភេទ​ចំណូល​ដែល​ទទួលបាន​ដោយ​មិនចាំបាច់​ចូលរួម​ធ្វើការងារ​នោះ​សកម្ម​ទេ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​អ្នក​អាច​មាន​ពេលវេលា​ដើម្បី​ទៅ​បំពេញ​ការងារ​ប្រចាំថ្ងៃ​ផ្សេងទៀត​បាន​ផងដែរ​។ ដោយសារ​អ្នក​ពុំ​តម្រូវ​ឱ្យ​គ្រប់គ្រង​អាជីវកម្ម​ក្រុមហ៊ុន​ដែល​អ្នក​បាន​ទិញ​ភាគហ៊ុន​នោះ​ដោយផ្ទាល់ ទើប​ចំណូល​ដែល​បាន​ពី​ការវិនិយោគ​ភាគហ៊ុន ហៅថា​ចំណូល​អកម្ម ដោយ​អាចជា​ចំណេញ​មូលធន និង​ចំណូល​ពី​ការបែងចែក​ភាគលាភ​។ ដរាបណា​អ្នកវិនិយោគ​លើ​ភាគហ៊ុន​ដែលមាន​សក្តានុពល និង​កំណើន​ខ្ពស់ វា​នឹង​ផ្តល់ឱ្យ​អ្នក​នូវ​ប្រភព​ចំណូល​អកម្ម ដែល​ប្រកប​ដោយ​ចីរភាព និង​មាន​ចំណេញ​ខ្ពស់​។ ដូច្នេះ អ្នក​អាច​ទទួល​បាន​ចំណូល​ ២ ឬ​ ៣ ​ក្នុងពេល​តែមួយ ដោយ​ពុំ​ចាំបាច់​ចំណាយ​កម្លាំង និង​ពេលវេលា​ច្រើន​ហួសហេតុ​ពេក​នោះទេ​។

ងាយស្រួល​ក្នុង​ការចាប់ផ្តើម

ការវិនិយោគ​លើ​ភាគហ៊ុន គឺមាន​ភាពងាយស្រួល​ក្នុង​ការចាប់ផ្តើម ដោយសារ​វា​ត្រូវការ​ដើមទុន​តិច​។ ជាការ​ពិតណាស់ យុវជន​មួយចំនួន​តែង​យល់ថា កត្តា​កង្វះ​ដើមទុន​ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការចាប់ផ្តើម​ធ្វើ​អ្វីមួយ ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​ចោទ​សម្រាប់​ការវិនិយោគ​ភាគហ៊ុន​នោះទេ ដោយសារ​វិនិយោគិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ជួញដូរ​ចាប់ពី ១ ​ហ៊ុន​ឡើងទៅ ហើយ​ថ្លៃ​ភាគហ៊ុន​បច្ចុប្បន្ន​នៅលើ​ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​តម្លៃ​សមរម្យ ចន្លោះ​ពី​ជាង ២ ០០០៛ ទៅ​ត្រឹម ១៥ ០០០៛ ស្តើង​ប៉ុណ្ណោះ​។

ម្យ៉ាងវិញទៀត ការបើក​គណនី​ជួញដូរ មិនមាន​ភាពស្មុគស្មាញ និង​ពុំ​តម្រូវឱ្យ​ដាក់​ប្រាក់​តម្កល់​មុន​នោះទេ​។ ដំបូង អ្នក​តម្រូវឱ្យ​មាន​លេខ​អត្តសញ្ញាណ​វិនិយោគិន (Investor ID) ចំនួន​ ០១ ដែល​អាច​ចុះឈ្មោះ​ស្នើសុំ​អនឡាញ​បាន​តាមរយៈ​គេហទំព័រ​របស់​និយតករ​មូលបត្រ​កម្ពុជា​។ បន្ទាប់មក អ្នក​អាច​កាន់​លេខ​អត្តសញ្ញាណ​វិនិយោគិន​នោះ ទៅ​បើក​គណនី​ជួញដូរ​នៅ​ក្រុមហ៊ុន​មូលបត្រ​ណាមួយ​ក៏បាន​ក្នុង​ចំណោម​សមាជិក​ទាំង​ ១១ របស់​ផ្សារមូលបត្រ​កម្ពុជា​។ ជា​ចុងក្រោយ អ្នក​អាច​ចាប់ផ្តើម​ជួញដូរ​បាន​ដោយ​គ្រាន់តែ​ដាក់​ប្រាក់​ចូល​គណនី​ជួញដូរ ដែលមាន​តម្លៃ​ស្មើនឹង​ ១០០% នៃ​ទំហំ​ជួញដូរ បូក​បន្ថែម​សេវា​កម្រៃជើងសា​ប៉ុណ្ណោះ​។

បន្ថែម​ពីនេះ ភាព​អំណាយផល​នៃ​ការចេះ​ប្រើប្រាស់​បច្ចេកវិទ្យា ក៏​ជួយ​សម្រួល​ដល់​ការចាប់ផ្តើម​វិនិយោគ​របស់​យុវជន​ផងដែរ​។ នៅ​ទីផ្សារ​មូលបត្រ​កម្ពុជា វិនិយោគិន​អាច​ជួញដូរ​ភាគហ៊ុន​បាន​ដោយ​ខ្លួនឯង តាមរយៈ​ការប្រើប្រាស់​នូវ​ប្រព័ន្ធ​ជួញដូរ​ចល័ត MTS (Mobile Trading System)​។ បច្ចេកវិទ្យា​នេះ​ទៀតសោត ក៏​ជា​ជំនួយ​ដល់​យុវជន ក្នុង​ការស្រាវជ្រាវ និង​ទទួល​ព័ត៌មាន​អំពី​ទីផ្សារ​ភាគហ៊ុន​បាន​យ៉ាង​ឆាប់រហ័ស ងាយស្រួល និង​មាន​តម្លាភាព ដែលជា​ធាតុ​ចូល​យ៉ាងសំខាន់​ក្នុង​ការសម្រេចចិត្ត​របស់​វិនិយោគិន​ផងដែរ​។

យុវជន​ងាយ​ចាប់បាន​នូវ​អ្វី​ថ្មី

ចំណុចខ្លាំង​របស់​យុវជន​គឺ​ភាពឆាប់​ចាប់បាន និង​ភាព​ហ៊ាន​សាកល្បង​អ្វី​ថ្មីៗ​។ ជាជាង​ការទុក​ប្រាក់​សន្សំ​ចោល យុវជន​គួរ​ចាប់ផ្តើម​ប្រើប្រាស់​ភាពខ្លាំង​របស់ខ្លួន​ក្នុង​ការបង្កើន​នូវ​ប្រភព​ចំណូល​ដែល​អាច​ផ្តល់​អត្រា​ចំណេញ​ខ្ពស់ តាមរយៈ​ការយក​ប្រាក់​សន្សំ​ទៅ​វិនិយោគ​។ ជាទូទៅ មនុស្ស​មួយចំនួន​តែង​គិតថា ការវិនិយោគ​លើ​ភាគហ៊ុន គឺ​មាន​ការលំបាក ដោយសារ​វា​ទាមទារ​ឱ្យមាន​ការស្វែងយល់​ច្រើន​មុន​សម្រេចចិត្ត​វិនិយោគ ប៉ុន្តែ​វា​អាច​នឹងមាន​ភាពងាយស្រួល​វិញ​សម្រាប់​យុវជន ដោយសារ​ការរៀន​ឆាប់​ចេះ និង​ការ​ហ៊ាន​អនុវត្ត​ផ្ទាល់ ដែល​ញ៉ាំង​ឱ្យ​យុវជន​អាច​យល់ដឹង​កាន់តែ​ច្បាស់​អំពី​គន្លឹះ​សំខាន់ៗ​ក្នុង​ការរក​ផលចំណេញ​។

ម្យ៉ាងវិញទៀត ការចូលរួម​ក្នុង​ទីផ្សារ​ភាគហ៊ុន ជា​កម្លាំង​រុញច្រាន​ឱ្យ​យុវជន​ស្វែងយល់​បន្ថែម​នូវ​មេរៀន​ថ្មីៗ​ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ តាមរយៈ​ការតាមដាន​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ចុះបញ្ជី ហើយ​ការណ៍​នេះ​នឹង​ញ៉ាំងឱ្យ​យុវជន​ចេះ​រៀបចំ​លៃលក​គម្រោង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព​ជាង​មុន​ផងដែរ​។

យុវជន​អាច​មានឱកាស​ទទួលបាន​ជោគជ័យ​ខ្ពស់

អ្វីដែល​ធ្វើឱ្យ​យុវជន​ខ្លួនឯង​ផ្ទាល់​មាន​ឱកាស​ទទួលបាន​ជោគជ័យ​កាន់តែ​ខ្ពស់​ទៀត​នោះ គឺ​គេ​មាន​ពេលវេលា​គ្រប់គ្រាន់ និង​ភាព​ហ៊ាន​ប្រឈម​នឹង​ឧបសគ្គ​។ ទោះបី​ជា​ការវិនិយោគ​លើ​ភាគហ៊ុន​ទាមទារ​ពេលវេលា​វែង​ដើម្បី​ស្វែងយល់ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​អាក្រក់​នោះទេ ដោយសារ​គេ​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​រៀនសូត្រ​ពី​វា ក៏ដូចជា​កំហុស​នៃ​ការវិនិយោគ​កន្លងមក ដែល​ធ្វើ​ឱ្យគេ​អាចដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​វិនិយោគ​ បន្ទាប់​បាន​ត្រឹមត្រូវ ដើម្បី​ទាញយក​ឱកាស​ចំណេញ​។

យុវជន​ជា​កាតាលីករ​ជំរុញ​លើ​គ្រប់​វិស័យ

យុវជន​ជា​សសរ​គ្រឹះ​ដ៏រឹងមាំ​ទ្រទ្រង់​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ ដូចនេះ​វត្តមាន​របស់​គេ​ជា​កម្លាំង​រុញច្រាន​ដល់​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។ បច្ចុប្បន្ន យុវជន​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការជួយ​ដោះស្រាយ​នូវ​វិបត្តិ​សង្គម តាមរយៈ​ការផ្តួចផ្តើម​នូវ​គម្រោង និង​យោបល់​ថ្មីៗ​​ ដោយ​ការណ៍​នេះ​បាន​ធ្វើឱ្យ​យើង​ឃើញថា តួនាទី​របស់​យុវជន​ក្នុង​សង្គមជាតិ​ពិតជា​ពុំ​អាច​ខ្វះ​បានឡើយ​។

ស្រដៀង​គ្នា​ទៅនឹង​វិស័យ​ចម្បង​ផ្សេងៗ​ទៀត​ដែរ វិស័យ​មូលបត្រ​ត្រូវបាន​ចាត់ទុកជា​វិស័យ​អទិភាព​មួយ​ក្នុង​ការជំរុញ​នូវ​វឌ្ឍនភាព​របស់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ហើយ​វិស័យ​នេះ​អាច​រីកចម្រើន​ទៅបាន​ដូច​បច្ចុប្បន្ន ក៏​អាស្រ័យ​មាន​ការចូលរួម​ពី​សំណាក់​យុវជន​ទាំង​ផ្ទាល់ និង​ប្រយោល​ផងដែរ ដោយផ្ទាល់ សម្តៅ​ដល់​វិនិយោគិន​ដែល​ចូលរួម​ផ្ទាល់​ក្នុង​ទីផ្សារ និង​ដោយ​ប្រយោល សម្តៅ​ដល់​អ្នក​ដែល​ចូលរួម​ចែករំលែក​ចំណេះ ដឹង​អំពី​ទីផ្សារ​ភាគហ៊ុន​ទៅកាន់​សាធារណជន​ទូទៅ​។

ជាក់ស្តែង ភាគច្រើន​នៃ​អ្នកចូលរួម​ប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​ក្នុង​កម្មវិធី​ផ្សេងៗ​ដែល​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​បានរៀបចំ​កន្លងមក សុទ្ធសឹងតែ​ជា​យុវជន​។ យ៉ាងណាមិញ បើ​ធៀប​ទៅនឹង​បណ្តាល​ប្រទេស​ជិតខាង ក៏ដូចជា​ជុំវិញ​សកលលោក​ទាំងមូល យើង​សង្កេត​ឃើញថា វត្តមាន​របស់​យុវជន​ដែល​ចូលរួម​ក្នុង​វិស័យ​មូលបត្រ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ​។ ដូច្នេះ​ដើម្បីឱ្យ​វិស័យ​ដ៏ក្មេងខ្ចី​មួយ​នេះ អាច​បន្ត​រីកចម្រើន​ទៅមុខ​បាន កម្លាំង​របស់​យុវជន​ពិតជា​មាន​សារសំខាន់​ណាស់​៕

រៀបរៀង​ដោយ​៖ ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា នាយកដ្ឋាន ប្រតិបត្តិការ​ទីផ្សារ

អ៊ីមែល៖ market@csx.com.kh / ទូរស័ព្ទ​៖ 023 95 88 88 / 023 95 88 85

សេចក្តីប្រកាស​៖ អត្ថបទ​នេះ​ត្រូវបាន​ចងក្រង​ក្នុង​គោលបំណង​ផ្តល់​ជា ព័ត៌មាន និង​ការអប់រំ​ប៉ុណ្ណោះ​ដោយ​មិន​ផ្តល់​អនុសាសន៍​ណាមួយ​ទាក់ទង និង ការវិនិយោគ​ទេ​។ ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​មិន​ទទួល​ខុសត្រូវ​រាល់​ការបាត់បង់ ឬ​ខូចខាត​ណាមួយ​ដែល​កើតឡើង​ពី​ការប្រើប្រាស់​អត្ថបទ នេះឡើយ​។