ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-កូរ៉េ រយៈពេល​ ៥ ​ខែ​ដើមឆ្នាំ​ ២០២១ មានតម្លៃ​ប្រមាណ ៣៧៧ ​លាន​ដុល្លារ កើន​ជាង ៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ធ្លាក់ចុះ​តិចតួច និង​ការនាំចូល​ពី​កូរ៉េ​កើន​ជាង​ ១០ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (Kita)​។

ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​ ២០២១ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-កូរ៉េ មាន​ទឹកប្រាក់​សរុប ៣៧៧,០៥ ​លាន​ដុល្លារ​កើនឡើង ៦,១៧ ​ភាគរយ​ពី​ចំនួន ៣៥៥,១១ ​លាន​ដុល្លារ ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​​ ២០២០​។

ក្នុងនោះ​ការនាំចេញ​ពី​កម្ពុជា​មាន​ចំនួន ១៣៩,៤៦ ​លាន​ដុល្លារ ធ្លាក់ចុះ ០,៤ ​ភាគរយ​ពី​ចំនួន​ ១៤០,០៣ ​លាន​ដុល្លារ និង​ការនាំ​ចូល​ពី​កូរ៉េ មាន ២៣៧,៥៩ ​លាន​ដុល្លារ​កើនឡើង ១០,៥ ​ភាគរយ​ពី​ចំនួន ២១៥,០៩ ​លាន​ដុល្លារ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៣ ខែកក្កដា​ថា ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​ខាងលើ គឺ​បញ្ជាក់​ពី​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ប៉ុន្តែ​ទន្ទឹមនឹងនេះ​កម្ពុជា​ក៏ត្រូវ​ខិតខំ​ដើម្បី​ជំរុញ​ការនាំចេញ​របស់ខ្លួន​ទៅ​កូរ៉េ​ឱ្យបាន​កាន់តែ​ប្រសើរ​ផងដែរ​។

លោក​បន្តថា ការធ្លាក់ចុះ​ទឹកប្រាក់​នាំចេញ​ក្នុង​រយៈពេល​ខាងលើ អាច​មក​កត្តា​មួយចំនួន​ដូចជា តម្រូវការ​ប្រើប្រាស់​របស់​ប្រជាជន​កូរ៉េ​ធ្លាក់ចុះ និង​ផលិតផល​នាំចេញ​របស់​កម្ពុជា​មិនទាន់​ឆ្លើយតប​នឹង​ការចង់បាន​របស់​អតិថិជន​នៅ​កូរ៉េ​។

លោក​អះអាង​ថា​៖ «​តាមរយៈ​ទិន្នន័យ​នេះ គឺ​ទាមទារ​ឱ្យ​កម្ពុជា​ត្រូវ​សិក្សា​បន្ថែមទៀត​ពី​តម្រូវការ​ទីផ្សារ​ប្រទេស​កូរ៉េ ហើយក៏​ត្រូវតែ​ធ្វើ​ពិពិធកម្មការ​ផលិត​របស់ខ្លួន​ឱ្យ​កាន់តែ​មាន​ភាពសម្បូរបែប​ថែមទៀត​»​។

ទាក់ទង​នឹង​កំណើន​នៃ​ការនាំ​ចូល លោក វណ្ណៈ កត់សម្គាល់​ថា ទំនោរ​របស់​ប្រជាជន​ខ្មែរលើ​ផលិតផល​កូរ៉េ​កំពុង​កើនឡើង​ជា​បន្តបន្ទាប់ ពិសេស​ផលិតផល​គ្រឿងសម្អាង គ្រឿង​អេឡិចត្រូនិក និង​រថយន្ត​ជាដើម​។

បើតាម​លោក វណ្ណៈ ផលិតផល​កម្ពុជា​អាច​នឹងមាន​សក្តានុពល​ខ្ពស់​សម្រាប់​ទីផ្សារ​កូរ៉េ ប្រសិន​បើ​ការដាំដុះ កែច្នៃ វេចខ្ចប់ និង​ស្តង់ដា​អនាម័យ​ស្របតាម​ការកំណត់​របស់​ភាគី​កូរ៉េ​។

ខណៈ​កម្ពុជា និង​ប្រទេស​កូរ៉េ​បាន​បញ្ចប់​ការចរចា​ ១០០ ​ភាគរយ​ទៅលើ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA) ​ជាមួយ​គ្នា​កាលពី​ដើម​ឆ្នាំ​ ២០២១ ហើយ​រដ្ឋាភិបាល​ទាំង​ ២ គ្រោង​នឹង​ចុះហត្ថលេខា​រួមគ្នា​នៅ​ចុង​ឆ្នាំនេះ លោក វណ្ណៈ បាន​ប្រាប់ថា នៅពេល​មាន FTA កម្ពុជា​នឹង​អាច​មានឱកាស​ទាក់ទាញ​វិនិយោគិន​កូរ៉េ​កាន់តែ​ច្រើន​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ដោយសារ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​អំណោយផល​ច្រើន​ទាំង​ទីតាំង​ភូមិសាស្ត្រ កម្លាំង​ពលកម្ម​ជំនាញ និង​តម្លៃ​ពលកម្ម​សមរម្យ​។

អនុប្រធាន​សភាពាណិជ្ជកម្ម លោក លឹម ហេង និយាយ​ថា ការកើនឡើង​ទំហំ​ទឹកប្រាក់​នាំចូល និង​ធ្លាក់ចុះ​ទឹកប្រាក់​នាំ​ទំនិញ​ចេញ​របស់​កម្ពុជា​អាច​ ដោយសារ​តម្រូវការ​នៅ​កូរ៉េ​ធ្លាក់ចុះ ប៉ុន្តែ​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ប្រទេស​ទាំង ២ កើតឡើង​ជា​ផ្លូវការ មាន​ភាពវិជ្ជមាន​នៃ​ទំហំ​ទឹកប្រាក់​នាំចេញ និង​នាំចូល​អាច​នឹងមាន​កំណើន​ព្រម​គ្នា​។ លោក​បន្ថែមថា FTA នឹង​ធ្វើឱ្យ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ មាន​ទំហំ​កាន់តែ​ធំ ហើយ​សមត្ថភាព​ប្រកួតប្រជែង​ក៏​នឹង​កើនឡើង​ផងដែរ​។

លោក​ប្រាប់ថា​៖ «​ការរៀបចំ​ខ្លួន​ពី​ពេលនេះ​ ដើម្បី​បង្កើន​សមត្ថភាព​នាំចេញ​ទៅ​ទីផ្សារ​កូរ៉េ​នៅពេល FTA ចូល​ជា​ធរមាន គឺជា​ការចាំបាច់​»​។

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​កាន់​កូរ៉េខាងត្បូង រួមមាន​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់​អេឡិចត្រូនិក កៅស៊ូ ថ្នាំពេទ្យ និង​ផលិតផល​កសិកម្ម ហើយ​កម្ពុជា​នាំចូល​មកវិញ​រួមមាន យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារ​ផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផល​ប្លាស្ទិក​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​មាន​ចំនួន ៨៨៤,៨៨ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០ ធ្លាក់ចុះ ១៧,៧៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ១ ០៣២ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (Kita)​។

ទិន្នន័យ​នោះ​ឱ្យដឹង​ទៀត​ថា កម្ពុជា​បាន​នាំ​ចេញទៅ​ទីផ្សារ​កូរ៉េ​ក្នុងតម្លៃ​ជាង ៣១៧ ​លាន​ដុល្លារ​ធ្លាក់ចុះ ៥,៤ ភាគរយ ចំណែក​ការនាំ​ចូលមក​វិញ​មាន​ជាង ៥៦៧ លាន​ដុល្លារ ធ្លាក់ចុះ ១៨,៦ ភាគរយ​៕ LA