
ក្រុមកម្មការិនីកំពុងដេរសម្លៀកបំពាក់ក្នុងរោងចក្រមួយនៅភ្នំពេញ។ ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ គណៈកម្មាធិការប្រឹក្សាគម្រោង (PAC) នៃកម្មវិធីរោងចក្រកាន់តែប្រសើរ (BFC) នៅកម្ពុជាបានប្ដេជ្ញាថានឹងរួមចំណែកក្នុងការធានាសិទ្ធិការងារ លក្ខខណ្ឌការងារ និងបង្កើនសមត្ថភាព និងផលិតភាពនៅក្នុងវិស័យកាត់ដេរនៅកម្ពុជា។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍។
PAC គឺជាតំណាងមកពីរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ព្រមទាំងនិយោជកពីសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) និងតំណាងកម្មករមកពីសម្ព័ន្ធ និងសហព័ន្ធផ្សេងៗគ្នាជាច្រើនទៀត។
សេចក្ដីថ្លែងការណ៍ PAC បានចេញផ្សាយកាលពីថ្ងៃទី ៧ ខែកក្កដា បានឱ្យដឹងថា PAC បន្តធ្វើជាដៃគូក្នុងការកែលម្អលក្ខខណ្ឌការងារនៅក្នុងវិស័យនេះ និងប្ដេជ្ញារួមចំណែកក្នុងការធានាសិទ្ធិការងារ លក្ខខណ្ឌការងារ បង្កើនសមត្ថភាពប្រកួតប្រជែង និងផលិតភាពនៅក្នុងវិស័យកាត់ដេរ ស្បែកជើង ទំនិញធ្វើដំណើរ និងឧស្សាហកម្មកាបូបរបស់កម្ពុជា។
PAC ក៏បានប្ដេជ្ញានឹងផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពរោងចក្របន្ថែមសម្រាប់អនុលោមភាពប្រកបដោយចីរភាព ដើម្បីរក្សាផលិតភាព ការងារសមរម្យ និងមាននិរន្តរភាពសម្រាប់កម្លាំងពលកម្មនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍បន្តថា៖ «យើងជាសមាជិក PAC នៃកម្មវិធីរោងចក្រកាន់តែប្រសើរ សូមទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរួម និងសមិទ្ធផលដែលបានធ្វើឡើងរួមគ្នាជាមួយ BFC ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ដើម្បីគាំទ្រវិស័យកាត់ដេរនៅក្នុងអំឡុងពេលដ៏ពិបាកនេះ ហើយយើងរក្សាការប្ដេជ្ញាចិត្តថា នឹងគាំទ្រកម្មវិធីរោងចក្រកាន់តែប្រសើរនេះ»។
វិធីសាស្ដ្ររបស់កម្មវិធីនេះរួមមានចាប់ពីការបង្កើតឱ្យមានការសន្ទនាសង្គមតាមរយៈគណៈកម្មាធិការថ្នាក់គ្រប់គ្រងកម្មករ ទៅដល់ការផ្ដល់សេវាប្រឹក្សាតាមតម្រូវការរោងចក្រ ដើម្បីជួយពួកគេដោះស្រាយបញ្ហាប្រឈមច្បាប់ការងារផ្ទាល់របស់ពួកគេ ឬប្រើប្រាស់របាយការណ៍សាធារណៈ ដើម្បីជំរុញការកែលម្អលក្ខខណ្ឌការងារនៅរោងចក្រ និងបរិយាកាសកន្លែងធ្វើការងារនៅក្នុងឧស្សាហកម្ម។
PAC ថែមទាំងបានប្ដេជ្ញាចិត្តចំពោះវិធានការបង្ការជំងឺកូវីដ ១៩ នៅក្នុងវិស័យកាត់ដេរ និងដើម្បីធ្វើការងាររួមគ្នាលើការស្ទុះងើបឡើងវិញ និងដើម្បីដោះស្រាយផលវិបាក ដោយសារការរីករាលដាលជំងឺកូវីដ ១៩។ សម្រាប់ការងារនេះ PAC ក៏ប្ដេជ្ញាចិត្តក្នុងការគាំទ្របរិយាកាសដែលតំណាងថៅកែ និងកម្មករ អាចដោះស្រាយបញ្ហាតាមរយៈការសន្ទនាសង្គមប្រកបដោយប្រសិទ្ធភាព និងភាពចាស់ទុំ។
ការរីករាលដាលជំងឺកូវីដ ១៩ កំពុងធ្វើឱ្យមានបញ្ហាប្រឈមចំពោះឧស្សាហកម្មទូទៅពិភពលោក និងនៅកម្ពុជាផងដែរ។ ដើម្បីស្ទុះងើបឡើងវិញពីការរីករាលដាលជំងឺនេះ PAC នឹងបន្តចូលរួមជាមួយភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្ម រួមមាន រោងចក្រផលិត និងអ្នកទិញ ដើម្បីធ្វើការងារសម្រាប់ឧស្សាហកម្មនេះ ដែលមានវប្បធម៌ប្រតិបត្តិការដ៏ល្អ និងការអនុលោមភាពប្រកបដោយចីរភាពត្រូវមាននៅក្នុងវិស័យនេះ។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា៖ «ទាក់ទងនឹងបញ្ហានេះយើងអំពាវនាវឱ្យមានសកម្មភាពរួមពីដៃគូឧស្សាហកម្មទាំងអស់នៅកម្ពុជា និងអន្តរជាតិដើម្បីគាំទ្រវិស័យកាត់ដេរកម្ពុជា ទ្រទ្រង់ឧស្សាហកម្ម និងជីវិតរបស់កម្មករក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ ទូទាំងពិភពលោក»។
លោក ខេន លូ អគ្គលេខាធិការ GMAC ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីខែកុម្ភៈ អំពីផែនការរបស់រដ្ឋាភិបាលក្នុងការពង្រីកការគ្របដណ្ដប់របស់គម្រោង BFC ដើម្បីដាក់បញ្ចូលរោងចក្រទំនិញធ្វើដំណើរ និងរោងចក្រកាបូប។
លោកថ្លែងថា៖ «នេះជាការចង្អុលបង្ហាញយ៉ាងច្បាស់លាស់នៃការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលនៅក្នុងការធានាឱ្យប្រាកដថា ក្រុមហ៊ុននាំចេញក្នុងវិស័យ ២ នេះ ប្រកាន់ខ្ជាប់អនុលោមភាពខ្ពស់នៃច្បាប់ការងារក្នុងប្រទេស និងស្ដង់ដាការងារអន្តរជាតិ»។
លោកលើកឡើងថា៖ «GMAC គឺជាហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នាជាមួយ BFC ក៏ដូចជាក្រសួងការងារ និងក្រសួងពាណិជ្ជកម្ម។ យើងគាំទ្រដល់គំនិតផ្តួចផ្ដើមនេះ»។
យោងតាម ILO គម្រោង BFC ជាប់ពាក់ព័ន្ធកម្មករ និងរដ្ឋាភិបាលក្នុងការកែលម្អលក្ខខណ្ឌការងារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ឧស្សាហកម្មកាត់ដេរ។ បច្ចុប្បន្នមានរោងចក្រចំនួន ៥៥៧ មានកម្មករចំនួន ៦១៤ ២៤២ នាក់ និងយីហោ និងក្រុមហ៊ុនលក់រាយចំនួន ៥៩ បានដាក់បញ្ចូលក្នុងគម្រោងនេះ៕ LA