ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គ្រោង​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ (Single Portal) ដំណាក់កាល​ទី​២ នៅ​ខែក្រោយ បន្ទាប់ពី​ការចុះបញ្ជី​តាម​ប្រព័ន្ធ​នេះ​ទទួលបាន​ជោគជ័យ​នៅ​ដំណាក់កាល​ទី​១ ក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​កន្លងមកនេះ​។

ផែនការ​នេះ​ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​អន្តរក្រសួង​ស្តីពី​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ដំណាក់កាល​ទី​២ ដែល​ដឹកនាំ​ដោយ លោក ផាន់ ផល្លា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ១២ ខែកក្កដា តាម​ប្រព័ន្ធ​អនឡាញ​។

ក្រសួង​ស្ថាប័ន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រួមមាន​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អគ្គនាយកដ្ឋាន​ពន្ធដារ អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​ «​តេជោ​»​។

លោក ផាន់ ផល្លា ថ្លែងថា​៖ «​ការពិភាក្សា​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​មួយចំនួន មុន​ការដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ដំណាក់កាល​ទី​ ២ នាពេល​ឆាប់ៗ​ខាងមុខ​»​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៥ ខែ មិថុនា ឆ្នាំ​ ២០២០​។ ក្រសួង និង​ស្ថាប័នរដ្ឋ ៦ ដែល​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​នេះ​រួមមាន​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

លោក ឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ១៣ ខែកក្កដា​ថា ក្រសួង​បាន​ត្រៀម​រួចហើយ​ក្នុង​ការដាក់​បញ្ជូន​ទៅក្នុង​ប្រព័ន្ធ Single Portal សម្រាប់​ដំណើរការ​ដំណាក់​ទី​២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែក្រោយ​នេះ​។

លោក​ប្រាប់ថា​៖ «​យើង​បានបញ្ចប់ Single Portal របស់​ក្រសួង​ខ្ញុំ​ពី ​៩០-៩៥ ​ភាគរយ​ហើយ យើង​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ដាក់​បញ្ជូន​គ្នា​សម្រាប់​ដំណើរការ​ដំណាក់កាល​ទី​ ២​។ បើ​មិនមាន​ការប្រែប្រួល ប្រហែលជា​យើង​អាចដាក់​ឱ្យ​ដំណើរការ​បាន​នៅ​ចុងខែ​កក្កដា ឬ​ដើមខែ​សីហា​ខាងមុខ​»​។

លោក​បន្ថែមថា ការដាក់ឱ្យ​ដំណើរការ Single Portal នេះ​ជា​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការជួយ​សម្រួល​ដល់​ធុរកិច្ច និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

លោក​និយាយថា​៖ «​ខ្ញុំ​សូមឱ្យ​បងប្អូន​នៅក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងអស់​ឱ្យ​ស្វែងយល់​ពី​សារប្រយោជន៍​នៃ​ការចុះបញ្ជី​ជា​អាទិភាព​ដើម្បី​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​រដ្ឋាភិបាល ហើយ​វា​នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការរកស៊ី​ជាដើម​»​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន មាន​លក្ខណពិសេស​ដូចជា កាត់បន្ថយ​នីតិវិធី​តាមរយៈ​ការភ្ជាប់​គ្នា​រវាង​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន​ពន្ធដារ និង​បង្កើត​ការចុះបញ្ជី​ជា​កញ្ចប់​ក្នុងពេល​តែមួយ​នៅលើ​ថ្នាល​តែមួយ កាត់បន្ថយ​ពេល​មក​ត្រឹម ៨ ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ និង​កាត់បន្ថយ​ការចំណាយ​ថវិកា​ប្រមាណ ៤០ ​ភាគរយ​បើ​ធៀប​នឹង​នីតិវិធី​ចាស់​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​ «​ជាមួយនឹង​កំណែទម្រង់​លើ​នីតិវិធី​ចុះបញ្ជី​នេះ ធុរជន​មាន​ភាពងាយស្រួល​ក្នុងការ​ចុះបញ្ជី​ដែល​អនុញ្ញាត​ឱ្យ​ធុរកិច្ច​មាន​អត្តសញ្ញាណ​ត្រឹមត្រូវ និង​ស្របច្បាប់ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការស្នើសុំ​ឥណទាន​ពី​កម្មវិធី​ហិរញ្ញវត្ថុ ពិសេស​ពី​រដ្ឋាភិបាល​ដែលជា​វិធានការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូវីដ​ ១៩»​។

ក្រុមហ៊ុន​ជាង ៦ ​ពាន់​បាន​ចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដែលមាន​ទុន​សរុប ២ ៦៣១ លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែមិថុនា ឆ្នាំ​ ២០២១​។

ក្នុង​រយៈពេល ១ ​ឆ្នាំ​នេះ អាជីវកម្ម​ចុះបញ្ជី​ត្រូវ​បានអនុម័ត​រួមមាន អាហរ័ណនីហរ័ណ ទិញ​លក់ ជួសជុល​យានយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ ៣៨,១១ ​ភាគរយ​, សកម្មភាព​អចលនវត្ថុ ១០,២៩ ​ភាគរយ​, កម្មន្តសាល ៨,៥៨ ​ភាគរយ សកម្មភាព​សេវាកម្ម​ស្នាក់នៅ និង​អាហារ ៨,៤៧ ​ភាគរយ សកម្មភាព​អាជីវកម្ម​វិជ្ជាជីវៈ​វិទ្យាសាស្ត្រ និង​បច្ចេកទេស ៧,៦ ​ភាគរយ និង​វិស័យ​ផ្សេងៗ​ទៀត​មាន​ចំនួន ២៧,៥៥% ​ភាគរយ​៕ LA