ភ្នំពេញៈ តម្លៃ​គ្រាប់ស្វាយចន្ទី​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ នេះ​មាន​ភាពប្រហាក់ប្រហែល​ឆ្នាំមុន ខណៈ​ទិន្នផល​ប្រមូលបាន​អាច​ធ្លាក់ចុះ​បន្តិចបន្តួច​។

លោក ខាន់ កុសល ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ខេត្តព្រះវិហារ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នា​ថ្ងៃទី​ ១៣ ខែកក្កដា ថា តំបន់​លោក​រស់នៅ គ្រាប់​ស្វាយចន្ទី​មាន​តម្លៃ​មធ្យម​ពី ១ ៦០០-១ ៧០០ ​ដុល្លារ​ ក្នុង​ ១ ​តោន គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​។ ចំណែក​ទិន្នផល​កសិករ​ប្រមូលបាន គឺ​ទាប​ជាមុន​ដែល​អាចមកពី​កត្តា​អាកាសធាតុ និង​បច្ចេកទេស​ដាំដុះ​នៅមាន​កម្រិត​។

លោក​និយាយថា​៖ «​តម្លៃ​ឆ្នាំនេះ​មិន​កើនឡើង​ទេ ចំណែក​ទិន្នផល​អាច​ធ្លាក់ចុះ​ខ្លះ ដោយ​មិនមែន​តែ​នៅ​តំបន់​ដែល​ខ្ញុំ​ប្រមូល​ទិញ​នោះទេ​»​។

លោក​បន្ថែមថា ជាមួយ​គ្នា​ការបញ្ជាទិញ​គ្រាប់ស្វាយចន្ទី​ពី​សិប្បកម្ម​លោក​គឺ​ប្រហាក់ប្រហែល​ឆ្នាំមុន​ដដែល​។

ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ព្រះវិហារ លោក ក្រូច បញ្ញាវន្ត បាន​និយាយថា តម្លៃ​គ្រាប់ស្វាយចន្ទី​នៅក្នុង​ខេត្តព្រះវិហារ​ឆ្នាំនេះ​ធ្លាក់ចុះ​ខ្លះ​បើ​ធៀប​នឹង​ឆ្នាំមុន ដោយ​មាន​តម្លៃ​ចន្លោះ​ពី ៣​ ៥០០-៥ ២០០ ​រៀល ​ក្នុង​ ១ ​គីឡូក្រាម ខណៈ​កាលពី​ឆ្នាំ​មុនពេល​ឡើង​ខ្ពស់​មាន​រហូតដល់​ជិត ៧ ០០០ ​រៀល​។

បើតាម​លោក​ បញ្ញាវន្ត​៖ «​ការធ្លាក់ចុះ​នេះ​អាច​បណ្តាល​មកពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​ធ្វើឱ្យ​ការបញ្ជាទិញ​ទាំង​សម្រាប់​ការកែច្នៃ​ក្នុងស្រុក និង​នាំចេញ ធ្លាក់ចុះ​ព្រម​គ្នា​»​។

យោងតាម​លោក បញ្ញាវន្ត ការប្រមូលផល​ស្វាយចន្ទី គឺ​ចាប់ពី​ខែមករា ដល់​ខែឧសភា ដោយ​ជា​មធ្យម​ក្នុង​ខេត្ត​ព្រះវិហារ ផ្តល់​ទិន្នផល ២,២ ​តោន ​ក្នុង​ ១ ​ហិកតា​។ រដូវ​ប្រមូលផល​ឆ្នាំនេះ​ខេត្តព្រះវិហារ​ប្រមូលផល​គ្រាប់ស្វាយចន្ទី​បាន​ប្រមាណ ៤៥ ០០០ ​តោន​។

លោក​អះអាងថា​៖ «​ស្វាយចន្ទី គឺជា​ផលិតផល​ដែលមាន​សក្តានុពល​ខ្ពស់​សម្រាប់​កែច្នៃ និង​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ហេតុនេះ​សកម្មភាព​ការដាំដុះ​នឹងមាន​ចំនួន​កាន់តែច្រើន​នៅពេល​ខាងមុខ​»​។

ដោយឡែក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ លោក តូច សុខន បាន​ប្រាប់ថា តម្លៃ​គ្រាប់ស្វាយចន្ទី​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​កើន​តិចតួច ដោយ​មាន​តម្លៃ ១ ៣០០-១ ៤០០ ​ដុល្លារ​ក្នុង​ ១ ​តោន ខណៈ​នៅ​ឆ្នាំមុន ១ ១០០ ​ដុល្លារ​។ ការកើនឡើង​នេះ​ដោយសារ​តម្រូវការ​កើន​ខ្ពស់ជាង​មុន​។

របាយការណ៍​ក្រសួងកសិកម្ម​ឱ្យដឹងថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី ៨៤៣ ២៤៣,២៦ ​តោន កើន ៣៣៦,៤៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០៕ LA