ភ្នំពេញៈ ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា (CBC) ដែល​ទើប​បង្កើតឡើង​ថ្មីៗ​មាន​ស្នាក់ការ​នៅ​ទីក្រុង​បាងកក និង​សមាគម​ជំរុញ​កិច្ចសន្យា​បន្ត​ថៃ (Thai Subcon) បាន​ចុះ​អនុស្សរណ:​យោគយល់​គ្នា​ (MoU) ដើម្បី​រួមគ្នា​លើកកម្ពស់​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ដែល​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​សម្រាប់​ការរួមចំណែក​អនុវត្ត​យុទ្ធសាស្ដ្រ​ការទូត​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

ពិធី​ចុះហត្ថលេខា​ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ១៣ ខែកក្កដា​។ ពិធី​នេះ​ត្រូវបាន​ធ្វើ​ក្រោម​អធិបតីភាព​លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​ធ្វើ​សាក្សី​ដោយ​លោក ហេង សុវណ្ណារិទ្ធិ អនុព័ន្ធ​ពាណិជ្ជកម្ម​កម្ពុជា​។ MoU នេះ​ត្រូវបាន​ចុះហត្ថលេខា​តាម​ប្រព័ន្ធ​អនឡាញ​រវាង​លោក សម្បត្តិ សុធា ប្រធាន CBC និង​លោក KiattisakJirakajornwong ប្រធាន​ Thai Subcon​។

លោក សម្បត្តិ សុធា បានឱ្យ​ដឹងថា ការបង្កើត​បណ្ដាញ​កិច្ចសហប្រតិបត្តិការ​ដ៏រឹងមាំ​មួយ​ជាមួយ​អង្គការ​ពាក់ព័ន្ធ និង​កិច្ចសហប្រតិបត្តិការ គឺជា​កត្តា​ប្រកប​ដោយ​ជោគជ័យ​ក្នុង​ការបំពេញ​បេសកកម្ម​របស់លោក​។

លោក​ថ្លែងថា​៖ «​គោលបំណង​ MoU រវាង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា និង Thai Subcon គឺ​ដើម្បី​ផ្ដល់ និង​ផ្លាស់ប្តូរ​ព័ត៌មាន​ដែល​ជាប់​ពាក់ព័ន្ធ​ការតភ្ជាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម និង​វិនិយោគ​នៃ​សមាជិក​ភាគី​ទាំង​ ២ ដើម្បី​ផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិការ ឬ​សកម្មភាព​អភិវឌ្ឍន៍​រួម និង​ការពង្រីក​បណ្ដាញ​អាជីវកម្ម​»​។

លោក​បន្តថា​៖ «​យើង​នឹង​គាំទ្រ​រួមគ្នា​ដល់​សកម្មភាព​ទាំងអស់​នៃ​បណ្ដាញ​ទីផ្សារ ដើម្បី​ផ្សព្វផ្សាយ​ឱកាស​អាជីវកម្ម និង​ការវិនិយោគ​របស់​ពួកគេ ការផ្លាស់ប្តូរ​វប្បធម៌ និង​ការតភ្ជាប់​សង្គម​ផងដែរ​»​។

លោក​លើកឡើង​ទៀតថា​៖ «​តាងនាម​ឱ្យ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា ខ្ញុំ​មាន​ក្ដី​រីករាយ​ខ្លាំង​បំផុត ដែល​មើលឃើញ​ការផ្តួចផ្ដើម​ទំនាក់ទំនង​នេះ ហើយ​នឹង​ធានា​ឱ្យ​ប្រាកដថា នេះ​គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​បំផុត​ប៉ុណ្ណោះ សម្រាប់​អង្គការ​ទាំង​ ២ ក្នុង​ការអភិវឌ្ឍ​បន្ថែមទៀត​កាន់តែ​ជិតស្និទ្ធ និង​កិច្ចសហការ​ប្រកប​ដោយ​ផ្លែផ្កា​នៅពេល​អនាគត​ដ៏ខ្លី​ខាងមុខ​»​។

បច្ចុប្បន្ន Thai Subcon មាន​សមាជិក​ជាង ៤០០ ដែល​គ្របដណ្ដប់​លើ​បណ្ដុំ​ឧស្សាហកម្ម​ដ៏ទូលំទូលាយ​ចាប់ពី​គ្រឿងបន្លាស់​រថយន្ត គ្រឿង​ម៉ាស៊ីន​កែច្នៃ​អាហារ និង​អេឡិចត្រូនិក​។

លោក Kiattisak Jirakajornwong បានឱ្យដឹងថា Thai Subcon ​មាន​ចក្ខុវិស័យ​ច្បាស់លាស់ រួម​ជាមួយ​នឹង​ការប្ដេជ្ញាចិត្ត​ក្នុង​ការលើកកម្ពស់ និង​អភិវឌ្ឍ​សមត្ថភាព​របស់​សមាជិក សមាគម​ដើម្បី​បង្កើន​សក្ដានុពល​ការផលិត​ឱ្យ​កាន់តែ​ទូលំទូលាយ ការគ្រប់គ្រង​ទីផ្សារ និង​លទ្ធកម្ម​។

លោក​និយាយថា​៖ «​យើង​អាច​ផ្ដល់​លទ្ធភាព​ទៅដល់​សមាជិក​នូវ​ប្រភព​បច្ចេកវិទ្យា និង​នវានុវត្តន៍​។ នៅពេលនេះ យើង​បម្រើ​ជា​ផ្នែក​កណ្ដាល​ក្នុង​ការតភ្ជាប់​សមាជិក​របស់​យើង​ជាមួយ​នាយកដ្ឋាន​រដ្ឋ អង្គការ​ក្នុងស្រុក និង​អន្តរជាតិ​។ យើង​មាន​ជំនឿ​ថា ការធ្វើ​ទីផ្សារ ព្រមទាំង​បណ្ដាញ​សម្ព័ន្ធភាព គឺមាន​សារៈសំខាន់​សម្រាប់​កំណើន​ជាប្រចាំ​នៃ​សមាជិក​របស់​យើង​»​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ផ្ទាល់​តំណាង​ឱ្យ Thai Subcon សន្យាថា នឹង​សម្រេច​ឱ្យបាន និង​ធ្វើឱ្យ​មាន​រូបរាង MoU នេះ​ឡើង​សម្រាប់​អត្ថប្រយោជន៍​របស់​សមាគម​ទាំង​ ២ និង​សម្រាប់​សុច្ឆន្ទៈ​របស់​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ផងដែរ​»​។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ សម្រេច​បាន ៧,២៣៦ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០ ធ្លាក់ចុះ​ ២៣,១៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដោយសារតែ​ការរំខាន​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩៕LA