ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) នឹង​ធ្វើការ​ដកហូត​ក្រដាស​ប្រាក់រៀល​មានការ​ខូចខាត ឬ​បាត់បង់​ទ្រង់ទ្រាយ ប៉ុន្តែ​នៅតែ​រក្សា​ការប្តូរ​ថ្មី​នូវ​ក្រដាស​ប្រាក់រៀល​ចាស់ ទក់ ឬ​រហែក​ដោយ​មិន​គិត​កម្រៃ​សេវា​នៅ​គ្រប់​បញ្ជរ​បេឡា​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​រាជធានី​-​ខេត្ត (​លើកលែង​ស្នាក់ការ​កណ្តាល​) នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ការលើកកម្ពស់​គុណតម្លៃ​ប្រាក់រៀល ដែល​ផ្សព្វផ្សាយ​ថ្ងៃទី​ ១៣ ខែកក្កដា​ឱ្យ​ដឹងថា ក្នុង​ករណី​ក្រដាស​ប្រាក់រៀល​មាន​ការខូចខាត ឬ​បាត់បង់​ទ្រង់ទ្រាយ​ដូច​មាន​ចែង​ក្នុង​មាត្រា ៥១ មាត្រា ៥២ និង​មាត្រា ៥៣ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ (១៩៩៦) ​ធនាគារជាតិ​សូម​រក្សា​សិទ្ធិ​ដកហូត​ដោយ​គ្មាន​សំណង​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា មាត្រា ៥១ ​ចែង​ថា​ «​ធនាគារកណ្តាល​អាច​បដិសេធ​មិន​ប្តូរ​ក្រដាសប្រាក់ និង​កាស​បើសិន​រូបភាព​វា​លែងមាន​ភាពច្បាស់លាស់ បាត់បង់​រូបភាព​ដើម ឬ​ធ្លុះធ្លាយ ឬ​ដែល​បាត់បង់​ទំហំ ៣០ ​ភាគរយ ឬ​លើសពីនេះ​។ រូបិយវត្ថុ​ទាំងនេះ​ត្រូវ​ដកចេញ​ពី​ចរាចរណ៍ ហើយ​បំផ្លាញចោល​ដោយ​គ្មាន​សំណង​ចំពោះ​ម្ចាស់​ទេ លើកលែងតែ​ករណី​ពិសេស​ដែល​ធនាគារកណ្តាល​អាច​យល់ព្រម​សង​មួយចំណែក ឬ​ទាំងអស់​»​។

មាត្រា ៥២ ចែងថា​ «​ក្រដាសប្រាក់​ក្លែងក្លាយ​ដែល​យក​មក​បង់ ឬ​ប្តូរ​ត្រូវ​រឹបអូស​ដោយ​គ្មាន​សំណង ហើយ​ត្រូវ​ជូន​ព័ត៌មាន​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​»​។ ចំណែក​មាត្រា ៥៣ បាន​ចែងថា​ «​ម្ចាស់​ប្រាក់​មិនអាច​ទាមទារ​ពី​ធនាគារ​កណ្តាល​ឱ្យ​សង​ចំពោះ​ក្រដាសប្រាក់ ឬ​កាលណា​ដែល​ខ្លួន​ធ្វើឱ្យ​បាត់បង់ ឬ​ធ្វើឱ្យ​អន្តរាយ​នោះឡើយ​។ ធនាគារកណ្តាល​អាចដកហូត​ដោយ​គ្មាន​ថ្នូរ​នូវ​ក្រដាសប្រាក់​ដែល​មាន​ការខូចខាត​រូបភាព​ក្រៅ ពិសេស​ចំពោះ​ក្រដាសប្រាក់​ណា​ដែល​មាន​សរសេរ លាប​ពណ៌ បោះពុម្ព បោះត្រា ឬ​បិទ​វត្ថុ​ស្អិត​ពីលើ ឬ​ឆ្លុះ​ធ្លាយ ឬ​បាត់​រូបភាព​ដោយ​ប្រការ​ណាក៏ដោយ​»​។

ក្នុង​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើកទឹកចិត្ត​ឱ្យ​សាធារណជន​ទាំងអស់​ប្រើការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ប្រើប្រាស់​ក្រដាស​ប្រាក់រៀល​ប្រកបដោយ​អនាម័យ​។

លោក សាយ សូនី អនុប្រធាន​នាយក​ប្រតិបតិ្ត​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ម.ក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នេះ​ជា​វិធានការ​កាត់បន្ថយ​ក្រដាស​ប្រាក់រៀល​ចាស់ៗ ដើម្បី​លើកកម្ពស់​គុណតម្លៃ​ប្រាក់រៀល​។

លោក​ប្រាប់ថា​៖ «​នេះ​ជា​ការលើក​ទឹកចិត្ត​ឱ្យ​ប្រជាជន​ប្រើ​ក្រដាស​ប្រាក់រៀល​ថ្មី ដើម្បី​លើកកម្ពស់​គុណតម្លៃ​ប្រាក់រៀល ក៏ដូចជា​កាត់បន្ថយ​ក្រដាសប្រាក់​ចាស់ៗ​ដែល​មាន​ហានិភ័យ​ឆ្លង​រោគ ពិសេស​ជំងឺ​កូវីដ​ ១៩»​។

លោក​បន្ថែមថា មីក្រូ​ហិញ្ញវត្ថុ​ប្រាសាក់ តែងតែ​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​ប្រាក់រៀល​។

លោក តូច ចៅចេក ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ធនាគារជាតិ​ដែល​បាន​បន្ត​ជំរុញ​លើកកម្ពស់​គុណតម្លៃ​ប្រាក់រៀល​។ លោក​បន្តថា ធនាគារ​ប្រៃសណីយ៍​បាន​បំពេញ​កាតព្វកិច្ច​នេះ​យូរ​មកហើយ គឺ​តាំងពី​ឆ្នាំ​ ២០១៨ មក​ម្ល៉េះ​។

លោក​បន្តថា រាល់​គ្រឹះស្ថាន​ធនាគារ​ទាំងអស់​ត្រូវបំពេញ​កាតព្វកិច្ច​សមតុល្យ​ឥណទាន​យ៉ាងតិច​បំផុត ១០ ភាគរយ​នៃ​ទំហំ​ឥណទាន​សរុប​។ សម្រាប់​ធនាគារ​ប្រៃសណីយ៍ គឺមាន​សមតុល្យ​ឥណទាន​ប្រហែលជា ៧០០ ​លាន​ដុល្លារ ក្នុង​នោះ​មាន​ប្រាក់រៀល​យ៉ាងតិច ៧០ ​លាន​ដុល្លារ​។

លោក​និយាយថា​៖ «​ប្រជាជន​យើង ចរាចរណ៍​ប្រាក់រៀល​ភាគច្រើន​គាត់​មិនសូវ​ចង់​ទេ អ៊ីចឹង​យើង​បាន​ចូលរួម​ច្រើន​ក្នុង​ការជំរុញ​មាន​ចរាចរណ៍​ប្រាក់រៀល យើង​លើកទឹកចិត្ត​អ្នក​ដាក់​ប្រាក់រៀល​បញ្ញើ​សន្សំ​ទទួលបាន​ការប្រាក់​ថ្លៃ​ជាង​ប្រាក់​ដុល្លារ ហើយ​អ្នក​ខ្ចីលុយ​ខ្មែរ​វិញ​ក៏​អាចមាន​លទ្ធភាព​ទទួល​បាន​អត្រា​ការប្រាក់​ទាប​ផងដែរ ក្នុង​ករណី​មាន​ទំហំ​លុយ​ដូចគ្នា រយៈពេល​ដូចគ្នា ទ្រព្យ​បញ្ចាំ​ដូចគ្នា​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែមថា ប្រាក់រៀល​តំណាង​ឱ្យ​អត្តសញ្ញាណ​ជាតិ អធិបតេយ្យភាព​ជាតិ ឯករាជភាព​សេដ្ឋកិច្ច និង​ពង្រឹង​សាមគ្គីភាព​សង្គម​។ ធនាគារជាតិ​នៃ​កម្ពុជា​សង្ឃឹមថា គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​ប្រជាជន​កម្ពុជា​នឹង​បន្ត​ស្មារតី​សហការ​លើកកម្ពស់​ប្រាក់រៀល​ជាតិ និង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការប្រឆាំង​នឹង​ទង្វើ​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​គុណតម្លៃ​ប្រាក់រៀល​៕ LA