ភ្នំពេញៈ ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ TrueMoney បាន​រាយការណ៍​ថា ខ្លួន​ទទួលបាន​នូវ​ប្រតិបត្តិការ​ ១ ​លាន​ដែល​កំពុង​ប្រើប្រាស់​តាមរយៈ​ក្រុមហ៊ុន​របស់ខ្លួន​នៅក្នុង​រយៈពេល​ ៦ ​ខែ​កន្លងមក ក្នុង​ការប្រមូល​ប្រាក់ចំណូល និង​ការទូទាត់​ការចំណាយ​ជូន​អ្នកផ្គត់ផ្គង់​នានា​ដែល​ការណ៍​នេះ​ឆ្លុះបញ្ចាំង​ថា ប្រជាជន​កាន់តែ​ច្រើន​កំពុង​ប្រើប្រាស់​កម្មវិធី E-wallet ដើម្បី​ចៀស​ផុតពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

ក្រុមហ៊ុន​មួយ​នេះ​បានឱ្យ​ដឹង​កាលពី​ថ្ងៃទី​ ១៤ ខែកក្កដា ថា ខ្លួន​បាន​ជួយ​ដល់​ក្រុម​អ្នកលក់​អនឡាញ​រាប់រយ​នាក់​ឱ្យ​ពង្រីក​អាជីវកម្ម​អនឡាញ​របស់​ពួកគេ​ឱ្យ​ឈាន​ទៅ​ដល់​ចំណុច​មួយ​ដែល​សហគ្រិន​អ៊ីនធឺណិត​ប្រើប្រាស់​ផ្លេតហ្វម ដើម្បី​ធ្វើការ​ទូទាត់​ការចំណាយ​បាន​កើនឡើង​ដល់ ១ ​លាន​ប្រតិបត្តិការ​។ កាលពី​ចុង​ឆ្នាំមុន ក្រុមហ៊ុន​ទ្រូម៉ាន់នី «​បាន​ចុះឈ្មោះ​» អ្នកលក់​អនឡាញ​ជាង ៣០០ ​នាក់​នៅក្នុង​កម្មវិធី TrueMoney Wallet​។

លោកស្រី ឃួន ហ្វ្រង់តារា អគ្គនាយិកា​គ្រប់គ្រង​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ទ្រូម៉ាន់នី (​ខេមបូឌា​) បានឱ្យដឹងថា ការកើនឡើង​ប្រតិបត្តិការ​ដ៏ច្រើន​បែបនេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ​ចំពោះ​អ្នកលក់​ទំនិញ​អនឡាញ និង​អ្នក​ដែល​ធ្វើ​អាជីវកម្ម​អនឡាញ​ផ្សេងៗ​ទៀត​។ ការទូទាត់​ការចំណាយ​តាម​អនឡាញ​បាន​កើនឡើង​ខ្លាំង​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២១ គឺជា​ការពិត​ដែលថា ប្រជាជន​ខ្មែរ​កាន់តែ​ច្រើន​បាន​ងាក​ទៅធ្វើ​ប្រតិបត្តិការ​អនឡាញ ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​ថ្លែងថា​៖ «​គោលបំណង​របស់​យើង​គឺ​ដើម្បី​ផ្តល់ជូន​សហគ្រិន​អនឡាញ និង​អ្នកលក់​អនឡាញ​ទាំងអស់​នូវ​ឧបករណ៍ និង​ជំនាញ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ធ្វើ​អាជីវកម្ម​អនឡាញ​ប្រកបដោយ​ភាពជោគជ័យ​។ ការទិញ​កាន់តែ​ច្រើនឡើង​ត្រូវ​បាន​ធ្វើតាម​អនឡាញ ហើយ​ការទូទាត់​ការចំណាយ និង​ការផ្ទេរ​ប្រាក់​ក៏ត្រូវ​បានធ្វើ​ឡើង​តាមរយៈ​ប្រព័ន្ធ​អនឡាញ​ផងដែរ​។

លោកស្រី​បាន​បន្តថា​៖ «​យើង​រំពឹងថា នឹង​មើលឃើញ​និន្នាការ​នេះ​បន្តទៀត ហើយ​នៅក្នុង​រយៈពេល ៦​ ​ខែ​ខាងមុខ យើង​រំពឹងថា ចំនួន​ប្រតិបត្តិការ​របស់​អ្នកលក់​អនឡាញ​នឹង​អាច​កើនឡើង​រហូតដល់​ជាង ២ ​លាន​ប្រតិបត្តិការ​។​»

ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​នា​ឆ្នាំ​ ២០១៦ មក​ក្រុមហ៊ុន​ទ្រូម៉ាន់នី (​ខេមបូឌា) ​មាន​បណ្តាញ​ភ្នាក់ងារ​ជាង​ ១ ​ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​អ្នក​ប្រើប្រាស់​នៅ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មិនទាន់​មាន​សេវា​ធនាគារ​។ ក្រុមហ៊ុន ទ្រូម៉ាន់នី មាន​ភ្នាក់ងារ​ជាង ៦៥ ០០០ ដែល​ផ្តល់​សេវា​ដល់​អ្នកប្រើប្រាស់ ៤០ ​លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ទ្រូម៉ាន់នី​មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាងគេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដោយ​កាលពី​ឆ្នាំ​ ២០១៩ មាន​បរិមាណ​ទូទាត់​ប្រាក់​ចំនួន ៨ ពាន់​លាន​ដុល្លារ​។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ​ឈរ​នៅ​លំដាប់​ទី​ ១ នៃ​កម្មវិធី E-wallet ទាំងអស់​ក្នុងប្រទេស​ថៃ​៕LA