ភ្នំពេញៈ លោក ប៉ាន សូរស័កិ្ត រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងថា ក្នុងនាម​សមាជិក​របស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន​ (ACFTA) ​កម្ពុជា​បាន​ប្ដេជ្ញា​ថា នឹង​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​អតិបរមា​។

ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​វេទិកា​សកលលោក​ចិន​ (FCGF) កាលពី​ថ្ងៃទី​ ១៣ ខែ​កក្កដា តាម​ប្រព័ន្ធ​វីដេអូ​ដែល​បានរៀបចំ​ឡើង​ដោយ​សិង្ហបុរី ក្រោម​ប្រធានបទ FCGF 2021 «​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​អាស៊ាន និង​ចិន​នៅក្នុង​ «​ស្ថានភាព​មិនធម្មតា​»​។

លោក សូរស័កិ្ត បាន​ថ្លែងថា​៖ «​ពេលនេះ​យើង​កំពុង​ស្វែងរក​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ ដើម្បី​ពង្រឹង និង​ជួយ​សម្រួល​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​អាស៊ាន-ចិន និង​លើកកម្ពស់​បរិយាកាស​អាជីវកម្ម​ដែល​រួម​មាន​ការស្វែងរក​លទ្ធភាព​នៃ​ពិធីសារ​ការធ្វើ​ឱ្យ​ប្រសើរឡើង ACFTA ដើម្បី​ផ្ដល់​លទ្ធភាព​ចូល​ទីផ្សារ​នៅក្នុង​ស្ដង់ដា​កាន់តែ​ខ្ពស់ ការអភិវឌ្ឍ​កាន់តែ​ទូលាយ និង​ការបើកចំហ​នៃ ACFTA»​។

លោក​កត់សម្គាល់​ថា លើសពីនេះ​ទៅ​ទៀត​ជាមួយ​នឹង​ការអនុវត្ត​កិច្ចព្រមព្រៀង RCEP នៅពេល​អនាគត វា​គឺជា​សក្ដានុពល​ដ៏ធំ​ក្នុង​ការពង្រីក និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​អាស៊ាន-ចិន​ឱ្យ​កាន់តែ​ធំ​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏ធំ​មួយ​នេះ គឺមាន​ភាពទូលំទូលាយ ហើយ​កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន និង​ការធ្វើ​សមាហរណកម្ម​អាស៊ាន​ទៅក្នុង​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក សម្រាប់​គ្រឿង​អេឡិចត្រូនិក រថយន្ត និង​វាយនភណ្ឌ​។

លោក​ថ្លែងថា​៖ «​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​នាម​សមាជិក​របស់​កិច្ចព្រមព្រៀង FTA រវាង​អាស៊ាន និង​ចិន យើង​តែងតែ​ប្ដេជ្ញាចិត្ត​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​អតិបរមា​»​។

FCGF ត្រូវបាន​រៀបចំ​ទាំង​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ចាប់ពី​ថ្ងៃទី​ ១២ ដល់​ថ្ងៃទី​ ១៣ ខែកក្កដា ឆ្នាំ​ ២០២១ រួមមាន​កម្មវិធី​សំខាន់ៗ​ដូចជា ការតាំងពិព័រណ៍​អនឡាញ ការពិភាក្សា​បិទទ្វារ​កម្រិត​ខ្ពស់ និង​បណ្ដាញ​កិច្ចប្រជុំ​ដោយផ្ទាល់ និង​តាម​អនឡាញ​។

លោក​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ក្នុង​ប្រទេស​នូវ​ការកែទម្រង់​មួយចំនួន​ ដើម្បី​លើកកម្ពស់ និង​ជួយ​សម្រួល​ពាណិជ្ជកម្ម ការវិនិយោគ និង​អាជីវកម្ម ដូចជា ការចុះបញ្ជី​អាជីវកម្ម​អនឡាញ​ប្រព័ន្ធ​ទូទាត់​ពន្ធ​អនឡាញ ប្រព័ន្ធ​បំពេញ​កម្មសិទ្ធិបញ្ញា ប្រព័ន្ធ​ឌីជីថល​សម្រាប់​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ការចុះបញ្ជី​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ និង​តារាង​ទិន្នន័យ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្រាប់​ទំហំ​ប្រកប​ដោយ​ចីរភាព​។

ដោយឡែក​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្ដាល​ចិន​បាន​យល់ព្រម​លើ​ការធ្វើ​ពាណិជ្ជកម្ម​រូបិយប័ណ្ណ​ប្រាក់រៀល​នៅលើ​ទីផ្សារ​អន្តរធនាគារ​នៃ​ខេត្ត Guangxi Zhou និង​រូបិយប័ណ្ណ​ទាំង​ ២ ប្រាក់រៀល និង​ប្រាក់យន់ ត្រូវបាន​អនុញ្ញាត​ក្នុង​ការប្រើប្រាស់​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​កម្ពុជា និង​ចិន​តាំងពី​ឆ្នាំ​ ២០១៧​។

លោក​រដ្ឋមន្ដ្រី​កត់សម្គាល់​ថា ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​កន្លងមក ទំនាក់ទំនង​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​អាស៊ាន និង​ចិន​បាន​បន្ត​រីកចម្រើន​ជា​លំដាប់ ដោយ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​អាស៊ាន និង​ប្រទេស​ចិន សម្រេចបាន​ក្នុង​ទឹកប្រាក់ ៥០៧,៩ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ និង​លំហូរ​ការវិនិយោគ​ផ្ទាល់​បរទេស (FDI) ពី​ប្រទេស​ចិន​មក​តំបន់​អាស៊ាន​មាន ៨,៩៧ ​ពាន់​លាន​ដុល្លារ​៕ LA