ភ្នំពេញៈ ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​បាននិង​កំពុង​ប្រឈម​បញ្ហា​ធំៗ​ ៥ ដែល​ទាមទារ​ឱ្យ​អ្នក​ប្រឡូក​ក្នុង​វិស័យនេះ​ផ្ទាល់​ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់​ទៅលើ​ការរៀបចំ​យុទ្ធសាស្ត្រ​ ដើម្បី​ឆ្លើយតប និង​ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​វិស័យនេះ​មាន​ភាពប្រកួតប្រជែង និង​និរន្តរភាព ពិសេស​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​ពិភពលោក​នៅ​មិនទាន់​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន​នៅឡើយ​។

នេះ​ជា​ការលើកឡើង​របស់​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្រោម​ប្រធានបទ «​ភាពបន្សាំ​សេដ្ឋកិច្ច​លើ​ការនាំចេញ​អង្ករ​កម្ពុជា ក្នុង​បរិបទ​កូវីដ​ ១៩» ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ១៣ ខែ​កក្កដា​។

បញ្ហា​ប្រឈម​ធំៗ​ទាំងនោះ​រួមមាន តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​នៅតែ​បន្ត​ឡើង​, កង្វះ​កុងតឺន័រ​, តម្លៃ​ទីផ្សារ​អង្ករ​ (​អង្ករ​ក្រអូប​) ​អន្តរជាតិ​បន្ត​ធ្លាក់ចុះ​, តម្លៃ​ធាតុ​ចូល​ឡើងថ្លៃ និង​កង្វះ​ទុន​សម្រាប់​ទិញស្រូវ​ (​ពិសេស​រោង​ម៉ាស៊ីន​សល់​ស្តុក​ចាស់​)​។

លោក សុង សារ៉ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៥ ខែកក្កដា​ថា ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក កំពុង​បង្ក​ជា​ឧបសគ្គ​ដល់​សមត្ថភាព​នាំចេញ​អង្ករ​កម្ពុជា ដែល​ទាមទារ​ឱ្យ​អ្នក​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ពិសេស​ក្រុមហ៊ុន​ជា​សមាជិក​ CRF ដែលជា​តួអង្គ​ប្រឡូក​ក្នុង​កិច្ចការងារ​នេះ​ផ្ទាល់​ត្រូវ​គិតគូរ​រៀបចំ​យុទ្ធសាស្ត្រ​ឱ្យបាន​ហ្មត់ចត់​ដើម្បី​ត្រៀម​ឆ្លើយតប​នឹង​បញ្ហា​ដែល​កំពុង​កើតមាន​នឹង​អាច​កើតមាន​ជាយថាហេតុ​នៅពេល​ខាងមុខ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ លោក​បន្តថា បន្ថែម​ពី​លើ​នេះ CRF ក៏មាន​ផែន​ការយក​បញ្ហា​ទាំងនេះ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ជាមួយនឹង​បញ្ហា​ប្រឈម​នេះ សហព័ន្ធ​នឹង​បន្ត​យកទៅ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល ដើម្បី​រក​ដំណោះស្រាយ​ដល់​ក្រុមហ៊ុន​ដែលជា​សមាជិក​អ្នក​នាំចេញ​ដែល​កំពុង​ជួប​បញ្ហា​ទាំងអស់នេះ​»​។

លោក​បន្តថា បញ្ហា​ប្រឈម​ដែល​បណ្តាល​ពី​ឥទ្ធិពល​កូវីដ-១៩ ក៏​បាននិង​កំពុង​បំផ្លាញ​ដល់​ផែនការ​ដែល CRF បានកំណត់​កាលពី​ឆ្នាំ​ ២០២០ ក្នុង​ការនាំចេញ​អង្ករ​ឱ្យបាន​រង្វង់ ៨០ ​ម៉ឺន​តោន​ក្នុង​ឆ្នាំ​ ២០២១​។ លោក​បញ្ជាក់ថា​៖ «​យើង​មិនមាន​ក្តី​រំពឹងថា​ការនាំចេញ​អង្ករ​នឹង​កើនឡើង​ដូច​ការរំពឹងទុក​កាលពី​ឆ្នាំ​ ២០២០ ​ទេ ព្រោះ​ការដឹកជញ្ជូន​មិនទាន់​មាន​ភាពធូរស្រាល​»​។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ CRF លោក ហ៊ុន ឡាក់ បាន​ប្រាប់ថា អ្នក​នៅក្នុង​វិស័យ​ស្រូវ-អង្ករ​កម្ពុជា​ទាំងអស់​ត្រូវតែ​ចូលរួម​គិត និង​ផ្តល់យោបល់​ដល់​សហព័ន្ធ​ដើម្បី​ស្វែងរក​លទ្ធភាព រក​ដំណោះស្រាយ​សមស្រប​ណាមួយ​សម្រាប់​វិស័យ​ស្រូវ​អង្ករ ជាពិសេស​ស្ថានការណ៍​ទៅខាង​មុខ និង​សម្រាប់​រដូវកាល​ច្រូតកាត់​នាពេល​ឆាប់ៗ​។

លោក​បន្តថា ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​នាំចេញ​ទាំងអស់​ក៏​ត្រូវ​ពង្រឹង និង​បង្កើន​នូវ​ភាពប្រកួតប្រជែង​ (​ខាងក្រៅ​)​ និង​ការរួបរួមគ្នា​ក្នុង​ការចាប់​យក​ទីផ្សារ​អន្តរជាតិ​ធំៗ​ឱ្យបាន​កាន់តែ​ច្រើន ដើម្បី​ជួយ​ឱ្យ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​កាន់តែ​មាន​ភាពប្រកួតប្រជែង និង​និរន្តរភាព​។

របាយការណ៍​នាំចេញ​របស់ CRF ប្រចាំឆមាស​ទី​ ១ ឱ្យដឹងថា ចាប់ពី​ខែ​មករា-មិថុនា ឆ្នាំ​ ២០២១ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​គោលដៅ ៤៩ ​លើ​ពិភពលោក​ក្នុង​បរិមាណ​សរុប ២៨០ ៤៥០ ​តោន ធ្លាក់ចុះ ២៩,៤៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ដោយឡែក​សម្រាប់​ប្រាក់​ដែល​ទទួលបាន​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ មាន​ចំនួន ២០២,៦៧ ​លាន​ដុល្លារ ធ្លាក់ ២៣,៧១ ​ភាគរយ នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

យោងតាម CRF ការធ្លាក់ចុះ​នេះ ដោយសារ​ការនាំ​ចេញ​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​កំពុង​ជួបនឹង​បញ្ហា​ប្រឈម​ខ្លាំង ទាំង​ការដឹកជញ្ជូន កង្វះ​សម្បក​កុងតឺន័រ និង​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​តម្លៃ​អង្ករ​ក្រអូប​របស់​កម្ពុជា ដែល​ពីមុន​មានតម្លៃ​ជា​មធ្យម ៩០០ ​ដុល្លារ​ ក្នុង​ ១ ​តោន នៅពេល​នេះ​នៅសល់​ត្រឹម ៧៣០ ​ដុល្លារ​តែប៉ុណ្ណោះ​។

លោក សុង សារ៉ន កាលពីដើម​ខែកក្កដា​នេះ​បាន​និយាយថា រដ្ឋាភិបាល និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កំពុង​គិតគូរ ការធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​តំបន់​អាស៊ី គឺ ប្រទេស​ចិន​ (​ហុងកុង-ម៉ាកាវ​) ​ដែលជា​ទីផ្សារ​ធំជាងគេ បន្ទាប់ពី​ការនាំ​ចេញទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ជួប​បញ្ហា​ជាច្រើន​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​កំពុង​ពន្លឿន​ការចរចា​ជាមួយ​ភាគី​ចិន ដើម្បី​បង្កើន​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា​ចំនួន ១០ ម៉ឺន​តោន​បន្ថែមទៀត​ពីលើ​កូតា ៤០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​ ដែល​ទទួលបាន​ពី​រដ្ឋាភិបាល​ចិន​រួចមកហើយ​។

ទិន្នន័យ​ក្រសួង​កសិកម្ម​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប ៦៩០ ៨២៩ ​តោន ដោយមាន​តម្លៃ​ជិត ៥៣៩ ​លាន​ដុល្លារ កើន ១១,៤ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ចិន​ឈរ​នៅ​លំដាប់​ទី១ ជា​ប្រទេស​នាំចូល​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ ២៨៩ ៤៣៩ តោន​ស្មើ ៤១,៩ ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរុប​៕ LA