ភ្នំពេញៈ ក្រុមហ៊ុន Thunes ដែលជា​បណ្តាញ​ទូទាត់​សកល​ឈានមុខ​គេ​លើ​ពិភពលោក​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​បាន​ប្រកាស​ភាពជា​ដៃគូ​ផ្លូវការ​ជាមួយ​ធនាគារ ABA ដែល​នឹង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នៅក្រៅ​ប្រទេស​អាច​ផ្ញើ​ប្រាក់​ត្រឡប់មក វិញ​ពី​ជុំវិញ​សកលលោក​បាន​រហ័ស​ក្នុង​តម្លៃ​ទាប​ជាង​មុន​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ ABA ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៣ ខែកក្កដា ឥឡូវនេះ​ជាមួយ​បណ្តាញ​សកល ទូលំទូលាយ និង​សមត្ថភាព​ថ្មី​បំផុត​របស់​ក្រុមហ៊ុន Thunes ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ ធ្វើការ និង​សិក្សា​នៅក្រៅ​ប្រទេស​អាច​ផ្ញើ​ប្រាក់​ត្រឡប់មក​ប្រទេស​វិញ​បាន​ភ្លាមៗ​ក្នុងតម្លៃ​ទាប​។

កាលពីមុន​អតិថិជន​ដែល​ធ្វើការ​ផ្ទេរប្រាក់​ពី​ក្រៅប្រទេស​មក​កម្ពុជា​វិញ​ត្រូវ​ចំណាយ​ថ្លៃ​សេវា​ខ្ពស់​ជា​មធ្យម​ជិត ១២ ​ភាគរយ​សម្រាប់​ការផ្ទេរ​ប្រាក់​ ២០០ ​ដុល្លារ និង​ត្រូវ​រង់ចាំ​រយៈពេល​ ២-៣ ​ថ្ងៃ​ទើបបាន​មកដល់​ដៃ​របស់​អ្នកទទួល​។

លោក Andrew Stewart ​នាយក​បណ្តាញ​សកល Thunes បានឱ្យ​ដឹងថា ភាពជា​ដៃគូ​ជាមួយ ABA គឺជា​ជំហាន​ជោគជ័យ​ដ៏សំខាន់ ខណៈ​ពេល​ដែល​ក្រុមហ៊ុន Thunes បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការ​ចូលមក​កម្ពុជា​ដែលជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​របស់​សកលលោក​។

លោក Andrew ថ្លែងថា​៖ «​យើងខ្ញុំ​មាន​សេចក្តី​រីករាយ​ក្នុង​ការផ្តល់​សេវា​ទូទាត់​តាម​ពេលវេលា​ជាក់ស្តែង​ដែល​ឈានមុខ​គេ​ក្នុង​ទីផ្សារ​នេះ ដោយ​គាំទ្រ​ដល់​សហគមន៍​ក្នុងប្រទេស និង​ក្រៅប្រទេស​ពឹង​ផ្អែកលើ​ការផ្ទេរ​ប្រាក់​រហ័ស និង​សុវត្ថិភាព​សម្រាប់​តម្រូវការ និង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់ខ្លួន​»​។

លោក Zhiger Atchabarov នាយក​ប្រតិបត្តិការ​អន្តរជាតិ ABA បានឱ្យ​ដឹងថា​៖ «​យើង​ទទួលយក​ឱកាស​នេះ​ដើម្បី​ប្រើប្រាស់​នូវ​ល្បឿន ប្រសិទ្ធភាព និង​វិសាលភាព​ផ្តល់​សេវា​ជា​សកល​របស់​ក្រុមហ៊ុន Thunes ក្នុង​ការឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។ ការបង្កើន​នវានុវត្តន៍​ឌីជីថល និង​សេវា​គុណតម្លៃ​បន្ថែម​ ដើម្បី​ផលប្រយោជន៍​សហគមន៍​កម្ពុជា គឺជា​ស្នូល​នៃ​ចក្ខុវិស័យ​របស់​ធនាគារ​»​។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​រាយការណ៍​កាលពី​ខែមិថុនា​ថា ប្រទេស​កម្ពុជា​បានទទួល​ប្រាក់​ផ្ញើមក​ផ្ទះ​ ១,២ ​ពាន់​លាន​ដុល្លារ​ពី​កម្មករ​ធ្វើ​ចំណាកស្រុក​នៅក្រៅ​ប្រទេស​កាលពី​ឆ្នាំមុន ដែល​បង្ហាញ​ការធ្លាក់ចុះ​ចំនួន ១៧ ​ភាគរយ​បើ​ធៀប​នឹង ១,៥ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩៕ LA