ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​ថា​វិបត្តិ​ជំងឺ​កូវីដ​ ១៩ បាន​បង្អាក់​ដំណើរការ​សេរីភាវូបនីយកម្ម​ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​វិស័យ​ដឹកជញ្ជូន និង​ឡូជីស្ទិក​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​ទាញ​សកម្មភាព​ពាណិជ្ជកម្ម​សកល​ឱ្យ​ធ្លាក់ចុះ​ផងដែរ​ កាលពី​ឆ្នាំ​ ២០២០ ប៉ុន្តែ​សម្រាប់​កម្ពុជា គឺ​មិនបាន​ធ្លាក់ចុះ​នោះទេ​។

លោកស្រី ចម និម្មល រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​ក្នុង​កម្មវិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​មូលដ្ឋានគ្រឹះ​នៃ​ភ័ស្តុភារកម្ម និង​ការគ្រប់គ្រង​ខ្សែចង្វាក់​ផ្គត់ផ្គង់​កាលពី​ថ្ងៃទី​ ១៣ ខែកក្កដា តាម​ប្រព័ន្ធ​អនឡាញ​ថា វិបត្តិ​ជំងឺ​កូវីដ​ ១៩ បាន​បង្អាក់​ដំណើរការ​សេរីភាវូបនីយកម្ម​ ដោយសារ​តែ​ការបិទ​ព្រំដែន ការរឹតត្បិត​ការធ្វើដំណើរ និង​វិធានការ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​។ ជាក់ស្តែង​ឆ្នាំ​ ២០២០ សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ចំនួន​ ៣៨ ​ប្រទេស​បាន​ធ្វើ​កំណត់​សម្គាល់​វិធានការ (Technical Barriers to Trade-TBT) ​ចំនួន ១០៦ និង​អនាម័យ និង​ភូតគាម​អនាម័យ​ (SPS) ​ចំនួន ៦៥ ​ទៅ​ WTO​។

លោកស្រី​ថ្លែងថា​៖ «​វិធានការ​ទាំងនេះ​បាន​ប៉ះពាល់​ខ្លាំង​ទៅលើ​វិស័យ​ដឹកជញ្ជូន​ទំនិញ​ទាំង​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស​ធ្វើឱ្យ​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល​មាន​ភាពរអាក់រអួល​យឺតយ៉ាវ​ដែលជា​បច្ច័យ​អាក្រក់​រួមចំណែក​ទាញ​ពាណិជ្ជកម្ម​សកលលោក​នៅ​ឆ្នាំ​ ២០២០ ឱ្យ​ធ្លាក់ចុះ​ដក​ ៥,៣ ​ភាគរយ​»​។

ទោះយ៉ាងណា​លោកស្រី​លើកឡើង​ថា វិស័យ​ភ័ស្តុភារកម្ម និង​ការគ្រប់គ្រង​ខ្សែចង្វាក់​ផ្គត់ផ្គង់ គឺជា​ផ្នែក​មួយ​ដែល​ធានា​ឱ្យ​មាន​ចរន្ត​នៃ​ការដោះដូរ​ទំនិញ​ដោយ​សេរី ទាន់ពេលវេលា និង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រស់​រវើក​ដែល​អាស្រ័យ​ការចំណាយ​ថ្លៃ​ដឹកជញ្ជូន និង​ការចំណាយ​ថ្លៃ​ធ្វើដំណើរ គឺជា​ផ្នែក​មួយ​នៃ​ចំណាយ​ពាណិជ្ជកម្ម ដែល​បានរួម​ចំណែក​ ១៥ ភាគរយ ចំពោះ​ទំនិញ​កសិកម្ម និង​ ៣១ ភាគរយ​ចំពោះ​ទំនិញ​ឧស្សាហកម្ម​។

លោកស្រី​បញ្ជាក់ថា​៖ «​នេះ​បង្ហាញថា វិស័យ​ភ័ស្តុភារកម្ម និង​ការគ្រប់គ្រង​ខ្សែចង្វាក់​ផ្គត់ផ្គង់​មាន​ផលប៉ះពាល់​ធំធេង​ទៅ​លើ​ភាពប្រកួតប្រជែង និង​ការចូលរួម​ទៅក្នុង​ខ្សែចង្វាក់​តម្លៃ​ក្នុង​ពិភពលោក​»​។

ទោះជា​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក៏​កម្ពុជា​នៅតែ​អាច​រក្សាបាន​នូវ​ខ្សែចង្វាក់​ផលិតកម្ម និង​ជំរុញ​ការនាំចេញ តាមរយៈ​កិច្ចប្រឹងប្រែង ព្រមទាំង​ការដាក់ចេញ​នូវ​វិធានការ​ដ៏មុតស្រួច​ជា​បន្តបន្ទាប់​របស់​រាជរដ្ឋាភិបាល​តាមរយៈ​ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ក្នុង​ក្របខ័ណ្ឌ​វេទិកា​រដ្ឋ និង​វិស័យ​ឯកជន ការពង្រឹង កិច្ចសហប្រត្តិការ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ជាមួយ​ប្រទេស​សមាជិក និង​ប្រទេស​ដៃគូ ដើម្បី​រក្សា​ដំណើរការ​ខ្សែចង្វាក់​ផលិតកម្ម ធុរកិច្ច និង​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ​។ នេះ​បើ​យោង​តាម​លោកស្រី និម្មល​។

លោកស្រី​បន្ថែមថា​៖ «​ការដាក់ចេញ​នូវ​វិធានការ​ដ៏មាន​ប្រសិទ្ធភាព​ទាំងនេះ​បាន​ធ្វើឱ្យ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ រក្សា​កំណើន ១៦,៧ ភាគរយ​ ដោយសារ​តែ​កម្ពុជា​ពុំបាន​ដាក់​ការរឹតត្បិត ឬ​ហាមឃាត់​ការនាំចេញ​នោះទេ​»​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា លោក ស៊ិន ចន្ធី បាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិស័យ​ដឹកជញ្ជូន​ និង​ភ័ស្តុភារកម្ម​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ទំនិញ​លើ​ទីផ្សារ​។

លោក​ប្រាប់ថា​៖ «​បើ​គ្មាន​ការដឹកជញ្ជូន និង​ឡូជីស្ទិក គឺ​គ្មាន​ពាណិជ្ជកម្ម​។ បើ​ពាណិជ្ជកម្ម​មាន​កំណើន ការដឹកជញ្ជូន និង​ឡូជីស្ទិក​ត្រូវតែ​កើន​ដែរ ព្រោះនេះ​ជា​ការដោះដូរ​ទំនិញ ឬ​វត្ថុធាតុ​ដើមពី​អ្នក​ផលិត​ទៅដល់​អ្នកប្រើប្រាស់​»​។

ការនាំចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ ដោយ​សម្រេចបាន ១៧ ២១៥,៣៧ ​លាន​ដុល្លារ កើន ១៦,៧២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ១៤ ៧៤៨,៧៤ លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​៕ LA