ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ស្តីពី​ការរៀបចំ​ និង​ការប្រព្រឹត្តទៅ​របស់​អង្គភាព​ក្រោម​ឱវាទ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​ និង​មិនមែន​ធនាគារ​ដែល​ចាប់ផ្តើម​អនុវត្ត​ពី​ពេលនេះ​តទៅ​។

អនុក្រឹត្យ​នេះ​ធ្វើឡើង​មាន​គោលដៅ​កំណត់​ពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​អង្គភាព​ក្រោម​ឱវាទ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ (​អ.ស.ហ)​។

អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​អង្គភាព​ក្រោម​ឱវាទ​របស់ អ.ស.ហ រួមមាន អគ្គលេខាធិការដ្ឋាន និយ័តករ​ធានារ៉ាប់រង​កម្ពុជា និយ័តករ​មូលបត្រ​កម្ពុជា និយ័តករ​សន្តិសុខ​សង្គម និយ័តករ​បរធន​បាលកិច្ច និយ័តករ​គណនេយ្យ​ និង​សវនកម្ម និយ័តករ​អាជីវកម្ម​អចលនវត្ថុ​បញ្ចាំ និង​អង្គភាព​សវនកម្ម​ផ្ទៃក្នុង​។

លេខាធិការដ្ឋាន​នៃ អ.ស.ហ មាន​តួនាទី​ដូចជា ផ្តល់​ការគាំទ្រ​ដល់​កិច្ចដំណើរការ​របស់​ អ.ស.ហ សម្របសម្រួល​រៀបចំ និង​អនុវត្ត​នូវ​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​មិន​ធនាគារ រួមទាំង​បច្ចេកទេស​វិទ្យា​ហិរញ្ញវត្ថុ​។

លេខាធិការដ្ឋាន​នៃ អ.ស.ហ រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ ហិរញ្ញវត្ថុ​មិនមែន​ធនាគារ និង​តាមដាន​ និង​វាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​។

លេខាធិការដ្ឋាន​នៃ អ.ស.ហ នឹង​ជួយ​សម្របសម្រួល​ការស្នើសុំ​ការអនុម័ត​បទប្បញ្ញាត្តិ វិធាន និង​នីតិវិធី​ចាំបាច់​សម្រាប់​ការគ្រប់គ្រង​វិស័យ​ហិរញ្ញ​មិនមែន​ធនាគារ និង​តាមដាន​ និង​វាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​។

លេខាធិការដ្ឋាន​នៃ អ.ស.ហ នឹង​ផ្តល់​ការសម្របសម្រួល​រវាង​និយ័តករ និង​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មាការ​ជំនាញ ឬ​ក្រុមការងារ​បច្ចេកទេស ឬ​យន្តការ​អន្តរក្រសួង​/​ស្ថាប័ន ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។

សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​តំបន់​ និង​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​កិច្ចការ​សំខាន់ៗ​ជាច្រើន​ទៀត​។

អនុក្រឹត្យ​នេះ​មាន ៦៥ មាត្រា និង ១៣ ជំពូក​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ចុះហត្ថលេខា​កាលពី​ថ្ងៃទី ១៤ ខែ​កក្កដា ឆ្នាំ ២០២១​។ ​អនុក្រឹត្យ​នេះ​ចាប់​អនុវត្ត​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​៕