
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក SERC
ភ្នំពេញៈ និយ័តករមូលបត្រកម្ពុជា (SERC) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន រេដ ប្រិជ ឯ.ក (Redbridge Co., Ltd.) ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជាបាននិងកំពុងរីកចម្រើនជាលំដាប់ ។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃ ន.ម.ក បានចុះហត្ថលេខាជាមួយនឹងអ្នកស្រី ម៉ៅ សុខា (Mov Sokha CEO of Redbridge) អគ្គនាយកក្រុមហ៊ុន រេដ ប្រិជ ស្តីពី «ការពិគ្រោះយោបល់ និង ការផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំគោលការណ៍ណែនាំពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់អាជីវកម្មឧបករណ៍និស្សន្ទ » កាលពីថ្ងៃទី ១៥ ខែ កក្កដា តាមប្រព័ន្ធអនឡាញ ។
លោក សុជាតិ បានលើកឡើងថា អនុស្សរណៈនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ដែលក្រុមហ៊ុន រេដប្រិជ នឹងជួយផ្តល់ប្រឹក្សាយោបល់ចំណេះដឹងបទពិសោធន៍ និងជំនាញវិជ្ជាជីវៈដល់អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា ។
លោកបានឱ្យដឹងទៀតថា តាមរយៈអនុស្សរណៈនេះក្រុមហ៊ុនក៏នឹងផ្តល់ជំនួយបច្ចេកទេសដល់ ន.ម.ក. ក្នុងការរៀបចំនូវគោលការណ៍ណែនាំពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់អាជីវកម្មឧបករណ៍និស្សន្ទ ។
លោកថ្លែងថា៖ «គោលការណ៍ណែនាំនេះនឹងក្លាយជាមគ្គុទេសក៍បច្ចេកវិទ្យាព័ត៌មានសម្រាប់ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតពី ន.ម.ក. ធ្វើអាជីវកម្មឧបករណ៍និស្សន្ទ»៕