ភ្នំពេញៈ ការប្រមូល​ចំណូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ឆមាស​ទី១ ឆ្នាំ​ ២០២១ សម្រេចបាន ១១៥៩,៥ ​លាន​ដុល្លារ ធ្លាក់ចុះ ៨,៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ នេះ​បើ​យោងតាម​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​គយ​ និង​រដ្ឋាករ​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី ១៤ កក្កដា លោក គុណ ញឹម បាន​ថ្លែងថា លទ្ធផល​នៃ​ការប្រមូល​ចំណូល​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ នេះ សម្រេចបាន ៤៩ ភាគរយ​នៃ​ផែនការ​ដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១​។

លោក​លើកឡើង​ថា បើ​គិត​តាម​ប្រភេទ​ពន្ធ​ និង​អាករ​ឃើញ​ថា អាករ​លើ​តម្លៃបន្ថែម​មាន​ចំនួន ៣៧,៨ ​ភាគរយ​នៃ​ចំណូល​សរុប​អាករ​ពិសេស​មាន ៣៧,៦ ​ភាគរយ ពន្ធគយ​មាន ១៨,១ ​ភាគរយ អាករ​បន្ថែម​លើ​ផលិតផល​ប្រេង ៤,៥ ភាគរយ​ និង​អាករ​នាំចេញ និង​កម្រៃ​ផ្សេងៗ​មាន ២ ​ភាគរយ​។

ដោយឡែក​បើ​គិត​តាម​ក្រុម​ទំនិញ​វិញ ចំណូល​ពី​យានយន្ត និង​គ្រឿងចក្រ​មាន ៤២,៣ ​ភាគរយ ទំនិញ​ចម្រុះ​មាន ២៨ ភាគរយ ផលិតផល​តេលសិលា​ (​ប្រេងឥន្ធនៈ​) ២៣,៥ ​ភាគរយ សម្ភារ​សំណង់​ និង​កម្រៃ​ផ្សេងៗ ៦,២ ​ភាគរយ​។

លោក​ឱ្យដឹង​ទៀត​ថា​៖ «​ជា​ទិសដៅ​បន្ត ដើម្បី​ធានាបាន​នូវ​លទ្ធផល​ល្អប្រសើរ​ក្នុង​បរិបទ​ដែល​ប្រទេស​កម្ពុជា ក៏ដូចជា ពិភពលោក​កំពុង​ជួបប្រទះ​នឹង​ការរាតត្បាត​កូវីដ​ ១៩ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​នឹង​បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ​ក្នុង​ស្ថាប័ន ដោយ​ត្រូវ​បន្ត​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​គយ និង​រដ្ឋាករ​។

លោក​បន្ថែមថា​៖ «​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​នឹង​បន្ត​ការលើកកម្ពស់​អនុលោមភាព​វិស័យ​ឯកជន ការពង្រឹង​យន្តការ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ដោយ​បន្តធ្វើ​សាមញ្ញកម្ម​នីតិវិធី​គយ និង​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន ហើយ​ការពង្រឹង​ការងារ​បង្ការ​ និង​បង្ក្រាប​អំពើ​រត់ពន្ធ ការពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ការពង្រឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​គមនាគមន៍ និង ព័ត៌មាន​ជាដើម​»​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា លោក ហុង វណ្ណៈ ធ្លាប់​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​គ្រប់​ប្រទេស​ធ្លាក់ចុះ​ដូចៗ​គ្នា ហេតុនេះ​ការប្រមូល​ចំណូល​ពន្ធ ពិសេស​ពន្ធគយ​គឺ​ប្រាកដ​ជា​ធ្លាក់ចុះ​ដោយ​ចៀស​មិន​ផុត​។

លោក​បញ្ជាក់ថា​៖ «​នេះ​ជា​លក្ខណៈ​សត្យានុម័ត​ដែល​ការប្រមូល​ចំណូល​ពន្ធគយ​របស់​ប្រទេស​នីមួយៗ​ធ្លាក់ចុះ​នៅក្នុង​អំឡុង​នេះ​»​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ ការប្រមូល​ចំណូល​សម្រេចបាន ២ ៤១៩,៦ លាន​ដុល្លារ ធ្លាក់ ២៤,៨ ភាគរយ​ធៀប​ឆ្នាំ​ ២០១៩៕ LA