
អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាពេលកន្លងមក។ រូបថត Cambodia Airports
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System-GTAS) ជាជំហានដំបូង ដើម្បីទទួលនូវព័ត៌មានអ្នកដំណើរជាមុន នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំនេះ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ.) បានដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធ GTAS ជាជំហានដំបូង ដើម្បីទទួលនូវព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information–API) ពីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Singapore Airline មកកាន់ប្រព័ន្ធ GTAS ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX និងឈានទៅរៀបចំដាក់ឱ្យដំណើរការការទទួលព័ត៌មានកំណត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record–PNR) នៅជំហានបន្ទាប់។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ការដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ជាសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការដាក់ឱ្យអនុវត្ត GTAS គឺជាការចូលរួមគោរពតាមនិយាម និងការណែនាំរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) និងអង្គការគយពិភពលោក (WCO) នៃអង្គការសហប្រជាជាតិដែលបានស្នើសុំដល់បណ្តារដ្ឋជាសមាជិកត្រូវសហការ និងពង្រឹងលើដំណើរការគ្រប់គ្រងសន្តិសុខអ្នកដំណើរតាមផ្លូវអាកាសនៅក្នុងប្រទេសតំបន់ និងពិភពលោក។
ប្រព័ន្ធ GTAS មានភាពស៊ីចង្វាក់ទៅនឹងឧត្តមានុវត្តន៍អន្តរជាតិដែលមានសមត្ថភាពដូចជា ទទួលយកទិន្នន័យអ្នកដំណើរជាមុនតាមផ្លូវអាកាសពីក្រុមហ៊ុនអាកាសចរណ៍ និងផ្ដល់ព័ត៌មានអ្នកដំណើរទៅអាជ្ញាធរមានសមត្ថកិច្ចជាមុន មុនពេលហោះហើរដោយផ្អែកតាមទិន្នន័យសំបុត្រយន្តហោះ និងការផ្ដល់ព័ត៌មានអ្នកដំណើរនៅពេល Check-In។
ប្រព័ន្ធ GTAS ក៏មានសមត្ថភាពក្នុងការធ្វើសន្ធានកម្មទិន្នន័យ (Interface) ជាមួយប្រព័ន្ធដទៃទៀត និងអភិវឌ្ឍមុខងារបន្ថែមតាមតម្រូវការប្រើប្រាស់ជាក់ស្ដែង (Open Source) ព្រមទាំងតាមដានរំហូរព័ត៌មានអ្នកដំណើរ និងទំនិញរបស់អ្នកដំណើរ (Passenger Luggage) និងផ្ដល់ព័ត៌មានជាមុន ដើម្បីវិភាគលើហានិភ័យការងារសំខាន់ៗមួយចំនួនរួមមាន បទល្មើសរត់គេចពន្ធ ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែននានា៕