ភ្នំពេញៈ របាយការណ៍​ថ្មី​មួយ​របស់​យូអិនឌីភី (UNDP) បាន​រក​ឃើញ​ថា ចំណូល​ក្នុង​ស្រុក​កាន់​តែ​ក្លាយ​ជា​ប្រភព​ហិរញ្ញប្បទាន​សំខាន់​បំផុតសម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ដែល​ស្មើ​នឹង ១៩% នៃផ.ស.ស ក្នុង​ឆ្នាំ ២០២០ និង​បន្ត​កើន​ឡើង​រហូត​ដល់ ២២,៥% ត្រឹម​ឆ្នាំ ២០២៥។

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បាន​ប្រកាស​ផ្សព្វ​ផ្សាយ​របាយការណ៍​មួយ​ក្រោម​ចំណង​ជើង​ថា «ការ​វាយ​តម្លៃ​លើ​ធនធាន​ហិរញ្ញប្ប​ទានសម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា (DFA)» បាន​ធ្វើ​ការ​វិភាគ​លើ​សមាសភាគ និង​និន្នាការ​នៃ​រំហូរ​ចូល​ធនធាន​ហិរញ្ញ​វត្ថុ​ទាំង​អស់​របស់​កម្ពុជា ដែល​មាន​ប្រភព​ពី​វិស័យ​សាធារណៈ វិស័យ​ឯកជន អន្តរជាតិ និង​ជាតិ​សម្រាប់​គាំទ្រ​ដល់​ការ​វិនិយោគ​លើ​ការងារ​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេសនេះ។ ការ​សិក្សា​ថ្មី​នេះ ក៏​បាន​ប៉ាន់​ប្រមាណ​ពី​ការ​ខាត​បង់​ដែល​ទំនង​ជា​កើត​មាន​ចំពោះ​កម្ពុជា​ដោយសារ​វិបត្តិ​កូវីដ​១៩ ផងដែរ។

របាយការណ៍​នេះ​រក​ឃើញ​ថា ចំណូល​ក្នុង​ស្រុក​កាន់​តែ​ក្លាយ​ជា​ប្រភព​ហិរញ្ញ​ប្បទាន​សំខាន់​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ពោល​គឺ​ស្មើ​នឹង ១៩% នៃ ផ.ស.ស ក្នុងឆ្នាំ ២០២០ និង​បន្ត​កើន​ឡើង​រហូត​ដល់ ២២,៥% ត្រឹម​ឆ្នាំ ២០២៥។

ខណៈ​ពេល​ដែល​រំហូរ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) នៅ​តែ​មាន​កម្រិត​គួរ​កត់​សម្គាល់ ស្មើ​នឹង​ប្រមាណ ៧,៩% នៃ​ផ.ស.ស ផ្នែក​ខ្លះ​នៃប្រភព​ហិរញ្ញប្បទាន​នេះ បាន​ងាក​ទៅ​រក​កម្ចី​វិញ​ពោល​គឺ​កម្ចី​ដែល​ពុំ​សូវ​មាន​លក្ខណៈ​សម្បទាន​ដូច​កាល​ពី​មុន។

ជំងឺកូវីដ១៩ នាំ​ឱ្យ​មាន​ការ​ខាត​បង់​រំហូរ​ហិរញ្ញ​ប្បទាន​សរុប​ប្រមាណ ៣,៦ ពាន់​លាន​ដុល្លារ​ស្មើ​នឹង​ ១៩,៨% នៃ​រំហូរ​ហិរញ្ញ​វត្ថុ​សរុប​សម្រាប់ឆ្នាំ ២០២០។

ប្រភព​ហិរញ្ញប្បទាន​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ រួម​មាន ចំណូល​នៅ​ក្នុង​ស្រុក ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស (FDI) និង​ការ​វិនិយោគ​ក្នុង​ស្រុក​ពី​ប្រភព​ឯកជន។

របាយការណ៍នេះ ក៏បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​នវានុវត្តន៍​គោល​នយោបាយ​ហិរញ្ញប្បទាន ដើម្បី​បង្កើន​សមត្ថភាព​របស់​រដ្ឋ​ក្នុងការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​និង​ធានា​​ឱ្យ​មាន​ការ​បន្ត​រំហូរ​មូលធន​ឯកជន ក្នុង​កម្រិត​ខ្ពស់។ ដូច្នេះ គួរ​មាន​ការ​សិក្សា​បន្ថែម​ពី​ជម្រើសផ្សេង​ទៀត​នៃ​យន្តការ​ហិរញ្ញប្បទាន​បៃតង​ដែល​អាច​យក​មក​ប្រើ​ប្រាស់ ដើម្បី​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs)។

លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា បាន​ឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ការ​បង្កើត​ជា​ម៉ូដែល ដើម្បីបង្ហាញ​ឱ្យ​ឃើញ​ពី​រូបភាព​ពេញ​លេញ​នៃ​រំហូរ​ចូល​ហិរញ្ញវត្ថុ ដែល​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ពី​គ្រប់​ប្រភព​ទាំងអស់​សម្រាប់​កម្ពុជា ជាមួយ​នឹងភាព​ជាក់​លាក់​បែប​នេះ។ នៅ​ពេល​ដែល​យើង​អាច​សម្រួល​ការ​រឹត​ត្បិត ដោយសារ​ជំងឺ​កូវីដ១៩ គេ​រំពឹង​ថា រំហូរ​ធនធាន​ហិរញ្ញ​ប្បទាន​សម្រាប់ការ​អភិវឌ្ឍ នឹង​មាន​កំណើន​ខ្ពស់។ ក្នុង​ចំណោម​រំហូរ​ទាំង​នេះ ប្រភព​ហិរញ្ញប្បទាន​ពី​ក្នុង​ស្រុក កាន់​តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើងៗ។

លោក​បន្ថែម​ថា៖ «ព្រះ​រាជាណាចក្រ​កម្ពុជា អាច​ងើប​ចេញ​ពី​ឋានៈ​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច នៅ​ចុង​ទសវត្សរ៍ ២០២០។ ពេលនេះ​ហើយ ជា​ពេល​វេលា​ដែល​ត្រូវ​ត្រៀម​ប្រភព​ហិរញ្ញប្បទាន​ថ្មីៗ ដូច​ដែល​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​របាយការណ៍​នេះ។ ឧទាហរណ៍ ការមាន​លទ្ធភាព​ចេញ​សញ្ញាប័ណ្ណ​ជា​ប្រាក់​រៀល គឺ​ជា​ជម្រើស​មួយ​ដែល​កំពុង​ត្រូវ​បាន​យក​មក​ធ្វើ​ការ​ពិចារណា ហើយ​ក៏​ជាជ​ម្រើស​ដែល​ទទួលបាន​ការ​គាំទ្រ​ខ្លាំង​ក្លា​ពី UNDP ផងដែរ»។

លោក រស់ សីលវ៉ា រដ្ឋ​លេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើក​ឡើង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ផ្សព្វ​ផ្សាយ​ផែនការ​ស្តារសេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ ដែល​នឹង​ប្រើ​ប្រាស់​ហិរញ្ញប្បទាន​ពី​ថវិការ​ជាតិ និង​ពិចារណាកៀរគរ​ប្រភព​ហិរញ្ញប្បទាន​ផ្សេង​ទៀត​ផងដែរ។របាយការណ៍​នេះ​ផ្តល់​ឲ្យ​នូវ​គំនិត​បន្ថែម​ពី​ជម្រើស​ប្រភព​ហិរញ្ញប្បទាន​ដទៃ​ទៀត។

លោក សីលវ៉ា ក៏​បាន​ស្វាគមន៍​អនុសាសន៍​គោល​នយោបាយ​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍ DFA នេះផងដែរ។

លោកបន្ថែមថា៖ «ការ​ផ្ដល់​អនុសាសន៍​គោល​នយោបាយ​ឈរ​លើ​ភ័ស្តុតាង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ជា​ការ​រួម​វិភាគ​ទាន​បន្ថែម​ទៀត​របស់ UNDP»៕