ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា​តាម​រយៈ​ក្រសួង​ទេសចរណ៍​ នឹង​ជ្រើស​រើស​ភូមិ​គំរូ​ចំនួន ៣ ដើម្បី​បេក្ខភាព​ចូល​រួម​ប្រកួត​ប្រជែង​កម្មវិធី «ទេសចរណ៍​ឆ្នើម ឬ Best Tourist Village» ដែល​រៀប​ចំ​ដោយ​អង្គការ​ទេសចរណ៍​ពិភព​លោក (UNWTO)។ នេះ​បើ​តាម​លិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា។

លិខិត​របស់​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ក្រសួង ពាណិជ្ជកម្ម សហការ​ជាមួយ​ក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួង​មហាផ្ទៃ អាជ្ញាធរ រាជធានី ខេត្ត និង​ភាគី​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត ធ្វើ​ការ​ជ្រើសរើស​ភូមិ​ទេសចរណ៍​ឆ្នើម​ចំនួន ៣ ដើម្បីដាក់​ជា​បេក្ខភាព​ក្នុង​កម្មវិធី​ប្រឡង​ប្រណាំង «ភូមិ​ទេសចរណ៍​ឆ្នើម» ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​អង្គការ​ទេចរណ៍​ពិភព​លោក (UNWTO)។

លិខិតនេះ​បាន​ឱ្យ​ដឹង​ទៀត​ថា បញ្ចូល​ការ​ជ្រើសរើស​ភូមិ​ទេសចរណ៍​ឆ្នើម​នេះ ក្រោម​យន្តការ​នៃ​ការ​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​ដែល​ក្រសួងទេសចរណ៍​បាន​និង​កំពុង​ដឹក​នាំ​ដើម្បី​ងាយ​ស្រួល​អនុវត្ត​និង​ត្រួត​ពិនិត្យ។

សេចក្តីសម្រេចនេះ យោង​ទៅ​តាម​លិខិត​លេខ ៤១៦លស ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១ របស់​ក្រសួង​ទេសចរណ៍​និង​ចំណា​ដ៏ខ្ពង់​ខ្ពស់​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី ចុះ​ថ្ងៃ​ទី ៨ ខែ​កក្កដា។

កាលពីខែ​មុន លោក Zurab Pololikashvili អគ្គលេខាធិការ UNWTO បាន​អញ្ជើញ​រដ្ឋជា​សមាជិក​ទាំងអស់​ឱ្យ​ចូលរួម​ក្នុង​គំនិត​ផ្តួច​ផ្តើមនេះ​ដោយ​លោក​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​វិស័យ​ទេសចរណ៍​សម្រាប់​ការ​អភិវឌ្ឍ​ជនបទ​ដែល​បង្ហាញ​ពី​គំនិត​ផ្តួច​ផ្តើម​ភូមិ​ទេសចរណ៍ល្អ​បំផុត។

លោកបង្ហាញថា ៖«ភូមិ​ទេសចរណ៍​ឆ្នើម​គឺ​ជា​ភូមិ​មួយ​ដែល​មាន​ធនធាន​ធម្មជាតិ និង​វប្បធម៌​យ៉ាង​សម្បើម និង​ភូមិ​មួយ​ប្តេជ្ញា​លើក​កម្ពស់ និងអភិរក្ស​ធម្មជាតិ និង​វប្បធម៌។ ភូមិ​មួយ​ដែល​មាន​ចក្ខុវិស័យ​ទេសចរណ៍​សម្រាប់​ជា​ឧបករណ៍​មួយ​ដែល​មាន​ការ​ចូលរួម​អភិវឌ្ឍ ប្រកប​ដោយនិរន្តរភាព ភូមិមួយ​ដែល​ឱ្យ​តម្លៃ​លើ​ម្ហូប​អាហារ​ប្រពៃណី សិប្បកម្ម និង ប្រជាជន​របស់​ខ្លួន និង​ភូមិ​ទេសចរណ៍​ធ្វើការ​ដើម្បី​សុខុមាលភាពរបស់​អ្នក​ស្រុក​និង​អ្នក​ទស្សនា»។

ថ្ងៃ​ផុត​កំណត់​នៃ​ការ​ដាក់​ពាក្យ​សុំ​ចូលរួម​ប្រកួត​ប្រជែង «ភូមិ​ទេសចរណ៍​ឆ្នើម» របស់ UNWTO បាន​ពន្យារ​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​សីហាឆ្នាំ ២០២១។

ភូមិ​ដែល​ត្រូវ​បាន​ជ្រើសរើស​នឹង​ត្រូវ​ប្រកាស​នៅ​ខែតុលា ឆ្នាំ ២០២១ ក្នុង​ឱកាស​នៃ​សម័យ​ប្រជុំ​លើក​ទី ២៤ នៃ​មហាសន្និបាត UNWTO នៅទីក្រុង ម៉ារ៉ាខាស ប្រទេស ម៉ារ៉ុក៕