ភ្នំពេញៈ និយតករ​មូលបត្រ​កម្ពុជា​ (​ន.ម.ក.) ​បានដាក់​នូវ​វិធានការ​បន្តបន្ទាប់​ឱ្យ​ក្រុមហ៊ុន​ហ្គោល​អេហ្វអិកស៍ អ៊ិនវេសម៉ិន (GoldFX Investment Co., Ltd) រក​ដំណោះស្រាយ​ជាមួយ​អតិថិជន​ករណី​បាត់បង់​ទុនវិនិយោគ​ដែល​គេ​រំពឹងថា​វិធានការ​នេះ​នឹង​បន្ត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​វិនិយោគិន​លើ​វិស័យនេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ន.ម.ក. កាលពី​ថ្ងៃទី​ ១៦ កក្កដា ឱ្យដឹងថា កន្លងមក​ក្រុមហ៊ុន GoldFX បាន​ទូទាត់​ប្រាក់​វិនិយោគ​ទៅឱ្យ​អតិថិជន​ទាំងនេះ​តាម​គណនី​ជួញដូរ​នីមួយៗ​រួចរាល់​ហើយ ប៉ុន្តែ​ដោយ ន.ម.ក. បានទទួល​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់​ចំនួន​ជិត ៨០០ បណ្តឹង​ហើយ​រហូតមក​ដល់ពេលនេះ​។ ក្នុងករណីនេះ ន.ម.ក. តម្រូវឱ្យ​ក្រុមហ៊ុន GoldFX ដោះស្រាយ​ជាបន្ទាន់​ជាមួយ​នឹង​អតិថិជន​ដែល​បាន​បើក​គណនី​ជួញដូរ​ឧបករណ៍​និស្សន្ទ​តាមរយៈ​វេទិកា​ជួញដូរ​របស់​ក្រុមហ៊ុន​សមភាគី​កណ្តាល​ស្របច្បាប់​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​ដោយ​ពិនិត្យឃើញថា ក្រុមហ៊ុន GoldFX មាន​អតិថិជន​ផ្សេងទៀត​ក្រៅពី​ក្រុម​អតិថិជន​ខាងលើនេះ ក្នុង​គោលដៅ​បន្ទាន់​នៃ​កិច្ចការពារ​ផលប្រយោជន៍​របស់​វិនិយោគិន ន.ម.ក. បាន​ជំរុញ និង​ណែនាំ​ឱ្យ​ក្រុមហ៊ុន GoldFX ព្យួរ​ប្រតិបត្តិការ តែ​មិនឱ្យ​បិទ​ក្រុមហ៊ុន និង​ត្រូវ​ដោះស្រាយ​ទូទាត់​ប្រាក់​វិនិយោគ​ឱ្យ​អតិថិជន​ទាំងនោះ​វិញ​ជាបន្ទាន់​»​។

លោក ញឹម កុសល ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល​ (Golden FX Link Capital) ​ដែលជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រាល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ដែល​ទទួល​អាជ្ញាប័ណ្ណ​ពី​និយតករ​មូលបត្រ​កម្ពុជា គឺ​ត្រូវ​បានផ្តល់​ការទុកចិត្ត​រួចទៅហើយ ប៉ុន្តែ​ទាមទារ​ឱ្យ​វិនិយោគិន​ដែល​ដាក់ទុន​វិនិយោគ​ត្រូវមាន​ការសិក្សា​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន​។

លោក​បន្តថា​៖ «​អ្នកវិនិយោគ​ត្រូវតែ​សិក្សា​ឱ្យ​ច្បាស់​អំពី​ក្រុមហ៊ុន​វិនិយោគ ដែល​នេះ​ជា​កិច្ចការ​រវាង​បុគ្គល​ផ្ទាល់ខ្លួន​របស់គាត់​ជាមួយ​ក្រុមហ៊ុន​។ ពួក​ខ្ញុំ​ជា​តំណាងឱ្យ​ក្រុមហ៊ុន ដូចនេះ​យើងខ្ញុំ​មិនអាច​និយាយ​ករណីនេះ​ខុស ឬក៏​ត្រូវ​នោះទេ​»​។

លោក​បញ្ជាក់ថា​៖ «​តាមពិត​អ្នកវិនិយោគ​គួរតែមាន​ទំនុកចិត្ត​វិនិយោគ​លើ​វិស័យនេះ​តាំងពីដើម ព្រោះ​ច្បាប់​របស់​យើង​បាន​គ្រប់គ្រង​ទៅលើ​ក្រុមហ៊ុន​ជួញដូរ​នេះ​រួចហើយ គ្រាន់តែ​ថា នៅពេល​អតិថិជន​សម្រេច​វិនិយោគ ពួកគាត់​ត្រូវ​គិតគូរ​ពី​ស្តង់ដា និង​សិក្សា​ស្រាវជ្រាវ​ឱ្យបាន​គ្រប់គ្រាន់​»​។

លោក​ក៏បាន​គាំទ្រ​ចំណាត់ការ​របស់​និយតករ​មូលបត្រ​កម្ពុជា​ក្នុង​ករណីនេះ និង​ប្តេជ្ញា​បន្ត​គោរព​តាម​រាល់​ការណែនាំ​ពី ន.ម.ក.។

ក្រុមហ៊ុន GoldFX ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ជា​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ពី ន.ម.ក.។ តាម​បទប្បញ្ញត្តិ​ក្រុមហ៊ុន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើការ​ជួញដូរ​ឧបករណ៍​និស្សន្ទ​ក្នុងនាម​ជា​ភ្នាក់ងារ​របស់​អតិថិជន​ខ្លួន​ (​ធ្វើតាម​ការបញ្ជាទិញ-លក់​របស់​អតិថិជន​) និង​ផ្តល់​ប្រឹក្សា​អំពី​ការវិនិយោគ​លើ​ឧបករណ៍​និស្សន្ទ​។

ចំពោះ​ចំណាត់ការ​លើ​ពាក្យបណ្តឹង​ទាំងអស់នេះ ន.ម.ក. បាន​អញ្ជើញ​តំណាង​ក្រុមហ៊ុន GoldFX មក​បំភ្លឺ ព្រមទាំង​អ្នកតំណាង​ម្ចាស់​បណ្តឹង និង​ម្ចាស់បណ្តឹង​ជា​បន្តបន្ទាប់​ឱ្យ​ចូលមក​ផ្តល់ព័ត៌មាន និង​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​ចាំបាច់​ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​ជា​ធរមាន​៕ LA