ភ្នំពេញៈ ក្រសួង​ទេសចរណ៍​នឹង​ជ្រើសរើស​ភូមិ​ឆ្នើម​ចំនួន ៣ ធ្វើជា​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ចូលរួម​ការប្រកួតប្រជែង​ «​ភូមិ​ទេសចរណ៍​ឆ្នើម​» (Best Tourism Village) ដែល​រៀបចំ​ដោយ​អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTO) ក្នុង​ឱកាស​នៃ​សម័យប្រជុំ​នៅ​ទីក្រុង​ម៉ារ៉ាខាស ប្រទេស​ម៉ារ៉ុក នាខែ​តុលា ឆ្នាំ​ ២០២១​។

លិខិត​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចុះហត្ថលេខា​ដោយ​លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ​ប្រចាំការ​កាលពី​ថ្ងៃទី​ ១៣ ខែកក្កដា ឱ្យដឹងថា រដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា ក្រសួង​មហាផ្ទៃ អាជ្ញាធរ​រាជធានី-ខេត្ត និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ធ្វើការ​ជ្រើសរើស​ភូមិ​ទេសចរណ៍​ឆ្នើម​ចំនួន ៣ ដាក់​ជា​បេក្ខភាព​ក្នុង​កម្មវិធី​ប្រឡងប្រណាំង​ «​ភូមិ​ទេសចរណ៍​ឆ្នើម​» ដែល​ផ្តួចផ្តើមឡើង​ដោយ UNWTO​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៨ ខែកក្កដា​ថា នេះ​ជា​គម្រោង​របស់​អង្គការ​ទេសចរណ៍​ពិភពលោក ដើម្បី​ជ្រើសរើសរ​កភូមិ​ទេសចរណ៍​ឆ្នើម ចូលរួម​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​។ ភូមិទេសចរណ៍​ឆ្នើម​សំដៅ​កន្លែង​ដែលមាន​សក្តានុពល​ទេសចរណ៍​ដូចជា ភាពទាក់ទាញ មាន​ការការពារ និង​អភិរក្ស​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី សម្បត្តិបេតិកភណ្ឌ ព្រមទាំង​ការចូលរួម​របស់​ប្រជាជន​ក្នុង​តំបន់​។

លោក​ថ្លែងថា​៖ «​បើ​កម្ពុជា​ទទួល​ជយលាភី​ពី​ការប្រកួត​នេះ វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដូចជា ការចែករំលែក​បទពិសោធ​នៃ​ការអភិវឌ្ឍ​ភូមិ​គំរូ​នៅ​ប្រទេស​នានា ព្រមទាំង​អាចបង្កើត​នូវ​ផលិតផល​ទេសចរណ៍​ថ្មីៗ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ឱកាស​ការងារ​ថ្មីៗ​បន្ថែម​ដល់​ប្រជាជន​»​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់ថា ការជ្រើសរើស​យក​ភូមិ​ទេសចរណ៍​ឆ្នើម​ទៅ​ប្រកួតប្រជែង​លក្ខណៈ​ពិភពលោក​បែបនេះ​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

លោក​បន្តថា ដើម្បី​អាច​ក្លាយជា​ភូមិ​ទេសចរណ៍​ឆ្នើម លុះត្រា​ភូមិ​ទាំងនោះ​ត្រូវមាន​លក្ខណៈ​មួយចំនួន​ដូចជា ការរក្សាបាន​នូវ​សម្បត្តិ​វប្បធម៌​ដើម មាន​សុខសុវត្ថិភាព​ល្អ និង​មាន​បរិស្ថាន​ស្អាត​។

លោក​ប្រាប់ថា​៖ «​កម្មវិធី​នេះ​អាច​នឹង​ជួយ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ពិភពលោក​ឱ្យមក​ចាប់អារម្មណ៍​លើ​កម្ពុជា​កាន់តែ​ច្រើន ពិសេស​បើ​ភូមិ​ទេសចរណ៍​ឆ្នើម​កម្ពុជា​ត្រូវបាន​គេ​ជ្រើសរើស​»​។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍-កម្ពុជា​បាន​ប្រាប់ថា កម្មវិធី​បែបនេះ​នឹង​ជួយ​ជំរុញ​ឱ្យ​ភូមិ​ដែលមាន​សក្តានុពល​ទេសចរណ៍​នីមួយៗ​ខិតខំ​ធ្វើការ​អភិរក្ស និង​អភិវឌ្ឍន៍​បន្ថែម​លើ​អ្វីដែល​ខ្លួន​មាន​ឱ្យ​កាន់តែ​ប្រសើរ​។ ការពង្រឹង​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​លក្ខណៈ​ពិភពលោក​នឹង​មិន​ត្រឹមតែ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ក្រៅប្រទេស​ប៉ុណ្ណោះ​ទេ សូម្បី​ភ្ញៀវ​ក្នុងស្រុក​ក៏​អាច​ស្រូប​ទាញ​បាន​ច្រើន​ដែរ​។

អ្នកស្រី​អះអាងថា​៖ «​វិស័យ​ឯកជន​ពិតជា​ពេញចិត្ត និង​គាំទ្រ​ឱ្យមាន​កម្មវិធី​នេះ ព្រោះ​នៅពេល​មាន​ការប្រកួតប្រជែង​ភូមិ​នីមួយៗ​តែងតែ​នាំគ្នា​រៀបចំ​ទីតាំង​របស់ខ្លួន ទោះ​ពេលនេះ​ប្រទេស​កម្ពុជា​នៅ​មិនទាន់​បើកទទួល​ភ្ញៀវ​បរទេស​ក៏ដោយ​»​។

ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា លោក ឌិន សុមេធារិទ្ធ បាន​និយាយថា ការជ្រើសរើស​ «​ភូមិ​ទេសចរណ៍​ឆ្នើម​» ​នឹង​ចូលរួម​ចំណែក​ច្រើន​សម្រាប់​វិស័យ​ទេសចរណ៍ និង​សណ្ឋាគារ ក៏ដូចជា​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា ព្រោះ​សម្រាប់​កិច្ចការ​ផ្ទៃក្នុង គឺ​តាម​ភូមិ​នីមួយៗ​អាជ្ញាធរ ក៏ដូចជា​ប្រជាពលរដ្ឋ​នឹង​ខិតខំ​រៀបចំ​កន្លែង​ខ្លួន​ឱ្យមាន​ភាពល្អ​ប្រសើរ និង​មាន​សេដ្ឋកិច្ច​មូលដ្ឋាន​កាន់តែ​រឹងមាំ ចំណែក​កិច្ចការ​ខាងក្រៅ គឺ​ភូមិ​ដែល​ត្រូវគេ​ជ្រើសរើស​នឹង​អាច​មានឱកាស​ក្នុង​ការចាប់​ដៃគូ​ជាមួយ​ភូមិ​នៅក្រៅ​ប្រទេស​ ដើម្បី​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​របៀប​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន និង​រឹតចំណង​មិត្តភាព​រវាង​គ្នា និង​គ្នា​។

លោក​លើកឡើង​ថា​៖ «​តាមរយៈ​កម្មវិធី​នេះ​គេ​អាចបង្កើត​ឱ្យមាន​ការចង​សម្ព័ន្ធ​ជា​ភូមិទេសចរណ៍​គំរូ​លក្ខណៈ​អន្តរជាតិ ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​សណ្ឋាគារ​ឡើងវិញ​នៅពេល​ខាងមុខ​»​។

ការកំណត់​នៃ​ការដាក់​ពាក្យសុំ​ចូលរួម​ប្រកួត​ «​ភូមិ​ទេសចរណ៍​ឆ្នើម​» របស់ UNWTO នឹងត្រូវ​បញ្ចប់​នា​ថ្ងៃទី​ ៣១ ខែសីហា ឆ្នាំ​ ២០២១ ហើយ​លទ្ធផល​នឹងត្រូវ​ប្រកាស​នៅ​ខែតុលា ឆ្នាំ​ ២០២១ ក្នុង​កិច្ចប្រជុំ​លើក​ទី ២៤ នៃ​មហាសន្និបាត UNWTO នៅក្នុង​ទីក្រុង​ម៉ារ៉ាខាស ប្រទេស​ម៉ារ៉ុក​៕ LA