ភ្នំពេញៈ របាយការណ៍​ថ្មី​មួយ​របស់ UNDP រកឃើញថា ចំណូល​ក្នុងស្រុក​កាន់តែ​ក្លាយជា​ប្រភព​ហិរញ្ញប្បទាន​សំខាន់បំផុត​សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា​ដែល​ស្មើនឹង​ ១៩ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ​ ២០២០ និង​បន្ត​កើនឡើង​រហូតដល់​ ២២,៥ ​ភាគរយ ត្រឹម​ឆ្នាំ​ ២០២៥​។

នៅ​ថ្ងៃទី​ ១៦ ខែកក្កដា ឆ្នាំ​ ២០២១ UNDP បានប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ក្រោម​ចំណងជើង​ថា​ «​ការវាយតម្លៃ​លើ​ធនធាន​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា (DFA)» បាន​ធ្វើការ​វិភាគ​លើ​សមាសភាគ និង​និន្នាការ​នៃ​លំហូរ​ចូល​ធនធាន​ហិរញ្ញវត្ថុ​ទាំងអស់​របស់​កម្ពុជា ដែល​មាន​ប្រភពពី​វិស័យ​សាធារណៈ វិស័យ​ឯកជន អន្តរជាតិ និង​ជាតិ​សម្រាប់​គាំទ្រ​ដល់​ការវិនិយោគ​លើ​ការងារ​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​នេះ​។ ការសិក្សា​ថ្មី​នេះ ក៏បាន​ប៉ាន់ប្រមាណ​ពី​ការខាតបង់​ដែល​ទំនង​ជា​កើតមាន​ចំពោះ​កម្ពុជា​បង្កឡើង​ដោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ផងដែរ​។

ខណៈពេល​ដែល​លំហូរ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ​នៅតែ​មាន​កម្រិត​គួរកត់សម្គាល់​ស្មើនឹង​ប្រមាណ ៧,៩ ​ភាគរយ​នៃ​ ផ.ស.ស ផ្នែក​ខ្លះ​នៃ​ប្រភព​ហិរញ្ញប្បទាន​នេះ​បាន​ងាក​ទៅរក​កម្ចី​វិញ​ពោលគឺ​កម្ចី​ដែល​ពុំ​សូវ​មាន​លក្ខណៈ​សម្បទាន​ដូច​កាលពីមុន​។

ជំងឺ​កូវីដ​ ១៩ បាន​នាំឱ្យមាន​ការខាតបង់​លំហូរ​ហិរញ្ញប្បទាន​សរុប​ប្រមាណ ៣,៦ ​ពាន់​លាន​ដុល្លារ​ស្មើនឹង​​ ១៩,៨ ​ភាគរយ​នៃ​លំហូរ​ហិរញ្ញវត្ថុ​សរុប​សម្រាប់​ឆ្នាំ​ ២០២០​។ ប្រភព​ហិរញ្ញប្បទាន​ដែល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ រួមមាន ចំណូល​នៅក្នុង​ស្រុក ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស (FDI) និង​ការវិនិយោគ​ឯកជន​។

របាយការណ៍​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការធ្វើ​នវានុវត្តន៍​គោលនយោបាយ​ហិរញ្ញប្បទាន ដើម្បី​បង្កើន​សមត្ថភាព​របស់​រដ្ឋ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ធានា​ឱ្យ​មាន​ការបន្ត​លំហូរ​មូលធន​ឯកជន​ក្នុង​កម្រិត​ខ្ពស់​។ ដូច្នេះ គួរ​មាន​ការសិក្សា​បន្ថែម​ពី​ជម្រើស​ផ្សេងទៀត​នៃ​យន្តការ​ហិរញ្ញប្បទាន​បៃតង​ដែល​អាច​យក​ប្រើប្រាស់ ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs)​។

លោក Nick Beresford នាយក UNDP ប្រចាំ​កម្ពុជា​ឱ្យ​ដឹងថា នេះ​ជា​លើក​ទី​១ ​ហើយ​ដែល​មាន​ការបង្កើត​ជា​ម៉ូដែល ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​រូបភាព​ពេញលេញ​នៃ​លំហូរ​ចូល​ហិរញ្ញវត្ថុ ដែល​គេ​រំពឹងថា​នឹង​ទទួល​បាន​ពី​គ្រប់​ប្រភព​ទាំងអស់​សម្រាប់​កម្ពុជា​ជាមួយ​នឹង​ភាពជាក់លាក់​បែបនេះ​។

នៅពេល​ដែល​គេ​អាច​សម្រួលការ​រឹតត្បិត ដោយសារ​ជំងឺ​កូវីដ ១៩ គេ​រំពឹងថា លំហូរ​ធនធាន​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​នឹង​មាន​កំណើន​ខ្ពស់​។ ក្នុង​ចំណោម​លំហូរ​ទាំងនេះ ប្រភព​ហិរញ្ញប្បទាន​ពី​ក្នុងស្រុក​កាន់តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើងៗ​។

លោក​បន្ថែមថា​៖​ «​កម្ពុជា​អាច​ងើប​ចេញពី​ឋានៈ​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច​នៅ​ចុង​ទសវត្សរ៍​ ២០២០​។ ពេលនេះ​ជា​ពេលវេលា​ដែល​ត្រូវ​ត្រៀម​ប្រភព​ហិរញ្ញប្បទាន​ថ្មីៗ ដូច​ដែល​បង្ហាញ​យ៉ាងច្បាស់​នៅក្នុង​របាយការណ៍​នេះ​។ ឧទាហរណ៍​ការមាន​លទ្ធភាព​ចេញ​សញ្ញាបណ្ណ​ជា​ប្រាក់រៀល គឺជា​ជម្រើស​មួយ​ដែល​កំពុង​ត្រូវបាន​យកមក​ធ្វើការ​ពិចារណា ហើយ​ក៏​ជា​ជម្រើស​ដែល​ទទួល​បាន​ការគាំទ្រ​ខ្លាំងក្លា​ពី​អង្គការ​ UNDP ផងដែរ​។​»

លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ផ្សព្វផ្សាយ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩ សម្រាប់​ឆ្នាំ​ ២០២១-២០២៣ ដែល​នឹង​ប្រើប្រាស់​ហិរញ្ញប្បទាន​ពី​ថវិកាជាតិ និង​ពិចារណា​កៀរគរ​ប្រភព​ហិរញ្ញប្បទាន​ផ្សេងទៀត​។

លោក​បាន​កត់សម្គាល់​ថា របាយការណ៍​នេះ​បានរួម​ចំណែក​ផ្តល់​ឱ្យនូវ​គំនិត​បន្ថែម​ពី​ជម្រើស​ប្រភព​ហិរញ្ញប្បទាន​។

លោក សីលវ៉ា ក៏បាន​ស្វាគមន៍​អនុសាសន៍​គោលនយោបាយ​ដែល​ត្រូវ​បានលើកឡើង​នៅក្នុង​របាយការណ៍​ DFA របស់​អង្គការ​ UNDP ​នេះ​។

លោក​បន្ថែមថា​៖ «​ការផ្ដល់​អនុសាសន៍​គោលនយោបាយ​ឈរលើ​ភ័ស្តុតាង​ពិត​ជាក់ស្តែង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​ការរួមវិភាគទាន​បន្ថែមទៀត​របស់ UNDP»៕ LA