ភ្នំពេញៈ វិស័យ​ឯកជន​បាន​គាំទ្រ​រដ្ឋាភិបាល​ចំពោះ​ការបង្កើត​អង្គភាព​ក្រោម​ឱវាទ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ និង​មិនមែន​ធនាគារ​ (Non-Bank Financial Services Authority-FSA) ដែល​គេ​ជឿថា FSA នឹង​ជួយ​ធ្វើឱ្យ​វិស័យ​សេវា​ហិរញ្ញវត្ថុ និង​មិនមែន​ធនាគារ​កាន់តែ​រឹងមាំ និង​មាន​ភាពរីកចម្រើន​នៅពេល​អនាគត​។

អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​អង្គភាព​ក្រោម​ឱវាទ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ (​អ.ស.ហ​) មាន ៦៥ មាត្រា និង​ ១៣ ជំពូក​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា​ដាក់ឱ្យ​ចាប់ផ្តើម​អនុវត្ត​កាលពី​ថ្ងៃទី​ ១៤ ខែកក្កដា ឆ្នាំ​ ២០២១​។

អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​អង្គភាព​ក្រោម​ឱវាទ អ.ស.ហ រួមមាន អគ្គលេខាធិការដ្ឋាន និយតករ​ធានារ៉ាប់រង​កម្ពុជា និយតករ​មូលបត្រ​កម្ពុជា និយតករ​សន្តិសុខ​សង្គម និយតករ​បរធន​បាលកិច្ច និយតករ​គណនេយ្យ​ និង​សវនកម្ម និយតករ​អាជីវកម្ម​អចលនវត្ថុ​បញ្ចាំ និង​អង្គភាព​សវនកម្ម​ផ្ទៃក្នុង​។

ប្រធាន​អគ្គនាយក​ក្រុមហ៊ុន Forte Insurance លោក យក់ ចំរើនឫទ្ធិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃអាទិត្យ​ថា អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​អ្នក​នៅក្នុង​វិស័យ​ធានារ៉ាប់រង​។

លោក​និយាយថា​៖ «​ខ្ញុំ​គិតថា​ការបង្កើត​អាជ្ញាធរ​នេះ​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ ដោយសារ​អាជ្ញាធរ​ជា​អ្នកទទួល​ខុសត្រូវ​ផ្ទាល់​។ អ.ស.ហ នឹង​ជួយ​ការពារ​ផលប្រយោជន៍​ទាំង​សាធារណជន​ដែលជា​អតិថិជន និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ផងដែរ​»​។

លោក​បន្តថា អ.ស.ហ នឹង​ជួយ​គាំទ្រ​ដល់​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ដែល​វិស័យនេះ​នឹង​ដើរតួនាទី​សំខាន់​នៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​របស់​កម្ពុជា​នាពេល​អនាគត​។

លោក​ប្រាប់ថា​៖ «​យើង​ឃើញថា នាពេល​កន្លងមក ផលប្រយោជន៍​របស់​សាធារណជន​ហាក់​មិនត្រូវ​បាន​យកចិត្ត​ទុកដាក់ អ៊ីចឹង​នៅពេល​មាន​អាជ្ញាធរ​នេះ ផលប្រយោជន៍​អ្នកប្រើប្រាស់​នឹងត្រូវ​បាន​គិតគូរ​ជាង​មុន​»​។

លោក គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ KW Cambodia និង​ជា​ម្ចាស់​គម្រោង បុរី ខេអេស រ៉េស៊ីដេន បាន​ស្វាគមន៍ និង​គាំទ្រ​ដល់​ការបង្កើត​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ដែល​វា​នឹង​ជួយ​ឱ្យ​វិស័យ​អចលនទ្រព្យ​កាន់​តែមាន​ភាពរឹងមាំ ប៉ុន្តែ​អង្គភាព​ត្រូវតែ​មានអំណាច និង​បុគ្គលិក​គ្រប់គ្រាន់​ដើម្បី​បម្រើឱ្យ​វិស័យនេះ​។

លោក​ប្រាប់ថា​៖ «​បើ​ពិនិត្យមើល​ផ្លូវច្បាប់ នៅពេល​រដ្ឋ​លូកដៃ​កាន់តែ​ច្រើន​វា​នឹង​កាន់តែ​ធ្វើឱ្យ​វិស័យនេះ​រឹងមាំ​។ នៅពេល​ច្បាប់​រឹងមាំ អ្នករកស៊ី​នឹង​គោរព​ច្បាប់ ហើយ​ការប្រកួតប្រជែង​ក៏​នឹង​មាន​តម្លាភាព​។ ដូចនេះ​ខ្ញុំ​គាំទ្រ​»​។

លោក​បន្តថា ទន្ទឹមនឹង​ទិដ្ឋភាព​ផ្លូវច្បាប់​ល្អ ការអនុវត្ត​ជាក់ស្តែង​លោក​ក៏​ឃើញថា នឹង​មាន​អង្គភាព​កាន់តែ​ច្រើន​ដែល​ធ្វើឱ្យ​អ្នករកស៊ី​ចំណាយ​កាន់តែច្រើន​ដែរ​។ លោក​និយាយថា​៖ «​បើ​អង្គភាព​នេះ​មាន​កណ្តាប់ដៃ​ដែក អ្នករកស៊ី​ទាំងអស់​ត្រូវតែ​ស្ថិតក្រោម​ច្បាប់ ពេលនោះ​អ្នក​គោរពច្បាប់​នឹង​ទទួល​បាន​ផលប្រយោជន៍ ប៉ុន្តែ​បើ​មានតែ​អង្គភាព​អត់​មានអំណាច និង​មិនមាន​មនុស្ស​ធ្វើការ​គ្រប់គ្រាន់ ពេលនោះ​ការគ្រប់គ្រង​នឹង​ធូររលុង​ដដែល​»​។

អនុក្រឹត្យ​ខាងលើ​ឱ្យដឹង​ទៀតថា លេខាធិការដ្ឋាន អ.ស.ហ មាន​តួនាទី​មួយចំនួន​ដូចជា ផ្តល់​ការគាំទ្រ​ដល់​កិច្ចដំណើរការ អ.ស.ហ, សម្របសម្រួល​រៀបចំ និង​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​, បញ្ហា​បច្ចេកទេស​ហិរញ្ញវត្ថុ​, រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​, តាមដាន និង​វាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​, ជួយ​សម្រប​សម្រួលការ​សុំ​ការអនុម័ត​បទប្បញ្ញត្តិ វិធាន និង​នីតិវិធី​ចាំបាច់​ការគ្រប់គ្រង​វិស័យ​ហិរញ្ញ​មិនមែន​ធនាគារ និង​តាមដាន វាយតម្លៃ​លើ​ប្រសិទ្ធភាព​ការអនុវត្ត ជាដើម​៕ LA