ភ្នំពេញៈ Iron Capital Plc ជា​ក្រុមហ៊ុន​គ្រប់គ្រង​ការវិនិយោគ ដែលមាន​មូលដ្ឋាន​នៅ​កម្ពុជា ទទួល​បាន​មូលនិធិ​ជុំ​ស៊េរី A នូវ​ទឹកប្រាក់ ៥,៧ ​លាន​ដុល្លារ​ពី​ក្រុម​វិនិយោគិន​យុទ្ធសាស្ដ្រ​ឯកជន ដើម្បី​អភិវឌ្ឍ​អេកូស៊ីស្ដែម​រថយន្ត​លក្ខណៈ​ឌីជីថល​លើកដំបូង​នៅ​ប្រទេស​កម្ពុជា​។

យោងតាម​ប្រព័ន្ធ​ព័ត៌មាន Deal Street Asia ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី ទឹកប្រាក់​បានមកពី​មូលនិធិ​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​បង្កើនល្បឿន​ការអភិវឌ្ឍ​កម្មវិធី​ចល័ត និង​ប្រព័ន្ធ​បច្ចេកវិទ្យា​យានដា្ឋន​រថយន្ត​របស់ខ្លួន​។

Iron Capital ជា​វិនិយោគិន​នៅក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល និង​សិទ្ធិ​ធ្វើ​អាជីវកម្ម​យានដ្ឋាន គ្រោង​នឹង​អភិវឌ្ឍ​ប្រព័ន្ធ​បចេ្ចកវិទ្យា​យានដ្ឋាន​ផ្ទាល់​របស់ខ្លួន និង​កម្មវិធី​ចល័ត​ ដើម្បី​ផ្ដល់​ដល់​អតិថិជន​នូវ​លទ្ធភាព​ទទួល​បាន​ភាពងាយស្រួល​ចំពោះ​ផលិតផល និង​សេវា​របស់​ពួកគេ​។

លោក Richard Seang សហស្ថាបនិក​ក្រុមហ៊ុន Iron Capital ដែល​ត្រូវបាន​ដកស្រង់​សម្ដី​លើកឡើងថា ទីផ្សារ​រថយន្ត​កម្ពុជា​នៅពេល​ថ្មីៗ​នេះ​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ហាង​ដែល​គ្រប់គ្រង​ជា​លក្ខណៈ​គ្រួសារ ខ្នាតតូច និង​មិនមាន​ប្រសិទ្ធភាព​។

លោក​បន្ត​៖ «​សម្រាប់​ក្រុមហ៊ុន ចែកចាយ​រថយន្ត​ធំៗ មិនមាន​លទ្ធភាព​ក្នុង​ការទទួល​បាន​អតិថិជន​កម្ពុជា​នោះទេ​»​។

លោក Lee Wei Ken អគ្គនាយក​ក្រុមហ៊ុន Iron Capital ត្រូវបាន​ដកស្រង់​សម្ដី​ថា អ្នកប្រើប្រាស់​រថយន្ត​នៅ​កម្ពុជា​រយៈពេល​យូរ​មកហើយ គឺមាន​ការលំបាក​ពាក់​ព័ន្ធ​នឹង​គ្រឿងបន្លាស់​គុណភាព​ទាប និង​សេវា​ជួសជុល​ក្លែងបន្លំ ដែល​បានផ្ដល់​ដោយ​អ្នក​នៅក្នុង​ទីផ្សារ​ដែល​មិនមាន​ភាពទទួល​ខុសត្រូវ​។

លោក​បន្តថា​៖ «​ទិសដៅ​របស់​យើង​នឹងធ្វើ​ឱ្យមាន​ការប្រកួតប្រជែង​ដោយ​ស្មើភាព​សម្រាប់​អតិថិជន និង​បង្កើត​ប្រព័ន្ធ​អេកូស៊ីស្ដែម​ថ្មី​មួយ​តាមរយៈ​មជ្ឈមណ្ឌល​សេវាកម្ម​រថយន្ត​ដែល​បញ្ជាក់​ដោយ​វិញ្ញាបនបត្រ ISO របស់​យើង ចង្វាក់​ផ្គត់ផ្គង់​គ្រឿងបន្លាស់ សេវាកម្ម​ហិរញ្ញវត្ថុ និង​ភ្ជាប់​វា​ទាំងអស់​នេះ​តាមរយៈ​បចេ្ចកវិទ្យា​ទាំងនេះ​»​។

លោក​ឱ្យដឹងថា ក្រុមហ៊ុន Iron Capital មាន​គោលបំណង​ផ្ដល់​ការសន្សំសំចៃ​ប្រាក់​ចំណាយ​ពី​ ១៥ ​ភាគរយ​ទៅ​ ២០ ​ភាគរយ​ធៀប​នឹង​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​ជាច្រើន​សម្រាប់​អតិថិជន​តាមរយៈ​ប្រព័ន្ធ​អេកូស៊ីស្ដែម​របស់ខ្លួន​។

Iron Capital ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៩ ដោយ​លោក Seang និង​លោកស្រី Alice Sok ជា​អ្នកជំនាញ​រថយន្ត​ជើងចាស់​។ ផលបត្រ​វិនិយោគ​របស់​ក្រុមហ៊ុន Iron Capital រួមមាន​ក្រុមហ៊ុន A Klasse Auto Co., ដែលជា​សិទ្ធិ​ធ្វើ​អាជីវកម្ម​យានដ្ឋាន​ឯកជន​ដែល​ផ្ដល់​វិញ្ញាបនបត្រ ISO ២ ​ជា​លើកដំបូង​របស់​កម្ពុជា និង​ក្រុមហ៊ុន Advanced Auto Digital Media ដែល​ផលិត​មាតិកា​ជាច្រើន​ទាក់ទិន​នឹង​រថយន្ត​៕LA