
លោក Phan Ying Tong នាយកគ្រប់គ្រងនិងជានាយកប្រតិបត្តិធនាគារ Oriental Bank (រូបឆ្វេង) និងលោក Kirill Bratchenko នាយកប្រតិបត្តិក្រុមហ៊ុន Biplan Global នៅក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃសុក្រ។
ក្រុមហ៊ុន Biplan Global ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដំណោះស្រាយព័ត៌មានវិទ្យាឈានមុខគេនៅកម្ពុជា កាលពីថ្ងៃសុក្រសប្តាហ៍មុនបានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការអនុវត្តហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា (IT) ជាមួយធនាគារ Oriental Bank Plc, ដោយនាំមកនូវជំនាញរបស់ខ្លួន ខណៈធនាគារថ្មីបំផុតនៅកម្ពុជាមួយនេះ ចាប់យកបច្ចេកវិទ្យាចុងក្រោយបំផុតដូចជា ប្លុកឆេន (blockchain) និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ក្រុមហ៊ុន Biplan Global បានចូលរួមនៅក្នុងការរចនា និងអនុវត្តហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា បណ្តាញសើវើ អង្គផ្ទុកទិន្នន័យ ក្នុងចំណោមផ្នែកសំខាន់ៗជាច្រើនទៀត ក៏ដូចជាមជ្ឈមណ្ឌលទាញរកទិន្នន័យនៅពេលជួបបញ្ហា។
«ខណៈធនាគារ Oriental Bank នឹងកំណត់ពេលវេលាធ្វើប្រតិបត្តិការរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ យើងមានផ្តល់នូវដំណោះស្រាយហេដ្ឋារចនាសម្ព័នព័ត៌មានវិទ្យា មានតម្លៃសមរម្យ និងចាំបាច់សម្រាប់ការរីកចម្រើនផ្នែកឌីជីថលនាពេលអនាគត»។
«តាមរយៈការប្រើប្រាស់បទពិសោធ និងជំនាញដ៏ទូលំទូលាយរបស់យើង និងតាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជីវករជាច្រើន យើងបានបង្កើតដំណោះល្អបំផុត នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ធនាគារថ្មីនេះ»។
លោក Kirill Bratchenko នាយកប្រតិបត្តិក្រុមហ៊ុន Biplan Global បានមានប្រសាសន៍ថា៖ «ជាមួយអតិថិជនគ្រប់រូប វិធីសាស្ត្ររបស់យើងគឺមានភាពងាយស្រួល យើងចង់កសាងទំនាក់ទំនងយូរអង្វែង និងជួយពួកគេឱ្យរីកចម្រើន។ នៅពេលអតិថិជនរបស់យើងរីកចម្រើន យើងនឹងរីកចម្រើនជាមួយគ្នាពីព្រោះតម្រូវការផ្នែកព័ត៌មានវិទ្យារបស់ពួកគេ នឹងកើនឡើងតាមកំណើនលូតលាស់របស់ពួកគេ»។
ក្រុមហ៊ុន Biplan Global ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយអ្នកដែលមានបទពិសោធយូរអង្វែងនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងទូរគមនាគមន៍។ ខណៈធនាគារ Oriental Bank ទើបតែបានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពេញលេញកាលពីពេលថ្មីៗ ពីធនាគារជាតិនៃកម្ពុជា (NBC)។
ដោយមានបទពិសោធយ៉ាងច្រើននៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ គណៈគ្រប់គ្រងរបស់ធនាគារ Oriental Bank បានពិចារណាលើឱកាសរីកចម្រើនដ៏រឹងមាំនៅក្នុងវិស័យធនាគារឌីជីថល ជាមួយអតិថិជនដែលមានការយល់ដឹងអំពីបច្ចេកវិទ្យាកាន់តែច្រើនឡើងៗ។
ជាមួយយុទ្ធសាស្ត្រចម្រុះដ៏រឹងមាំ ដែលផ្តោតលើដំណោះស្រាយឌីជីថល ប៉ុន្តែក៏មិនព្រងើយកន្តើយនឹងយុទ្ធសាស្ត្រធនាគារបែបប្រពៃណី ដោយធនាគារ Oriental Bank មានបំណងដណ្តើមចំណែកទីផ្សាររបស់អ្នកប្រើប្រាស់ធនាគារឌីជីថល ក៏ដូចជាអ្នកដែលប្រើសេវាកម្មធនាគារបែបប្រពៃណី។
រាប់ចាប់ពីការធ្វើផែនការរហូតដល់ការអនុវត្តពេញលេញ និងប្រតិបត្តិការផ្នែកហាដវែរ និងសូហ្វវែរ ជំនាញរបស់ក្រុមហ៊ុន Biplan Global នឹងធានាថា ធនាគារ Oriental Bank នឹងអនុវត្តតាមស្តង់ដាឧស្សាហកម្មក្នុងកម្រិតខ្ពស់បំផុត ខណៈប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យារបស់ខ្លួន សម្រាប់ការរីកចម្រើនទាំងអាជីវកម្មបែបប្រពៃណី និងឌីជីថល។
«នៅក្នុងដំណោះស្រាយមជ្ឈមណ្ឌលទិន្នន័យនេះ ផ្នែកហាដវែររបស់យើង គឺបានមកពីក្រុមហ៊ុន Huawei។ នៅពេលបញ្ចប់មជ្ឈមណ្ឌលទិន្នន័យរបស់ធនាគារ Oriental Bank នឹងត្រូវចាត់ក្នុងលំដាប់ Tier-III ជាមួយនឹងឧបករណ៍ដ៏ទំនើប ហើយរាល់បណ្តាញឧបករណ៍នឹងជួយដល់ធនាគារថ្មីសម្រាប់ប្រឈមនឹងការប្រកួតប្រជែងខ្លាំងណាមួយ ពីដៃគូប្រកួតប្រជែង»។
លោក Bratchenko បន្ថែមថា៖ «អាជីវករសូហ្វវែរសំខាន់ៗគឺ Red Hat និង VMware ខណៈពួកគេនឹងគាំទ្រដល់និម្មិតកម្មរបស់សើវើ និងត្រៀមខ្លួនសម្រាប់ធនាគារស្នូល និងប្រព័ន្ធធនាគារសំខាន់ៗដទៃទៀត»។
ក្រុមហ៊ុន Biplan Global គឺជាដៃគូក្រុមហ៊ុន Huawei Gold Partner តែមួយគត់នៅកម្ពុជា និងជាដៃគូ សេវាកម្មលំដាប់ផ្កាយ ៤ នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ដែលកំពុងរីកចម្រើន។
ក្រុមហ៊ុនក៏មានដៃគូជាមួយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេជាង ២០ ទៀតផងដែរ ដូចជាក្រុមហ៊ុន Red Hat, VMware, Cisco, Dell, Microsoft, Veeam, Fortinet និង Palo Alto ជាដើម។
យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Biplan Global គឺប្រើជំនាញដែលមានការច្នៃប្រឌិតខ្ពស់បំផុត ដើម្បីផ្តល់ជូនសេវាកម្ម និងដំណោះស្រាយប្រកបដោយគុណភាព និងមានតម្លៃសមរម្យ ក៏ដូចជាមានសេវាកម្មដែលមានប្រសិទ្ធភាពខ្ពស់ បន្ទាប់ពីការលក់ដែលនឹងធ្វើឱ្យប្រសើរឡើងនូវនិន្នាការជោគជ័យនៅក្នុងការផ្តល់សេវាកម្មទាំងផ្នែកសូហ្វវែរ និងហាដវែរ។
ដំណោះស្រាយ និងសេវាកម្ម គឺផ្អែកលើការស្រាវជ្រាវ ការគាំទ្រផ្នែកបច្ចេកទេស ប្រតិបត្តិការចម្រុះ និងការអនុវត្តសេវាកម្ម ដោយផ្តោតលើគុណភាព ការផ្តល់សេវាកម្មទាន់ពេលវេលាដ៏មានប្រសិទ្ធភាព និងតម្លៃសមរម្យ ដែលស្របនឹងតម្រូវការពិតប្រាកដរបស់អតិថិជន៕