
ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក្រោមការវិនិយោគរបស់ចិន។ រូបថត MPWT
ភ្នំពេញៈ ចិនឈរនៅលំដាប់ទី១ ជាប្រទេសដែលបណ្តាក់ទុនច្រើនជាងគេនៅកម្ពុជាក្នុងឆមាសទី១ ឆ្នាំ ២០២១ ដោយមានទឹកប្រាក់ប្រមាណ ២ ពាន់លានដុល្លារ។ នេះបើតាមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
លោក Wang Wentian ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅកម្ពុជាបាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ BTV កាលពីពេលថ្មីៗនេះថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២១ វិនិយោគចិនបានវិនិយោគនៅកម្ពុជាក្នុងទឹកប្រាក់សរុប ២ ពាន់លានដុល្លារ។
លោកបន្ថែមថា គម្រោងសំខាន់ៗដែលវិនិយោគដោយក្រុមហ៊ុនចិននៅកម្ពុជា មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មនៅខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាដើម។
លោកថ្លែងថា៖ «កិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យរវាងភាគីទាំង ២ ត្រូវបានលើកកម្ពស់កាន់តែស៊ីជម្រៅ និងដើរតួនាទីយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយយកឈ្នះជាមួយផលប៉ះពាល់នៃជំងឺកូវីដ ១៩។ ទន្ទឹមនឹងនេះភាគីចិននឹងរីករាយក្នុងការបន្តពង្រឹងសហប្រតិបត្តិការជាក់ស្តែងជាមួយនឹងកម្ពុជាលើគ្រប់វិស័យ ដើម្បីជួយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញ»។
អ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការវិនិយោគរបស់ចិនមកប្រទេសកម្ពុជា គឺមានន័យថា ចិនបានលើកគម្រោងវិនិយោគមកកម្ពុជា ប៉ុន្តែគម្រោងមួយចំនួនមិនទាន់បានបង្ហូរហិរញ្ញវត្ថុ និងសកម្មភាពនៅឡើយទេ ខណៈមានគម្រោងខ្លះទៀត គឺជាគម្រោងបើកមុខ ដែលត្រូវស្វែងរកអ្នកវិនិយោគ ដើម្បីចូលមកវិនិយោគនៅកម្ពុជា។
លោកលើកឡើងថា៖ «យើងវាយតម្លៃថា ការវិនិយោគរបស់ចិនចូលមកនេះ គឺដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំង ២ ព្រមជាមួយការតភ្ជាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ ទោះបីយ៉ាងណាក៏ការវិនិយោគនេះនៅមានកម្រិតនៅឡើយ ព្រោះប្រាក់វិនិយោគមានតែនៅលើក្រដាស តែការអនុវត្តជាក់ស្តែងមិនបានច្រើនដូចអ្វីដែលមានពិតប្រាកដនេះទេ ដូច្នេះទើបមិនមានវិបត្តិអ្វីកើតឡើង ដោយសារតែការវិនិយោគរបស់ចិនច្រើនលើសលប់នេះទេ»។
ក្រសួងពាណិជ្ជកម្មកម្ពុជា ធ្លាប់បានអះអាងថា ទំនិញកម្ពុជាជាង ៣០០ មុខអាចនឹងនាំទៅចិនដោយមិនគិតពន្ធនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលរំពឹងចូលធរមាននៅដើមឆ្នាំ ២០២២ ខាងមុខ។ ក្នុងចំណោមមុខទំនិញជាង ៣០០ នេះ គឺផលិតផលកសិកម្ម ៩៥ ភាគរយត្រូវរួចពន្ធសម្រាប់ការនាំចេញ។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនាដើមខែកក្កដានេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលប្រទេសទាំង ២ ផ្តល់សច្ចាប័នកម្ពុជារំពឹងនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា ការទទួលបានទីផ្សារកាន់តែធំទូលាយ ដោយសារមានកម្មវិធីបញ្ចុះពន្ធដែលក្នុងភាគីកម្ពុជាទទួលបានភាពអនុគ្រោះច្រើនជាងអ្វីដែលកម្ពុជាផ្ដល់ឱ្យភាគីចិន, លំហូរទំនិញពីកម្ពុជានឹងមានភាពងាយស្រួលជាងមុន និងឱកាសទាក់ទាញវិនិយោគពីក្រៅប្រទេសចូលមកវិនិយោគនៅកម្ពុជា។
លោកអះអាងថា៖ «កិច្ចព្រមព្រៀងនេះនឹងរួមចំណែកច្រើនក្នុងការជំរុញផលិតកម្មក្នុងស្រុកជាពិសេសវិស័យកសិកម្មមួយចំនួនដូចជាចេក ស្វាយ ដំឡូង មៀន ស្វាយចន្ទីជាដើម»។
កម្ពុជា-ចិន គ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២៣។ ពាណិជ្ជកម្មកម្ពុជា-ចិនក្នុងឆ្នាំ ២០២០ មានតម្លៃ ៩,៥៦ លានដុល្លារ កើន ១,៤ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។ នេះបើតាមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ការវិនិយោគរបស់ចិនបានឈរនៅលំដាប់ទី ១ ក្នុងឆមាសទី ១ នេះដែលមានទឹកប្រាក់ប្រមាណ ២ ពាន់លានដុល្លារ ដោយរួមចំណែក ៦៩ ភាគរយនៃការវិនិយោគសរុប។
យោងតាម CDC គិតត្រឹមឆមាសទី១ ឆ្នាំ ២០២១ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មចំនួន ៨៧ គម្រោងជាមួយនឹងទុនវិនិយោគសរុបជាង ២ ៩៦៩, ៦២ លានដុល្លារ៕ LA
វីដេអូ៖