ភ្នំពេញៈ ក្រុមហ៊ុន ឌីប៊ីឌី អ៊ីនជីនារីង ម.ក (DBD Engineering & Construction) នឹង​ធ្វើការ​បោះ​ផ្សាយ​មូលបត្រ​កម្មសិទ្ធិ​របស់ខ្លួន​លើ​ទីផ្សារ​កំណើន​នៃ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​ចំនួន​ជាង ៦,៤ ​លាន​ភាគហ៊ុន​ក្នុង​ការកៀរគរ​ទុន​ពី​សាធារណជន​ប្រមាណ ៣ លាន​ដុល្លារ​ដើម្បី​ពង្រីក​អាជីវកម្ម​។ ក្រុមហ៊ុន​នេះ​នឹង​ក្លាយជា​ក្រុមហ៊ុន​ទី​១ ដែល​បោះផ្សាយ​លើ​ទីផ្សារ​កំណើន​នៃ CSX ដែល​បានដាក់​ដំណើរការ​តាំងពី​ឆ្នាំ​ ២០១៥​។

លោក នាង វិធី នាយក​គ្រប់គ្រង​ក្រុមហ៊ុន DBD នៅក្នុង​កម្មវិធី​រ៉ូដសូ​នៃ​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​ (IPO) ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ១៩ ខែកក្កដា និយាយថា ក្រុមហ៊ុន​ ឌីប៊ីឌី ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៩៥ ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទឹកភ្លើង ម៉ាស៊ីន​ត្រជាក់​ដល់​មន្ទីរពេទ្យ និង​គេហដ្ឋាន ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​សាធារណជន​។

លោក​បន្តថា ក្រុមហ៊ុន​បាន​ទទួល​ការអនុញ្ញាត​ពី​និយតករ​មូលបត្រ​កម្ពុជា​ក្នុង​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​នៅ​ថ្ងៃទី​ ២៤ ខែ មិថុនា ឆ្នាំ​ ២០២១​។

ក្រុមហ៊ុន ឌីប៊ីឌី នឹង​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​កំណើន​នៃ​ផ្សារមូលបត្រ​កម្ពុជា​ បន្ទាប់ពី​ទទួលបាន​ជយលាភី​ក្នុង​កម្មវិធី​ឧត្តមភាព​លើក​ទី​ ១ ដែល​បាន​រៀបចំ​ឡើង​ដោយ​និយតករ​មូលបត្រ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៨​។ ក្រុមហ៊ុន​ឌីប៊ីឌី និង​ក្រុមហ៊ុន SBI បានចាប់ផ្តើម​រៀបចំ​ការងារ​ពាក់ព័ន្ធ​តាំងពី​ត្រីមាស​ទី​ ៤ នៃ​ឆ្នាំ​ ២០១៨ មក​ម្ល៉េះ​។

លោក​និយាយថា​៖ «​ខ្ញុំ​សង្ឃឹមថា ក្រុមហ៊ុន DBD នឹង​ទទួល​បាន​ការគាំទ្រ​ពី​វិនិយោគិន​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឈាន​ជំហាន​ជោគជ័យ​ក្នុង​ផ្សារមូលបត្រ​កម្ពុជា និង​ពង្រីក​សក្តានុពល​អាជីវកម្ម​ខ្លួន​បន្ថែមទៀត​»​។

លោក​បន្ថែមថា DBD នឹង​ចាប់ផ្តើម​លក់​ចាប់ពី​ថ្ងៃទី​ ២៦ ខែកក្កដា ដល់​ថ្ងៃទី​ ១៨ ខែសីហា​។

លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​និយតករ​មូលបត្រ​កម្ពុជា​បាន​ឱ្យ​ដឹងថា ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការជម្នះ​រាល់​ឧបសគ្គ​នានា​ដើម្បី​ទទួលបាន​ជោគជ័យ​លើ​ការបោះ​ផ្សារមូលបត្រ​កម្មសិទ្ធិ​នាពេលនេះ គឺជា​សក្ខីកម្ម​មួយ​ដែល​ក្រុមហ៊ុន​នឹង​ទទួលបាន​ការចុះបញ្ជី​លើ CSX នាពេល​ដ៏ខ្លី​ខាងមុខ​។

លោក​ថ្លែងថា​៖ «DBD គឺជា​ក្រុមហ៊ុន​ទី​១ ដែល​នឹង​ចូល​ទីផ្សារ​កំណើន​ចំ​ពេលដែល​ប្រទេស​យើង និង​បណ្តា​ប្រទេស​នានា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ដូច្នេះ​ការបន្ត​ទៅមុខ​របស់​ក្រុមហ៊ុន DBD ក្នុងការ​ចុះបញ្ជី​នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា​នៃ​ទីផ្សារ​កំណើន គឺជា​ឆន្ទៈ​ដ៏មុតស្រួច​ដែល​យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ​និយតករ​មូលបត្រ​កម្ពុជា និង​ផ្សារមូលបត្រ​កម្ពុជា​ពិតជា​ស្វាគមន៍ និង​អបអរសាទរ​សម្រាប់​កម្មវិធី​រ៉ូដសូ ថ្ងៃនេះ​»​។

លោក ហុង សុខហួរ អគ្គនាយក​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​លើកឡើង​ថា គិតដល់​ថ្ងៃទី​ ១៩ ខែកក្កដា​នេះ CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន ១៣ ​ដែល​រួមមាន​ក្រុមហ៊ុន ៧ បាន​ចុះបញ្ជី​ជា​ភាគហ៊ុន និង ៦ ទៀត​បាន​ចុះបញ្ជី​ជា​សញ្ញា​បណ្ណ​។

ក្រុមហ៊ុន​ទាំង ១៣ ​នេះ​បាន​ប្រមូល​ទុន​ពី​ទីផ្សារ​សរុប​ប្រមាណ​ជាង ២៥៣ ​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​ទាំងនេះ​មិន​ត្រឹមតែ​មាន​លទ្ធភាព​ទទួល​បាន​នូវ​ប្រភព​ទុន​ដែលមាន​ថ្លៃដើម​ទាប និង​ជា​ប្រភព​ទុន​រយៈពេល​វែង​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលបាន​ការលើកទឹកចិត្ត​ពន្ធដារ​ពី​រដ្ឋាភិបាល ទទួល​បាន​ការកើនឡើង​នូវ​កិត្តិនាម​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ និង​ជាពិសេស​ទទួល​បាន​នូវ​ទំនុកចិត្ត​បន្ថែម​ពី​សាធារណជន និង​វិនិយោគិន​។

លោក​អះអាង​ថា​៖ «​ខ្ញុំ​សង្ឃឹមថា​ជាមួយ​វត្តមាន​ថ្មី​របស់ DBD ដែល​រំពឹងថា​នឹង​អាច​ចុះបញ្ជី​បាន​ក្នុងពេល​ឆាប់ៗ​នេះ នឹង​ធ្វើជា​គំរូ​ល្អ​មួយ​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែលមាន​សក្តានុពល ពិចារណា​ធ្វើ​ពិពិធកម្ម​ប្រភព​ទុន​តាមរយៈ​ផ្សារហ៊ុន​។ ការណ៍​នេះ​បញ្ជាក់ថា ទីផ្សារ​ហ៊ុន​មិន​សម្រាប់តែ​ក្រុមហ៊ុន​ធំៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​គាំទ្រ​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ផងដែរ​»៕ LA