ភ្នំពេញៈ កម្ពុជា​ទទួលបាន​ប្រាក់​ជិត ១,៩ ​ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ កើនឡើង​ជិត ៥០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​បូកសរុប​ការងារ​គយ​ និង​រដ្ឋាករ​ប្រចាំឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ឱ្យដឹងថា ចាប់ពី​ខែមករា​ដល់​ខែមិថុនា ឆ្នាំ​ ២០២១ ការនាំចេញ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ មាន​ទឹកប្រាក់​សរុប ១ ៨៩៩,៧ ​លាន​ដុល្លារ កើនឡើង ៤៩,៩ ​ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ១ ២៦៧,២ ​លាន​ដុល្លារ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា កំណើន​ល្អប្រសើរ​នៃ​ការនាំចេញ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ​បាន​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើ​ពិពិធកម្ម​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​។ ផលិតផល​ទាំងនោះ​មានដូចជា កង់ គ្រឿង​បំណែក​អេឡិចត្រូនិក បង្គំ​ខ្សែភ្លើង គ្រឿងបន្លាស់​រថយន្ត អំពូល​លម្អ កុងផ្លាកេ និង​ផលិតផល​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​លើកឡើង​ថា ចាប់តាំងពី​ការផ្ទុះ​ឡើង​ជំងឺ​កូវីដ​ ១៩ កំណើន​នៃ​ការនាំចេញ​ផលិតផល​មិនមែន​វាយនភណ្ឌ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​កើនឡើង​ជា​បន្តបន្ទាប់ ដែល​កំណើន​នេះ​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ខ្សែចង្វាក់​ផលិតកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​ធុន​ស្រាល ទៅជា​ឧស្សាហកម្ម​ធំៗ និង​ទំនើប​។

លោក​បន្ថែមថា កំណើន​ការនាំចេញ​ផលិតផល​មិនមែន​កាត់ដេរ គឺ​ដើរ​ស្រប​នឹង​បដិវត្ត​ឧស្សាហកម្ម​ទី​ ៤.០ និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​ ២០១៥-២០២៥ ព្រមទាំង​ច្បាប់​វិនិយោគ​ថ្មី​ដែល​ទើបត្រូវ​គណៈរដ្ឋមន្ត្រី​អនុម័ត​កាលពីពេល​ថ្មីៗ​នេះ​។

លោក​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៩ ខែកក្កដាថា​៖ «​កំណើន​នាំចេញ​ផលិតផល​មិនមែន​កាត់ដេរ គឺជា​សញ្ញា​ល្អ​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ ព្រោះ​វា​គឺជា​ចំណុច​ចាប់ផ្តើម​ដ៏សំខាន់​ក្នុង​ការឈាន​ទៅ​ឧស្សាហកម្ម​ធុន​ធ្ងន់ ដែល​ប្រទេស​អភិវឌ្ឍន៍​សុទ្ធតែ​ចង់បាន និង​មាន​និរន្តរភាព​យូរ​»​។

បើតាម​លោក លឹម ហេង ប្រទេស​មួយចំនួន​បច្ចុប្បន្ន​គេ​មិនសូវ​ចង់បាន​ការវិនិយោគ​លើ​វិស័យ​កាត់ដេរ​នោះទេ ព្រោះ​ជា​ឧស្សាហកម្ម​ធុន​ស្រាល​ (​មិនសូវ​បង្កើត​កម្លាំង​ពលកម្ម​ជំនាញ និង​អ្នកវិនិយោគ​ងាយ​រើ​ទៅ​កន្លែង​ផ្សេង​)​។ ទោះយ៉ាងណា​លោក​បញ្ជាក់ថា​៖ «​សម្រាប់​ខ្ញុំ​បើ​អាច​ទទួលបាន​ទាំង ២ គឺ​កាន់តែ​ប្រសើរ ដើម្បី​ឱ្យ​វិស័យ​ទាំង ២ មាន​ដំណើរការ​ល្អ​ព្រមៗ​គ្នា​ក្នុង​ការបង្កើត​ការងារ និង​ចំណូល​ជាតិ​»​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​បាន​ប្រាប់ថា ការធ្វើ​ពិពិធកម្ម​ផលិតផល​នាំចេញ គឺ​មាន​ភាពចាំបាច់​សម្រាប់​កម្ពុជា​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច តាមរយៈ​ការបង្កើន​សក្តានុពល​នាំចេញ​ផលិតផល​ច្រើន​មុខទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ ខណៈ​ផលិតផល​កាត់ដេរ​ដែលជា​មុខព្រួញ​នាំចេញ​សំខាន់​កម្ពុជា កំពុង​ជួបនឹង​បញ្ហា​ប្រឈម​ជាច្រើន​បណ្តាល​មកពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ និង​ការផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​ធំៗ​លើ​ពិភពលោក​។

លោក​ប្រាប់ថា​៖ «​ការធ្វើ​ពិពិធកម្ម​ការនាំចេញ​ក្រៅពី​កាត់ដេរ​នឹង​ជួយ​ឱ្យ​ទីផ្សារ​កម្ពុជា​កាន់តែ​រឹងមាំ និង​មាន​គោលដៅ​កាន់តែច្រើន​»៕ LA