
TSC និង CAFT ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) កាលពីថ្ងៃទី ១៦ កក្កដា។ រូបថត TSC
ភ្នំពេញៈ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» (TSC) ស្ថិតក្រោមឆត្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (CAFT) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងដើម្បីកិច្ចសហប្រតិបត្តិការលើកស្ទួយបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលកាសែតភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១។
លោក តាំង ងួនលី នាយកនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និង លោក ប៉ិល រ៉េម៉ីស៊ីសុផុន ប្រធានសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានចុះហត្ថលេខាលើ MoU នេះកាលពីថ្ងៃទី ១៦ ខែកក្កដា។
MoU នេះធ្វើឡើងដើម្បីសម្រេចនូវគោលដៅរួមក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ធុរកិច្ចថ្មី បច្ចេកវិទ្យា និងផ្នែកសំខាន់ៗមួយចំនួនទៀតដែលនឹងជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា។ MoUនេះក៏ធ្វើឡើងដើម្បីលើកស្ទួយគុណភាពសហគ្រិន និងវិនិយោគិននៅប្រទេសកម្ពុជាផ្ទាល់ ក៏ដូចជានៅក្រៅប្រទេសដែលមានចំណាប់អារម្មណ៍ចំពោះការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មានបន្តថា កិច្ចសហប្រតិបត្តិការនេះទៀតសោត ក៏នឹងផ្តោតទៅលើការអភិវឌ្ឍក្របខ័ណ្ឌឌីជីថលលើបច្ចេកវិទ្យាថ្មីៗ បច្ចេកវិទ្យាហិរញ្ញវត្ថុ ធុរកិច្ចថ្មី និងសហគ្រិននៅក្នុងប្រទេសកម្ពុជាឱ្យសមស្របទៅនឹងឌីជីថលូបនីយកម្ម ទីផ្សារឌីជីថលក្នុងសតវត្សរ៍ទី ២១។
មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ថែមទាំងមានបំណងសហការគ្នាអភិវឌ្ឍ Sandbox ដែលជំរុញឱ្យមានឌីជីថលូបនីយកម្មទៅលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសហគ្រិនភាពផ្នែកបច្ចេកវិទ្យា និង កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងវិស័យសាធារណៈ។
លោក ងួនលី បន្ថែមថា MoU នេះបង្ហាញពីការខំប្រឹងប្រែងទ្វេភាគីក្នុងការជំរុញ និងសម្របសម្រួល ដើម្បីអភិវឌ្ឍ និងលើកស្ទួយធុរកិច្ចថ្មីក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធអេកូឡូស៊ីឌីជីថលបច្ចេកវិទ្យាទាំងមូល។
លោកថ្លែងទៀតថា៖ «មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការនេះតាមរយៈកម្មវិធីពន្លឿនអាជីវកម្មរបស់មជ្ឈមណ្ឌលនាពេលខាងមុខ»។
លោកស្រី WeenaLlona នាយកប្រតិបត្តិសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជាបានឱ្យដឹងថា ដើម្បីឈានចូលទំនើបកម្មនាពេលអនាគត កិច្ចសហការនេះត្រូវផ្តោតទៅលើយុវជន និងបុគ្គលដែលមានទេពកោសល្យ។ លោកស្រីនិយាយថា៖ «យើងមានក្តីរីករាយដែលបានធ្វើការជាដៃគូជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នឹងជំរុញឱ្យមានកំណើននៃសហគ្រិនភាពរបស់កម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍនៃបច្ចេកវិទ្យា បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសហគ្រិនភាពកម្រិតពិភពលោក»។
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដែលមានកាតព្វកិច្ចក្នុងការពន្លឿនអាជីវកម្មធុរកិច្ចថ្មីដោយបង្កើនសមត្ថភាពសហគ្រិនភាព និងនវានុវត្តន៍តាមរយៈកម្មវិធី និងសេវាកម្មរបស់ខ្លួន។
ចំណែកសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជាមានបំណងលើកស្ទួយប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសឈានមុខគេក្នុងតំបន់ឥណ្ឌូ-ចិនក្នុងការច្នៃប្រឌិត និងការវិនិយោគក្នុងវិស័យ FinTech៕ LA