ទីក្រុងហុងកុងៈ តម្លៃ​ភាគហ៊ុន​អាស៊ី​បន្ត​ការខាតបង់​កាលពី​ថ្ងៃ​អង្គារ ដោយសារ​តែ​វីរុស​ជំងឺ​កូវីដ​វ៉ារ្យង់​ Delta រីករាលដាល​យ៉ាង​រហ័ស ជំរុញ​ឲ្យ​មាន​ការបារម្ភ​ជុំវិញ​ការស្ទុះ​ងើបឡើង​វិញ​សេដ្ឋកិច្ច​តាម​ការរំពឹងទុក​។

ក្រុម​វិនិយោគិន​បារម្ភ​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ថ្មីៗ​នេះ តាមរយៈ​ទិន្នន័យ​ដែល​បង្ហាញ​វីរុស​ឆ្លង​ខ្ពស់បំផុត កើនឡើង​ទូទាំង​ពិភពលោក ដែល​បង្ខំ​ឲ្យ​រដ្ឋាភិបាល​មួយ​ចំនួន​ត្រូវដាក់​ជាថ្មី​នូវ​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​។

សូម្បីតែ​ប្រទេស​ជាច្រើន​ដែល​មាន​អត្រា​ការចាក់​វ៉ាក់សាំង​កើនឡើង​ក៏ដោយ ក៏បាន​មើលឃើញ​ការកើនឡើង​ខ្លាំង​ក្នុង​ការឆ្លង​ថ្មី​ផងដែរ ទោះបីជា​ក្រុម​អ្នក​អង្កេត​ចង្អុល​បង្ហាញថា ការចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ និង​ការស្លាប់​កំពុង​រក្សា​ការធ្លាក់ចុះ ដោយសារ​តែ​ការចាក់​វ៉ាក់សាំង​ក៏ដោយ​។

ភាពតានតឹង​ផ្នែក​នយោបាយ​ដែល​កើនឡើង​ខ្លាំង​ក៏​ជា​ឥទ្ធិពល​មួយ​ផងដែរ បន្ទាប់ពី​អាមេរិក​បាន​ចោទប្រកាន់​ទីក្រុង​ប៉េកាំង​ពី​បទ​អនុវត្ត​ការវាយលុក​ទ្រង់ទ្រាយ​ធំ​នៃ​ក្រុមហ៊ុន Microsoft និង​បាន​ចោទប្រកាន់​ជនជាតិ​ចិន ​៤ ​នាក់ ខណៈ​ដែល​ការប្រមូលផ្ដុំ​សម្ព័ន្ធមិត្ត​នៅក្នុង​ការថ្កោលទោស​រួមគ្នា​ដ៏កម្រ​មួយ​ពី​បទ​សកម្មភាព​អ៊ិនធឺណិត «​ដែល​កំពុង​វាយលុក​»​។ ប្រទេស​ចិន​បាន​បដិសេធ​ការអះអាង​នេះ​ថា ជាការ «​គ្មាន​មូលដ្ឋាន និង​មិនមាន​ការទទួល​ខុសត្រូវ​ទាំងស្រុង​»​។

លោក​ Tapas Strickland នៅ​ធនាគារជាតិ​អូស្ដ្រាលី​បាន​ថ្លែងថា​៖ «​អ្វីដែល​ទំនង​ជា​កំពុង​ទាក់ទង​ និង​ទីផ្សារ​នៅពេលនេះ គឺថា​ក៏មាន​ការកើនឡើង​ការឆ្លង​ដែល​កើតឡើង​នៅក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ដែល​មាន​ការចាក់​វ៉ាក់សាំង​កម្រិត​ខ្ពស់​ផងដែរ​»​។

ការណ៍​នេះ​បង្ហាញថា​៖ «​ប្រជាជន​ដែល​ចាក់​វ៉ាក់សាំង​ពេញលេញ ខណៈ​ដែល​ត្រូវបាន​ការពារ​មិន​ឲ្យ​មាន​ការឆ្លង​ធ្ងន់ធ្ងរ និង​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​អាច​នៅតែ​ចម្លង​វីរុស​នេះ​បាន​»​។

លោក​បន្ថែមថា​៖ «​ការរឹតបន្តឹង​ការរីករាលដាល​វីរុស គឺជា​ការចាំបាច់​ត្រូវធ្វើឡើង​ក្នុង​រយៈពេល​កាន់តែ​វែង (​ឬ​សូម្បីតែ​ការណែនាំ​ជាថ្មី​) រហូត​ដល់​អត្រា​ការចាក់​វ៉ាក់សាំង​កើនឡើង​បន្ថែមទៀត និង​ការចាក់​វ៉ាក់សាំង​ពេញលេញ​គឺ​អាច​ធ្វើឡើង​ដល់​មនុស្ស​គ្រប់គ្នា​ដែល​ចង់​ចាក់​» ៕ LA