ភ្នំពេញៈ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃទី​ ១៩ ខែកក្កដា បានចាប់ផ្ដើម​ធ្វើការ​ពិគ្រោះ​យោបល់​លើ​ច្បាប់ពាណិជ្ជកម្ម​ថ្មី​ក្នុង​គោលបំណង​ ដើម្បី​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​រួមមាន​ទាំង​កម្ពុជា ខណៈ​រដ្ឋាភិបាល​កម្ពុជា​រំពឹងថា នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​តាមរយៈ​កម្មវិធី​នេះ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​ដោយ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ១៩ ខែកក្កដា ផែនការ​ពាណិជ្ជកម្ម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ (DCTS) ​របស់​ចក្រភព​អង់គ្លេស គឺជា​ឱកាសល្អ​មួយ​ក្នុងការ​ធ្វើឱ្យ​រីកចម្រើន​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី និង​យុត្តិធម៌​ជាមួយ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា ផែនការ​ដែល​លើកឡើង​នេះ​នឹង​អនុវត្ត​ចំពោះ​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ចំនួន​ ៧០ នៅពេល​បច្ចុប្បន្ន និង​រួមទាំង​ការកែលម្អ​ដូចជា ពន្ធ​នាំចូល​កាន់តែ​ទាប និង​ច្បាប់​នៃ​លក្ខខណ្ឌ​តម្រូវ​ប្រភពដើម​កាន់តែ​ងាយស្រួល​សម្រាប់​ប្រទេស​ជាច្រើន ដែល​នាំចេញ​ទំនិញ​ទៅ​ចក្រភព​អង់គ្លេស​អាច​ឱ្យ​ប្រទេស​ទាំងនោះ​ធ្វើ​ពិពិធកម្ម​ការនាំចេញ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​ពួកគេ​រីកចម្រើន​។

លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា បានឱ្យដឹងថា ផែនការ DCTS ដែល​លើកឡើង​នេះ​ផ្ដល់​សញ្ញា​ថា តម្រូវការ​របស់​ចក្រភព​អង់គ្លេស​នឹង​លើក​កម្ពស់​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី និង​យុត្តិធម៌ ព្រមទាំង​បង្ហាញ​ការប្ដេជ្ញាចិត្ត​ចំពោះ​កម្ពុជា តាមរយៈ​ការជំរុញ​ក្រុមហ៊ុន​កម្ពុជា​ចូលទៅ​ទីផ្សារ​ចក្រភព​អង់គ្លេស​បាន​យ៉ាង​ងាយស្រួល​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សូម​ជំរុញ​ឱ្យ​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា រួមចំណែក​ដល់​ការពិគ្រោះ​យោបល់​ដ៏សំខាន់​នេះ ដែល​នឹង​បើកចំហ​ដល់​អ្នក​ទាំងអស់​គ្នា​»​។

រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ចង់ឱ្យ​ផែនការ​ថ្មី​របស់ខ្លួន​ក្លាយជា​ផែនការ​ដ៏ល្អ និង​បាន​សិក្សា​ពី​កម្មវិធី​ជាច្រើន​នៅ​ប្រទេស​កាណាដា អាមេរិក ជប៉ុន និង​អឺរ៉ុប មុន​ឈានដល់​ការបង្កើត​វិធីសាស្ដ្រ​មួយ​ដែល​ត្រូវការ​ធាតុ​ផ្សំ​ដ៏រឹងមាំ​បំផុត​របស់​ប្រទេស​នីមួយៗ និង​បង្កើត​វិធីសាស្ដ្រ​ទាំងនោះ​ឡើង​។

ការពិគ្រោះ​យោបល់​លើ​ផែនការ​ថ្មី​របស់​ចក្រភព​អង់គ្លេស ដំណើរការ​រយៈពេល​ ៨ ​សប្ដាហ៍ និង​ស្វែងរក​ការពិនិត្យមើល​គ្រប់​វិស័យ​ទាំងអស់​ដែល​រួមមាន ក្រុមហ៊ុន សាធារណជន ក្រុមសង្គម​ស៊ីវិល អតិថិជន សមាគម ដៃគូ រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ដែល​ចាប់អារម្មណ៍​ផ្សេងទៀត​។

ផែនការ​ពាណិជ្ជកម្ម​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​របស់​ចក្រភព​អង់គ្លេស​នឹង​អនុវត្ត​ចំពោះ​ប្រទេស​ចំនួន ៤៧ ក្នុង​ក្របខ័ណ្ឌ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​ (LDCF) និង​បណ្ដា​ប្រទេស ២៣ ​បន្ថែមទៀត​ដែល​ត្រូវ​ចាត់ថ្នាក់​ដោយ​ធនាគារពិភពលោក ជា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា នេះ​គឺជា​ប្រព័ន្ធ​អនុគ្រោះ​ថ្មី​មួយ​ដែល​គេ​ទើបនឹង​ដាក់ឱ្យ​ពិភាក្សា​គ្នា ប៉ុន្តែ​កម្ពុជា​ទទួល​ស្វាគមន៍​នូវ​រាល់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទាំងឡាយ​ណា​ដែល​ផ្តល់​ប្រយោជន៍​សម្រាប់​ការពង្រីក​ទីផ្សារ និង​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​បើ​ប្រព័ន្ធ​អនុគ្រោះ​ថ្មី​នេះ វា​មាន​លក្ខណៈ​ងាយស្រួល​ជាង​ការអនុវត្ត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ចាស់ GSP របស់​អង់គ្លេស យើង​ស្វាគមន៍ ហើយ​យើង​គិតថា នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការពង្រីក​ទីផ្សារ​របស់​យើង​ទៅកាន់​ចក្រភព​អង់គ្លេស​»​។

លោក​បាន​បន្ថែមថា សព្វថ្ងៃ​កម្ពុជា​ទទួល​បាន​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​រួចហើយ​គឺ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម GSP របស់​ចក្រភព​អង់គ្លេស​ដែល​ផ្តល់ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច​ (LDC) ដែល​ប្រព័ន្ធ​នេះ​តម្លៃ​ស្មើនឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហគម​អឺរ៉ុប​ដែរ​។

លោក​ឱ្យដឹងទៀតថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​បាន​បន្ត​កើន​ឡើងជា​លំដាប់​ជាក់ស្តែង​ក្នុង​រយៈពេល ៥ ខែ​ដើម ២០២១ នេះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មានតម្លៃ ២៥៨,៤៥ លាន​ដុល្លារ​ក្នុងនោះ កម្ពុជា​នាំចេញ​ទៅ​ចក្រភព​អង់គ្លេស​ ២៣៩,៧៣ ​លាន​ដុល្លារ ខណៈ​កម្ពុជា​នាំចូល​ ១៨,១៧ ​លាន​ដុល្លារ​៕LA