ភ្នំពេញៈ ក្រុមហ៊ុន Phnom Penh SEZ Plc(PPSP) ដែលជា​ប្រតិបត្តិករ​សួន​ឧស្សាហកម្ម​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​កម្ពុជា​បាន​ទិញ​ភាគហ៊ុន​ដែល​នៅសល់ ៤០ ​ភាគរយ​ប្រកប​ដោយ​ជោគជ័យ​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​សំណង់ Sahas E&C Co Ltd''s (Sahas) ពី LCH ដែលជា​ក្រុមហ៊ុន​ដៃគូ​វិនិយោគ​រួម បន្ទាប់ពី​មានការ​អនុញ្ញាត​ពី​និយតករ​មូលបត្រ​កម្ពុជា​។

យោងតាម​សេចក្ដី​ជូនដំណឹង​របស់​ក្រុមហ៊ុន PPSP ទៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) កាលពី​ថ្ងៃទី​ ១៩ ខែកក្កដា ក្រុមហ៊ុន Phnom Penh SEZ Plc បានប្រកាស​ប្រាប់​ដល់​វិនិយោគិន និង​សាធារណជន​ថា ក្រុមហ៊ុន PPSP បានទទួល​ការកាន់កាប់​ភាគហ៊ុន​ទាំងស្រុង​លើ​ក្រុមហ៊ុន Saha E&C Co.,Ltd ដែល​ពីមុន​គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ PPSP កាន់កាប់​ភាគហ៊ុន ៦០ ​ភាគរយ និង​ ៤០ ​ភាគរយ​ទៀត​កាន់កាប់​ដោយ​ក្រុមហ៊ុន LCH ក្រោម​ការអនុញ្ញាត​ពី​និយតករ​មូលបត្រ​កម្ពុជា កាលពី​ថ្ងៃទី​ ១៨ ខែមីនា ឆ្នាំ​ ២០២១​។

សេចក្ដី​ជូនដំណឹង​ឱ្យដឹងថា​៖ «​ការកាន់កាប់​ភាគហ៊ុន​ថ្មី​នេះ ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ១១ ខែ ឧសភា ឆ្នាំ​ ២០២១​។ ដូច្នេះ​ក្រុមហ៊ុន Sahas E&C Co.,Ltd ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង​ដោយ PPSP ចាប់ពី​ពេលនេះ​តទៅ​។ បច្ចុប្បន្ន​យើង​កំពុង​រង់ចាំ​លិខិត​អនុម័ត​នៃ​ការបង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​ភាគហ៊ុន​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT)»​។

តាម​ឯកសារ​មួយ​ផ្ញើ​ទៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) កាលពី​ថ្ងៃទី​ ២២ ខែមីនា ក្រុមហ៊ុន PPSP ឱ្យដឹងថា ក្រុមហ៊ុន Sahas បាន​ចូលរួម​ភាគច្រើន​នៅ​គ្រប់​វិស័យ​សំណង់ និង​ការងារ​សាងសង់​។

PPSP បានឱ្យដឹង​ទៀតថា លោក Baker Tilly ជា​សវនករ​ដែល​បានតែងតាំង បាន​គណនា​តម្លៃ​ចុងក្រោយ​សម្រាប់​ការទិញ​ភាគហ៊ុន​នេះ ត្រូវ​បង់​ជា​ ២ ​លើក គឺ​ទី​១ ចំនួន ៥០០ ០០០ ​ដុល្លារ​នៅ​ថ្ងៃទី​ ១៨ ខែមីនា និង​លើក​ទី​២ ចំនួន ៦៧២ ៥១៤,៨២ ​ដុល្លារ​មុន​ថ្ងៃទី​ ១៤ ខែមេសា​។

លោក Hiroshi Uematsu អគ្គនាយក​ក្រុមហ៊ុន​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ខែមីនា​ថា ក្រុមហ៊ុន PPSP បាន​បង្កើត​ក្រុមហ៊ុន Sahas កាលពី​ឆ្នាំ​ ២០១៧ «​ដើម្បី​ទទួលបាន​គម្រោង​ពី​ខាងក្រៅ Phnom Penh SEZ ព្រមទាំង​ខាងក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​យើង​ផងដែរ​» ​ដែល​យោងទៅដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ដែលមាន​ផ្ទៃដី​ទំហំ ៣៥៧,៣ ​ហិកតា​ នៅ​ផ្នែក​ភាគ​ខាងលិច​ភ្នំពេញ​។

លោក​បន្តថា​៖ «​ក្រុមហ៊ុន Sahas កំពុង​បង្កើន​ចំណេះធ្វើ​នៃ​សំណង់ ជាពិសេស​សម្រាប់​ផ្លូវថ្នល់ ប្រព័ន្ធ​ទឹក និង​ការសាងសង់​រោងចក្រ​តាមរយៈ​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន PPSEZ»​។

លោក​លើកឡើងថា​៖ «​យើង​គិតថា យើង​អាច​ពង្រីក​សេវាកម្ម​របស់​យើង​នៅ​ខាងក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​វិស័យ​ឧស្សាហកម្ម​»​។

លោក​បន្ថែមថា​៖ «​តាមរយៈ​ការធ្វើ​ដូច្នេះ យើង​អាច​បង្កើន​ប្រាក់ចំណូល​ដែល​កើនឡើង​ផ្ទួនៗ​ពី​ក្រុមហ៊ុន Sahas​។ យើង​បានតែងតាំង​លោក រិទ្ធី លឿង (RithyLoeung) វិស្វករ​ខ្មែរ ជា​អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​នេះ ដើម្បី​ធ្វើ​មូលដ្ឋានីយកម្ម​ប្រតិបត្តិការ​របស់​ក្រុម​យើង​»៕ LA